ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា កម្ពុជា​រួមចំណែក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​តិចតួច ប៉ុន្ដែ​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​អាស្រ័យ​តាម​ធនធាន និង​សមត្ថភាព​ចូលរួម​ដោះស្រាយ​បញ្ហា​។ លោក​ក៏​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវតែ​រួមដៃគ្នា អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ដូចដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ យន្តការ និង​កិច្ចព្រមព្រៀង​កន្លងមក​។

ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ការប្ដេជ្ញាចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ​កាលពី​ថ្ងៃទី​ ១២ ធ្នូ លោក​ ហ៊ុន សែន ​ថ្លែងថា ប្រទេស​ជាច្រើន​បាន​ទទួលរង​ផលប៉ះពាល់​ដោយផ្ទាល់​រួមទាំង​កម្ពុជា​ដែល​ទើបតែ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ​។ «​ទោះបី​ជា​កម្ពុជា ចូលរួម​ចំណែក​តិចតួច​ក្នុង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល ប៉ុន្ដែ​កម្ពុជា​នៅតែ​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​អាស្រ័យ​តាម​ធនធាន និង​សមត្ថភាព​ចូលរួម​ដោះស្រាយ បញ្ហា​នេះ​»​។

តាម​ការថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ត្រៀម​ដាក់​របាយការណ៍​ស្ដីពី​បច្ចុប្បន្នភាព​នៃ​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល អាកាសធាតុ​ទៅ​លេខាធិការដ្ឋាន​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ (UNFCCC) ​នាដំណាច់​ឆ្នាំនេះ​។

កម្ពុជា​បាន​បញ្ចូល​គោលដៅ​ថ្មី​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ប្រមាណ​ ៣៨,៩ ​លាន​តោន សមមូល​ឧស្ម័ន​កាបូនិច រួមបញ្ចូល​ទាំង​ក្នុង​វិស័យ​ព្រៃឈើ វិស័យ​សំណង់ និង​កសិកម្ម ឬ​ស្មើនឹង ១៨ ​ភាគរយ​នៅត្រឹម​ឆ្នាំ​ ២០៣០​។ គោលដៅ​ថ្មី​នេះ​ក៏​រួមបញ្ចូល​ការផលិត​អគ្គិសនី​ពី​ថាមពល​កកើតឡើង​វិញ​ចំនួន​ ២៥ ​ភាគរយ នៅក្នុង​ល្បាយ​ថាមពល​ (Energy Mix) ​នៅ​ឆ្នាំ​ ២០៣០​។

លោក​បញ្ជាក់ថា​៖ «​ការប្រែប្រួល អាកាសធាតុ​ជា​បញ្ហា​របស់​យើង​ទាំងអស់​គ្នា ប្រទេស​ទាំងអស់​ត្រូវតែ​ស្រុះដៃ​គ្នា​ និង​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ដូច​ដែល​មានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ យន្តការ​នានា និង​កិច្ចព្រមព្រៀង​កន្លងមក​»​។

លោក​ ហ៊ុន សែន បន្តថា​៖ «​ក្នុង​ស្មារតី​ជា​ប្រទេស​ដែលមាន​ការទទួល​ខុសត្រូវ​ខ្ពស់​ និង​កាត់បន្ថយ ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ជា​អតិបរមា កម្ពុជា​បានប្តេជ្ញា​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​វែង ដើម្បី​សម្រេច​បាន​អព្យាក្រឹតភាព​កាបូន​ (Carbon Neutrality) ដែល​ការរៀប​ចំនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​ ២០២១»​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​លោក​ នេត្រ ភក្ត្រា ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​មាន​ផែនការ​អនុវត្ត​ទៅលើ​ការកាត់បន្ថយ​បំភាយ​ឧស្ម័ន​ក្នុង​រយៈពេល​ខ្លី​ត្រឹម​ឆ្នាំ​ ២០៣០ ​ឱ្យ​បាន​ប្រមាណ​ ៣៨,៩ ​លាន​តោន​។ ផែនការ​រយៈពេល​វែង កម្ពុជា​គ្រោង​រៀបចំ​ត្រឹម​ឆ្នាំ​ ២០២១ ​តទៅ​ដោយ​ក្រសួងបរិស្ថាន​នឹង​សម្របសម្រួល​ជាមួយ​ស្ថាប័ន និង​ក្រសួង​ជំនាញ​នានា​។

លោក​ថ្លែងថា​៖ «​កម្ពុជា​របស់​យើង​មិនមែន​ជា​ប្រទេស​ដែល​បង្ក​ឱ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​ទេ ហើយ​ផ្ទុយ​មកវិញ​គឺ​កម្ពុជា​ជា​ប្រទេស​ដែល​ទទួល​រង​នូវ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ជា​សកល​។ ទន្ទឹមនឹងនេះ ក៏មាន​ការសរសើរ​ពី​ស្ថាប័ន​អន្តរជាតិ​ពី​វិធានការ​របស់​កម្ពុជា​ដែរ​ជុំវិញ​ការដោះស្រាយ​បញ្ហា​នេះ​»​។

លោក​ ហុក ម៉េងហ៊ាន់ ប្រធាន​កម្មវិធី​បរិស្ថាន និង​កសិកម្ម​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ (NGO Forum) ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការកាត់បន្ថយ​មូលហេតុ​នៃ​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ការពារ​ប្រជាពលរដ្ឋ​ និង​សេដ្ឋកិច្ច​ឱ្យ​រួច​ផុតពី​ផលប៉ះពាល់​អវិជ្ជមាន​ទាំងនេះ​។

ប្រទេស​កម្ពុជា​មាន​ការបន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ជា​កត្តា​អាទិភាព ដែល​រួមមាន​មួយចំនួន​ដូចជា ការផ្ដល់​គ្រាប់ពូជ​ដែលមាន​លក្ខណៈ​ធន់​នឹង​ភាពរាំងស្ងួត​ដល់​កសិករ ការជួយ​ប្រជាពលរដ្ឋ​ក្នុង​ការសាងសង់​លំនៅឋាន និង​ស្ដារ​ស្ថានភាព​គ្រួសារ​ឡើងវិញ បន្ទាប់ពី​គ្រោះមហន្តរាយ​អាកាសធាតុ​។ លើសពីនេះ​កម្ពុជា​ត្រូវ​ពង្រឹង​ការព្យាករ​អាកាសធាតុ ព្រមទាំង​ប្រព័ន្ធ​ផ្ដល់ព័ត៌មាន​ជាមុន​ឱ្យ​បាន​លឿន​ដល់​ពលរដ្ឋ​។ នេះ​បើ​តាម​លោក​ ហុក ម៉េងហ៊ាន់​។

លោក​ ម៉េងហ៊ាន់ បញ្ជាក់ថា​៖ «​ប្រសិនបើ​កម្ពុជា​មិនមាន​កិច្ចប្រឹងប្រែង​ជាង​មុន ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នោះទេ ចក្ខុវិស័យ​របស់​កម្ពុជា ដែល​ចង់​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ និង​លុបបំបាត់​ភាពក្រីក្រ​គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការសម្រេច​បាន​។ ចំពោះ​ការប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដូច​សព្វថ្ងៃនេះ គឺ​ទំនង​ជា​មិន​គ្រប់គ្រាន់​ទេ​»៕