ព្រះវិហារៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​ចាត់​ឲ្យ​លោក​ គន់ គីម អនុប្រធាន​ទី​ ១ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ ចុះ​ទៅ​ពិនិត្យ​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​ និង​សង់​អគារសិក្សា​ជា​បន្ទាន់​សម្រាប់​ការសិក្សា​របស់​សិស្ស ក្រោយពី​ទទួល​ព័ត៌មាន​ថា​សិស្សានុសិស្ស​អង្គុយ​រៀន​លើ​កម្រាល​តង់​ក្រោម​ដើមឈើ​តាមរយៈ​ការបង្ហោះ​សារ​ដោយ​លោកគ្រូ​-​អ្នកគ្រូ​នៃ​សាលា​បឋមសិក្សា​អូរជុញ ខេត្ត​ព្រះវិហារ​។

ក្រោយពី​បាន​ពិនិត្យ និង​បាន​ស្ដាប់​សេចក្ដី​រាយការណ៍​ដោយ​ផ្ទាល់​ពី​លោកគ្រូ-អ្នកគ្រូ និង​នាយក​គ្រប់គ្រង​សាលា​នេះ​រួច​ពី​ម្សិលមិញ​លោក​ គន់ គីម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សាលា​នោះ​ពិតជា​មាន​ភាពខ្វះខាត​បន្ទប់​សម្រាប់​បង្រៀន​សិស្ស​មែន ហើយ​សិស្ស​ភាគច្រើន​គឺជា​កូនចៅ​របស់​គ្រួសារ​កងទ័ព​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​នេះ​សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត បាន​សម្រេច​ផ្ដល់​អគារ​ ២ ​ខ្នង​មាន​ ១២ ​បន្ទប់ ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង ដល់​លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលា​នេះ ដើម្បី​ឲ្យ​ក្មួយៗ​សិស្សានុសិស្ស អង្គុយ​រៀនសូត្រ​ប្រកប​ដោយ​ផាសុកភាព​»​។ លោក​ គន់ គីម ក៏បាន​ឲ្យ​ដឹងថា ដំណើរការសាងសង់​អគារសិក្សា​ចំនួន​ ២ ​ខ្នង​មាន​ ១២ ​បន្ទប់​នោះ​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ខែ​ក្រោយនេះ​។

សាលាបឋមសិក្សា​អូរជុញ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សែន​រុងរឿង​ ១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​មាន​សិស្ស​សរុប​ចំនួន​ ៤២៥ ​នាក់ ក្នុង​នោះ​សិស្សស្រី​ ២៣៤ ​នាក់ និង មាន​បន្ទប់រៀន​ចំនួន​ ៥ ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។ នេះ​បើ​យោង​តាម​ការអះអាង​របស់​លោក​ ស៊ីម សុខលីម ជា​គ្រូបង្រៀន​ម្នាក់​នៅក្នុង​សាលា​នេះ​កាលពី​ម្សិលមិញ​។

លោក​ថ្លែងថា​៖ «​ដោយសារ​កង្វះ​បន្ទប់​សិក្សា និង​ដោយមាន​ការឯកភាព​ពី​លោកនាយក​គ្រប់គ្រង​សាលា យើងខ្ញុំ​ជា​គ្រូបង្រៀន​បាន​សម្រេច​ចិត្ត​នាំគ្នា​បង្រៀន​សិស្ស​នៅក្រោម​ដើមឈើ ដោយ​ក្រាល​តង់​កៅស៊ូ​ឲ្យ​សិស្ស​អង្គុយ​រៀន​។ សិស្ស​ដែល​អង្គុយ​រៀន​ក្រោម​ដើមឈើ​នោះ ជា​សិស្ស​ថ្នាក់​ទី​ ៥»​។

លោក​រៀបរាប់​ថា កន្លងមក​ពួកគាត់​បានដាក់​សិស្ស​ឲ្យ​រៀន​បញ្ចូល​គ្នា​ដោយ​ក្នុង​ ១ ​បន្ទប់​ មាន​សិស្ស​ពី​ ៧០-៨០ ​នាក់​។ យោងតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ ពួកគាត់​មិនអាច​ដាក់​សិស្ស​ឲ្យ​រៀន​បញ្ចូល​គ្នា​នូវ​ចំនួន​ដ៏ច្រើន​បែបនេះ​ទេ​។ ប៉ុន្តែ​នៅពេល​ពួកគាត់ បំបែក​សិស្ស​ឲ្យ​រៀន​តាម​ថ្នាក់ និង​តាម​កម្រិត​នីមួយៗ​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង អប់រំ​ធ្វើឲ្យ​សាលា​ខ្វះខាត​បន្ទប់រៀន​កាន់តែ​ច្រើន​ថែមទៀត ជាហេតុ​នាំ​ឲ្យ​ពួកគាត់​ចាំបាច់​ត្រូវតែ​បង្រៀន​សិស្ស​នៅក្រោម​ដើមឈើ​។

