
ប្រជាពលរដ្ឋនាំគ្នាចាប់ត្រីនៅបឹងទំពុន ក្នុងខណ្ឌមានជ័យ កាលពីដើមខែមករា។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការបន្តលុបផ្ទៃបឹងមួយចំនួនទៀតនៅក្នុងមូលដ្ឋាននៃរាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍទៅជាទីក្រុង និងសំណង់ផ្សេងៗ ប៉ុន្តែលោកមិនយល់ស្របឱ្យមានការលុបបំបិទមុខចរន្តទឹកហូរនោះទេ។ ការលុបបឹងនៅភ្នំពេញជាបន្តបន្ទាប់កន្លងមកត្រូវបានមជ្ឈដ្ឋានជាច្រើនរិះគន់ ដោយថាការជន់លិចតំបន់មួយចំនួននៃរាជធានីពេលមានជំនន់ទឹកភ្លៀងនោះ គឺដោយសារតែការលុបបឹង។
ថ្លែងក្នុងពិធីសម្ពោធទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២២ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះមិនមែនគ្រាន់តែអភិវឌ្ឍទីក្រុងចាស់នោះទេ ពោលគឺបានពង្រីកពីជាង ៣០០ គីឡូម៉ែត្រការ៉េ ទៅជាង ៧០០ គីឡូម៉ែត្រការ៉េ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីបង្ហាញការធុញទ្រាន់នូវការលើកឡើងរបស់មនុស្សមួយចំនួនជាដដែលៗ ចំពោះការលុបបឹងមួយចំនួននៅក្នុងទីក្រុងភ្នំពេញសម្រាប់ធ្វើការអភិវឌ្ឍ។ លោកបានចោទជាសំណួរថា រដ្ឋាភិបាលមុនៗ អាចលុបបឹងដូចជាបឹងរាំង បឹងកេងកង បឹងព្រលិតជាដើមដើម្បីធ្វើការអភិវឌ្ឍចុះហេតុអ្វី រដ្ឋាភិបាលរបស់លោកមិនអាចលុបបឹងធ្វើការអភិឌ្ឍដូចពីមុនបាន? ។
លោក ហ៊ុន សែន ចោទសួរថា៖ «ឥឡូវខ្ញុំចង់សួរអស់លោកត្រឡប់ទៅវិញ តើទីក្រុងភ្នំពេញកាលពីដើម កន្លែងណាគោក កន្លែងណាទឹក?។ នៅក្នុងទីក្រុងភ្នំពេញសុទ្ធបឹងទាំងអស់ សូម្បីតែផ្ទះរបស់ខ្ញុំនៅលើព្រែក។ វិមានឯករាជ្យកសាងនៅកន្លែងព្រែកតើ។ អ៊ីចឹង មានបឹងរាំង យើងមាន បឹងព្រលិត យើងមានបឹងកេងកង បឹងនេះ បឹងនោះ សុទ្ធតែបឹងទាំងអស់នៅក្នុងទីក្រុងភ្នំពេញ»។
លោកបន្តថា៖ «ចុះពេលនោះគេលុបបាន ហើយឥឡូវខ្ញុំលុបមិនបាន។ មើលមើល៍ និយាយគ្នាបន្តិចមក។ ក្រែងត្រូវការអភិវឌ្ឍ បើវាត្រូវការអភិវឌ្ឍ វាត្រូវការលុប។ ខ្ញុំចេះតែឆ្ងល់ អ្នកដទៃគេអាចធ្វើបាន ជំនាន់មុនគេធ្វើបាន ជំនាន់ខ្ញុំធ្វើមិនបានឬ?។ ប៉ុន្តែ ខ្ញុំមិនយល់ស្របទេ ចំពោះការបិទមុខទឹកដែលបង្វែរចរន្តទឹក ឬបិទមុខទឹក ឧទាហរណ៍ស្ទឹងព្រែកត្នោតជាដើមត្រូវតែទម្លុះទម្លាយមុខរបស់វា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តែងការសោកស្តាយ ចំពោះការចុះហត្ថលេខាលើអនុក្រឹត្យមួយខុសពាក់ព័ន្ធបឹងតាមោក។ ការចុះហត្ថលេខាខុសនោះដោយលោកនិយាយសំដៅទៅលើទឹកឡើងដល់ណា ព្រំដែនទឹកបឹងដល់ទីនោះ។ ប៉ុន្តែនៅពេលលោកបានពិនិត្យមើលទៅលើអនុក្រឹត្យនោះឡើងវិញ គឺសុទ្ធតែស្រែប្រាំងប្រជាជន អ៊ីចឹងហើយនឹងបន្តកាត់បន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ប្រទេសនានា គេបូមដល់ទៅសមុទ្រ ពង្រីកសមុទ្រយកដី ដើម្បីអភិវឌ្ឍទៅហើយ ម៉េចក៏កម្ពុជាធ្វើនេះក៏ខុស ធ្វើនោះក៏ខុស? ច្រណែនឬអ្វី?»។
គួរបញ្ជាក់ថា កាលពីដើមខែនេះ រដ្ឋាភិបាលបាននិរាករណ៍ចោលវិញនូវអនុក្រឹត្យស្តីពីការលុបបឹងតាមោកប្រមាណ ៣០ ហិកតា ដែលជាថ្នូរសម្រាប់ការដោះដូរទីតាំងរបស់ក្រសួង និងស្ថាប័នមួយចំនួន។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក បានមានប្រសាសន៍ថា លោកមិនជំទាស់ចំពោះការលុបផ្ទៃបឹងសម្រាប់យកមកធ្វើការអភិវឌ្ឍនោះទេ។ ប៉ុន្តែរដ្ឋាភិបាលក៏គួរតែគិតដល់សង្គម បរិស្ថាន និងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធលូ ជាដើមឱ្យបានសមរម្យកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលទៅរស់នៅទីនោះ។
លោកបានថ្លែងឱ្យដឹងថា៖ «វាជាការល្អ សម្រាប់ការអភិវឌ្ឍ ប៉ុន្តែក៏ត្រូវគិតគូររកដំណោះស្រាយដល់ប្រជាពលរដ្ឋជាមុន និងបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ទឹក ផ្លូវ និងលូឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពលរដ្ឋទទួលយកបានគ្រប់គ្នា»៕
វីដេអូ៖