ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម ដែលថា លោក​បិទប្រទេស ខណៈ​វិបត្តិ​កូវីដ​កំពុង​ផ្ទុះឡើង​នេះ ដោយ​ចាត់ទុកថា ការឃោសនា​អកុសល​នេះ​សំដៅ​ធ្វើ​ឱ្យ​ប្រទេស​មាន​ចលាចល​។ ជាមួយ​គ្នា​នេះ​លោក​បញ្ជា​ឱ្យ​អាជ្ញាធរ​ចែក​ម៉ាស់​ក្រណាត់​ចំនួន​ ២ ​លាន​ម៉ាស់ ដល់​ពលរដ្ឋ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

នៅលើ​ទំព័រ​ហ្វេសប៊ុក​ពី​ម្សិលមិញ​លោក​ ហ៊ុន សែន បាន​សរសេរ​ថា ថ្មីៗ​នេះ​មាន​មនុស្ស​អាក្រក់​មួយចំនួន​បាន​បំផុស​ពាក្យ​ចចាមអារ៉ាម​ថា រាជរដ្ឋាភិបាល នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់​ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ​។

ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​លោក​បញ្ជាក់ថា​៖ «​នឹង​មិនមាន​ការបិទ​ប្រទេស ឬ រាជធានី-ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​។ ការឃោសនា​អកុសល​របស់​ពួក​អាក្រក់​ទាំងនេះ​សំដៅ​ធ្វើឱ្យ​ប្រទេស​មាន​ចលាចល ទំនិញ​ឡើងថ្លៃ ប្រជាជន​រស់នៅ​មិន​បាន​ស្ងប់ចិត្ត ដើម្បី​ពួកគេ​កេងចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​»​។

ក្រៅពី​អះអាង​យ៉ាង​ដូច្នេះ​លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា បញ្ហាសំខាន់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ នៅពេល​នេះ ​គឺ​ប្រជាជន​គ្រប់រូប​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​ការពាក់​ម៉ាស់ ការលាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ ការរក្សា​គម្លាត​សុវត្ថិភាព​។

លោក​បន្ថែមថា​៖ «​សម្រាប់​ការពាក់​ម៉ាស់​ដែល​កាលពី​ម្សិលមិញ​ (​ថ្ងៃ​ពុធ​) ​នេះ​ខ្ញុំ​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់​ចំនួន​ ២ ​លាន​ម៉ាស់​ជូនទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ប្រជាជន​ក្រីក្រ​។ នគរបាល​ចរាចរណ៍​ក៏​នឹង​ជូន​ម៉ាស់​សម្រាប់​អ្នកជិះ​កង់ ជិះ​ម៉ូតូ​ដែល​មិនបាន​ពាក់​ម៉ាស់​។ សូម​បងប្អូន​ពាក់​ម៉ាស់​ទាំងអស់​គ្នា ដើម្បី​យើង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា​ឱ្យបាន​ឆាប់​ដើម្បី​នាំ​ប្រទេស​មកកាន់​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​ ៣ វិច្ឆិកា ២០២០ ​វិញ​»​។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ចែកម៉ាស់​ដល់​ពលរដ្ឋ​ពី​ម្សិលមិញ​។ រូប សហការី

ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាននិង​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ លោក​នាយករដ្ឋមន្ត្រី​នៅតែ​ជំរុញ​ឱ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ហ្មត់ចត់ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​ត្រួតពិនិត្យ និង​ជួយ​ដោះស្រាយ​ជីវភាព​សម្រាប់​គ្រួសារ​ក្រីក្រ​ដែល​មិនអាច​ចេញ​ប្រកប​របរ​រកស៊ី​បាន​ក្នុង​ពេលធ្វើ​ចត្តាឡីស័ក​។

លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​កំពុង​ផ្តាច់ខ្លួន និង​បន្ត​ធ្វើ​ចត្តាឡីស័ក បន្ទាប់ពី​ចូលរួម​ក្នុង​ព្រឹតិ្តការណ៍​ ៣ ​វិច្ឆិកា បានបញ្ជាក់​ពី​ម្សិលមិញ​ថា សុខភាព​របស់​លោក​នៅ​តែ​ស្ថិតក្នុង​ស្ថានភាព​ល្អ​ជា​ប្រក្រតី ហើយ​ការធ្វើ​តេស្ត​ចំនួន​ ២ ​ដង​នៅតែ​ទទួល​លទ្ធផល​អវិជ្ជមាន​។

លោក​រៀបរាប់ថា​៖ «​កម្តៅ​ក្នុង​ខ្លួន​ធម្មតា បាយ​ក៏​បាន សម្រាន្ត​ក៏​ស្រួល​។ ខ្លាច​តែ​ឡើង​គីឡូ​ទៅវិញ​ទេ​! អ្វីដែល​ប្លែក​ខុសពី​មុន គឺ​ក្នុងផ្ទះ​របស់ខ្ញុំ​គឺ​យើង​នាំគ្នា​អនុវត្ត​វិធានការ​ការពារ រឹតត្បិត​យ៉ាង​ហ្មត់ចត់​។ ពាក់​ម៉ាស់​គ្រប់គ្នា គ្រប់ពេល ពាក់​ស្រោមដៃ លាងដៃ​ញឹកញាប់ រក្សា​គម្លាត និង​តាម​សង្កេត​ការប្រែប្រួល​យ៉ាង​ជាប់លាប់​»​។

កាលពី​ម្សិលមិញ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មិនមាន​អ្នក​ឆ្លង​ថ្មី និង​មិនមាន​ករណី​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ​ទេ​។ គិត​ត្រឹម​ថ្ងៃទី​ ១២ វិច្ឆិកា កម្ពុជា​មាន​អ្នកជំងឺ​កូវីដ​ ១៩​ សរុប​ចំនួន​ ៣០១ ​នាក់​ក្នុង​នោះ​ជាសះស្បើយ​ ២៨៨ ​នាក់ និង​គ្មាន​ករណី​ស្លាប់​ទេ​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង និយាយថា ម៉ាស់​ក្រណាត់​ចំនួន​ ២ ​លាន​ម៉ាស់​ត្រូវ​បាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់ជូន​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ចែកជូន​ពលរដ្ឋ​ដោយផ្ទាល់​។

ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការនាំ​ជំងឺ​កូវីដ​ចូល​ប្រទេស ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​ ១១ វិច្ឆិកា បាន​ធ្វើការ​កែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​ដោយ​អនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ចត្តាឡីស័ក ឆ្លើយតប​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង សុខាភិបាល​បញ្ជាក់​ថា រាល់​អ្នក​ដំណើរ​ជា​ជនបរទេស និង​អ្នកដំណើរ​ជា​ជនជាតិខ្មែរ គឺ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ ដើម្បី​រង់ចាំ​លទ្ធផល​តេស្ត​រក​កូវីដ ​១៩​។

ចំណែក​អ្នកដំណើរ​ជា​ជនបរទេស​ដែល​មាន​លិខិតធានា សុខភាព​ក៏​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក និង​ធ្វើតេស្ត​ដូចគ្នា ប៉ុន្តែ​នៅពេល​ទទួល​បាន​លទ្ធផល អវិជ្ជមាន​ជា​លើក​ទី​ ១ ពួកគេ​នឹង​អនុញ្ញាត​ឱ្យ​បំពេញ​ការងារ​ទៅតាម​តារាង​ពេលវេលា​ដែល​បាន​ភ្ជាប់​មក​ជាមួយ ហើយ​បន្ត​ធ្វើ​ចត្តាឡីស័ក​។

មន្ត្រី​នាំពាក្យ​សាលា​រាជធានីភ្នំពេញ​លោក​ មេត មាសភក្តី មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ករណី​ចែក​ម៉ាស់​បាន​ទេ​ពី​ម្សិលមិញ​៕

វីដេអូ៖