បើ​តាម​លោក​ សុខលីម ការថត​បង្ហោះ​នូវ​រូបភាព​សិស្ស​រៀន​ក្រោម​ដើមឈើ​នេះ គឺ​ដោយសា​តែ​ពួកគាត់​អាណិតអាសូរ​ដល់​សិស្ស និង​ដើម្បី​ស្វែងរក​ជំនួយ​គាំទ្រ​ពី​សប្បុរសជន​នានា​ក្នុង​ការជួយ​កសាង​រោងដោល​ចំនួន​ ២ ​បន្ទប់​សម្រាប់​ឲ្យ​សិស្ស​អង្គុយ​រៀន​បាន​សមរម្យ​តែ​ប៉ុណ្ណោះ មិន​មាន​ចេតនា​ផ្សេង​នោះទេ​។

លោក​ ចេង លឹមហ៊ន់ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តព្រះវិហារ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​នាំយក​តុ កៅអី​ចំនួន​ ៤៨ ទៅ​ផ្ដល់ជូន​ខាង​សាលាបឋមសិក្សា​អូរជុញ ដើម្បី​ឲ្យ​សិស្ស​អង្គុយ​រៀន​បាន​សមរម្យ និង​ដើម្បី​សិក្សា​ពី​តម្រូវការ​ចាំបាច់ និង​បន្ទាន់​សម្រាប់​សិស្ស និង​លោកគ្រូ-អ្នកគ្រូ នៃ​សាលា​នេះ​។

លោក​បាន​បន្តថា​៖ «​ពេលនេះ​តុ​កៅអី​ទាំងនោះ​បាន​ដឹក​ទៅ​ដល់​សាលារៀន​នោះ​ហើយ​។ ជាមួយ​គ្នា​នេះ​ក្រុមការងារ​របស់​យើង​កំពុង​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​សាងសង់​បន្ទប់រៀន​ធ្វើ​អំពី​ដែក​ប្រក់​ស័ង្កសី​ចំនួន​ ២ ​បន្ទប់ ដើម្បី​ឲ្យ​សិស្ស​រៀន​ជា​បណ្ដោះអាសន្ន​»​។

ជុំវិញ​ករណី​នេះ​លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្នុង​ ១ ​ឆ្នាំៗ​ ក្រសួង​អប់រំ​ទទួល​បាន​ថវិកា​ប្រមាណ​ ១៨ ០០០ ​លាន​រៀល​ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ជួសជុល និង​សាង​សង់​សាលារៀន​។ ចំនួន​នេះ​នៅ​មិនទាន់​គិត​បញ្ចូល​ថវិកា​សាងសង់​ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ដៃគូ​អភិវឌ្ឍន៍​នោះទេ​។

លោក​បន្តថា បើទោះ​ជា​សំណង់​អគារសិក្សា​ជាច្រើន​ត្រូវ​បាន​កសាង​ឡើង​មែន ប៉ុន្ដែ​កត្ដា​ធម្មជាតិ​ជា​កត្ដា​ជះឥទ្ធិពល​មួយ​ផ្នែក​នាំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​រង​ការខូចខាត​មួយចំនួន​។ ក្រសួង​អប់រំ​បាន​បញ្ចេញ​ថវិកា​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ជួសជុល​ក៏ដូចជា​សាងសង់ សំណង់​អគារសិក្សា​ថ្មី​ជូន​សិស្សានុសិស្ស​ដោយ​ធ្វើ​ទៅ​តាម​ឋានានុក្រម​បែបបទ​រដ្ឋបាល ក្រោយពី​ទទួល​បាន​សំណើរមន្ទីរ អប់រំ​ខេត្ដ និង​ពិនិត្យមើល​ជាក់ស្ដែង​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង​អប់រំ​មិន​ធ្លាប់បាន​ព្រងើយកន្ដើយ​ចំពោះ​សាលា​ណាមួយ​នោះឡើយ​។ ពោល​ក្រសួង​តែងតែ​ព្យាយាម​ជានិច្ច ដើម្បី​ផ្ដល់ជូន​ការសិក្សា​ដល់​សិស្ស​គ្រប់​កម្រិតសិក្សា​ដើម្បី​បាន​ទទួល​នូវ​ការអប់រំ​មាន​គុណភាព​»​។

បើ​តាម​លោក​ សុវាចា សាលារៀន​សាធារណៈ​ទាំងអស់​មាន​ ១៣ ៣០០​។ ក្រសួង​អប់រំ​យុវជន និង​កីឡា​បន្ត​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​អគារសិក្សា​នៅ​សាលារៀន​ចំនួន​ ៣៩ សរុបថ​វិកា​ ៧ ២០០ ​លាន​រៀល​ នៅតាម​រាជធានី-ខេត្ត​ចំនួន​ ១៩ រួមមាន ខេត្ត​ពោធិ៍សាត់ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ព្រៃវែង កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង កំពត កំពង់ធំ តាកែវ កោះកុង ព្រះវិហារ មណ្ឌលគិរី រាជធានី-ភ្នំពេញ ក្រចេះ និង​ខេត្ត​សៀមរាប​៕