ខេត្តតាកែវៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត​ប្រើ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ថ្មី​ជា​ជាង​ដេក​ឱប​ «​បក្ស​ខ្មោច​» ​ដែល​​លោក​ថា​បាន​ងាប់​ទៅ​ហើយ និង​អះអាង​ថា ការប៉ុនប៉ង​បំផ្លាញ​​ការបោះឆ្នោត​នឹង​ «​មិន​អាច​ទៅ​​រួច​» ​ទេ ប៉ុន្តែ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ថា ស្មារតី​នៃ​អ្នក​គាំទ្រ​ខ្លួន​នឹង​មិន​ស្លាប់​ឡើយ​។

ក្នុង​ពិធី​ជួប​សំណេះសំណាល​​ជាមួយ​កម្មករ-កម្មការិនី​សរុប ១៧ ៧០០ ​នាក់ មកពី​រោងចក្រ​​សហគ្រាស​ចំនួន​ ១៣ ​នៅ​ខេត្ត​តាកែវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​​ឈ្មោះ​គណបក្ស តែ​លោក​ហៅ​​ថា​ «​បក្ស​ខ្មោច​» ​ដោយ​សំដៅ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ហើយ​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​នោះ​ជ្រើសរើស​បក្ស​ណា​មួយ​ដែល​ខ្លួន​ពេញចិត្ត​។

លោក​បាន​ថ្លែង​ថា​៖ «​មាន​ការប៉ុនប៉ង​បំផ្លាញ​ការបោះឆ្នោត​តាមរយៈ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត ក៏​ប៉ុន្តែ​ប្រហែល​​ជា​មិន​អាច​ទៅរួច​ទេ ប្រជាពលរដ្ឋ​របស់​យើង​ [​ត្រូវ​] ​ប្រើប្រាស់​សិទ្ធិ​...​ បក្ស​មួយ​បាន​ងាប់​ទៅ​តើ​​ដេក​ឱប​អាបក្ស​ងាប់​ហ្នឹង​ទេ ឬ​​ក៏​ត្រូវ​ប្រើ​សិទ្ធិ​នយោបាយ សិទ្ធិ​របស់​ខ្លួន​ដើម្បី​ទៅ​ជ្រើសរើស​បក្សនយោបាយ​ណា​មួយ​ដែល​ខ្លួន​ស្រឡាញ់​ទេ​»​។

លោក​លើក​ជា​ឧទាហរណ៍​ថា​​សូម្បី​តែ​ជីវិត​មនុស្ស បើ​មាន​ប្រពន្ធ​ ឬ​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​​នោះ​ពួកគេ​ភាគច្រើន​នឹង​ជ្រើសរើស​គូស្រករ​ថ្មី​មក​ជំនួស បើ​ទោះ​ណា​ជា​មនុស្ស​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ក្ដី​។

លោក​បន្ថែម​ថា​៖ «​នៅ​ស្រុក​ខ្មែរ​មិន​មាន​បក្សនយោបាយ​ ១-២ ទេ បក្សនយោបាយ​មាន​ជាង​ ៣០ ​ជិត​ ៤០ ​ឯណោះ​។ ប៉ុន្តែ​​បក្ស​ចូលរួម​បោះឆ្នោត​មាន​ ២០ ​គណបក្ស អ៊ីចឹង​ទេ​អ្នក​ដែល​ចាត់​ទុក​ឲ្យ​គេ​ឱប​ខ្មោច​របស់​ខ្លួន​ប្រហែល​​ជា​មិន​មាន​សំណាង​ឲ្យ​គេ​ឱប​ជាមួយ​ទេ ខ្លួនឯង​ព្រាត់ប្រាស​ទៅ​ណា ព្រាត់ប្រាស់​ទៅ​»​។

ទន្ទឹម​នឹង​នេះ​លោក​ក៏​មិន​ភ្លេច​អំពាវនាវ​ជាថ្មី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ «​បង្ក​លក្ខណៈ​ងាយស្រួល​» ​ដល់​បណ្ដា​បក្ស​នយោបាយ​នានា​ឲ្យ​អាច​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​ដោយ​គ្មាន​​ការរើសអើង​។ ​លោក​សំណូមពរ​​ឲ្យ​ពលរដ្ឋ​កុំ​ជេរ​លោក ដោយសារ​តែ​កំហុស​ឆ្គង​របស់​មន្ត្រី​ថ្នាក់ក្រោម និង​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​សូម​កុំ​ខឹង​​គោ​វាយ​រទេះ ខឹង​មេភូមិ​មក​ជេរ​ ហ៊ុន សែន ដែរ​...​ឥឡូវ​ឪពុកម្ដាយ​​របស់​ក្មួយៗ​មាន​កូន​ត្រឹមតែ​ ៥ ​នាក់​ពិបាក​គ្រប់គ្រង​ណាស់​ទៅ​​ហើយ ទាស់​គ្នា​កូន​ខ្លះ​ល្អ​កូន​ខ្លះ​​មិន​ល្អ​...​ពិបាក​ណាស់​ទៅ​ហើយ ​ចុះ​ទម្រាំ​ពូ គឺ​មន្ត្រី​កងកម្លាំង​ប្រដាប់​​អាវុធ​ជាង​កន្លះ​លាន​នាក់​វា​មាន​​មន្ត្រី​ល្អ និង​មន្ត្រី​មិន​ល្អ​ដែរ​»​។

ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ​អតីត​គណបក្សសង្គ្រោះ​ជាតិ​ថ្លែង​ថា ស្មារតី​របស់​​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​ស្លាប់​នោះ​ទេ ហើយ​លោក​ជឿ​ថា ពួកគេ​ក៏​មិន​ជ្រើសរើស​គណបក្ស​ថ្មី​ដូច​ការ​ជំរុញ​របស់​លោក​នាយករដ្ឋមន្ត្រី​ដែរ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿ​ថា​មនុស្ស​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ វា​ជា​ស្មារតី​មួយ​ជា ឆន្ទៈ​មួយ​ដែល​លោក​ពេញចិត្ត​ដែល​លោក​បាន​សម្រេចចិត្ត ហើយ អ្វី​ដែល​លោក​សម្រេចចិត្ត​ហើយ មាន​សេចក្ដី​សង្ឃឹម​ក្នុង​ការ​ផ្លាស់ប្ដូរ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ក្នុង​ការ​ទទួល​បាន​នូវ​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​​ការជំរុញ​ប្រទេស​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ទៅ​​ហើយ ស្រាប់តែ​បែរ​ជា​មក​ខកចិត្ត​វិញ ដោយ​គ្មាន​សង្គ្រោះជាតិ​ចូលរួម​ក្នុ​ងការ​បោះឆ្នោត ខ្ញុំ​ជឿ​ថា​មនុស្ស​មួយ​ចំនួន​ធំ​ដែល​នៅ​គាំទ្រ​គណបក្ស​ហាក់​ដូចជា​មិន​អាច​ទៅ​ជ្រើសរើស​អ្នក​ណា​ផ្សេង​ទៀត​ទេ​»​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ជឿថា​គណបក្ស​វា​គ្រាន់​តែ​ជា​ឈ្មោះ​ទេ ប៉ុន្តែ​ស្មារតី​វា​មិន​អាច​ស្លាប់​ទេ ព្រោះ​វា​ជា​ស្មារតី​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​ចំពោះ​វោហារស័ព្ទ​របស់​អ្នក​នយោបាយ​ទេ​កាលពី​ម្សិលមិញ តែ​លោក​យល់​ថា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នឹង​មាន​ការសម្រេចចិត្ត​ត្រឹមត្រូវ​មួយ​។

លោក​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា​៖ «​ខ្ញុំ​យល់​ថា​ពលរដ្ឋ​នឹង​មាន​ការសម្រេចចិត្ត​ត្រឹមត្រូវ​របស់​ខ្លួន​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​។ យើង​ចង់​ឃើញ​សេរីភាព​ពិតប្រាកដ​ត្រូវ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​សម្រេចចិត្ត​ដ៏មាន​សារៈសំខាន់​នេះ ទោះ​ជា​ពួកគេ​ឱប​ខ្មោច​បក្ស​ដែល​គេ​ជឿ​ទុក​ចិត្ត​ ឬ​ឱប​អ្វី​ក៏ដោយ​»​។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា​៖ «​ទាក់ទង​នឹង​គណបក្ស​សង្គ្រោះជាតិ រូប​កាយ​វា​អាច​បាត់បង់ ប៉ុន្តែ​ស្មារតី​នៃ​ការផ្លាស់ប្តូរ​នៅ​តែ​មាន​ក្នុង​ចិត្ត​ និង​គំនិត​ពលរដ្ឋ​ជាច្រើន​។ វា​អាច​កើតឡើង​ជាថ្មី​ម្តង​ទៀត​ក្នុង​ទម្រង់​នៃ​គណបក្ស​ដដែល​ជាមួយ​នឹង​ឈ្មោះ​ថ្មី​មួយ​។ បញ្ហា​​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​នៅ​មិន​​ទាន់​ដាច់​ស្រេច​ទេ ដរាប​ណា​វា​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌​»៕