ភ្នំពេញ៖ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ថា នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី ២៤ ខែ​មេសា​ខាង​មុខ​នេះ ដោយសារ​ភាព​ចាំបាច់។ ប៉ុន្ដែ​លោក​ត្រូវ​អនុវត្ដ​ស្រប​តាម​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង​កូវីដ ១៩។

លោក​នាយក​រដ្ឋមន្រ្ដី​សរសេរ​លើ​ហ្វេសប៊ុក​នា​ព្រឹក​នេះ​ថា កាតព្វកិច្ច​ដែល​នឹង​ត្រូវ​អនុវត្ដ​តាម​វិធានការ​សុខាភិបាល​នោះ រួម​មាន​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី២ នៅ​ថ្ងៃទី ២០ ខែ មេសា ២០២១ ដែល​ដើម​ឡើយ លោក​នាយក​រដ្ឋមន្រ្ដី​គ្រោង​ចាក់​នៅ​ថ្ងៃទី ២៩ មេសា ២០២១។

លោក​នាយក​រដ្ឋមន្រ្ដី​ថ្លែង​ថា៖ «កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​ការពារ​ការ​ឆ្លង​កូវីដ ១៩ ស្រប​តាម​វិធានការ​សុខាភិបាល ដំបូង​ខ្ញុំ​ត្រូវ​ចាក់​វ៉ាក់សាំង​ដូស​ទី២ នៅ​ថ្ងៃទី ២០ មេសា ២០២១ ដែល​មុន​នោះ​គ្រោង​ចាក់​នៅ​ថ្ងៃទី ២៩ មេសា ២០២១។ ថ្ងៃទី ២៣ មេសា ២០២១ ត្រូវ​យក​សំណាក​ពិនិត្យ ដើម្បី​ទទួល​លិខិត​បញ្ជាក់​សម្រាប់​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូនេស៊ី»។

បើ​តាម​លោក​នាយក​រដ្ឋមន្រ្ដី​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ លោក​នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ហ្សាការតា។ ពេល​ទៅ​ដល់​ត្រូវ​យក​សំណាក​ពិនិត្យ​ម្តង​ទៀត។ រហូត​ដល់​ពេល​រសៀល​ការ​ប្រជុំ​ចាប់​ផ្តើម​ហើយ​ពេល​ចប់​ប្រជុំ​មិន​ថា ថ្ងៃ​ឬ​យប់ លោក​នឹង​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ។

លោក​នាយក​រដ្ឋមន្រ្ដី​ថ្លែង​ថា៖ «ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខ្ញុំ​ត្រូវ​យក​សំណាក​ពិនិត្យ​ម្តង​ទៀត។ មក​ដល់​ផ្ទះ​ខ្ញុំ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ ជាមួយ​នឹង​ការ​ពិនិត្យ​សំណាក ២ ទៅ ៣ ដង​ទៀត"។

លោក​នាយក​រដ្ឋមន្រ្ដី​បាន​ឱ្យ​ដឹង​ថា មន្រ្ដី​របស់​លោក​បាន​ឱ្យ​យោបល់​ថា ដោយសារ​តែ​លោក​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ដូច្នេះ​ក្រោយ​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី វិញ​គួរ​ធ្វើ​ចត្តាឡីស័ក​តែ ៧ ថ្ងៃ​បាន​ហើយ។ ប៉ុន្ដែ​យោបល់​នេះ ត្រូវ​បាន​លោក​បដិសេធ ហើយ​តប​ទៅ​វិញ​ថា លោក​ចង់​ឱ្យ​ប្រាកដ​ថា មិន​មាន​វិជ្ជមាន​កូវីដ ១៩ នោះ​ទេ ដោយអនុវត្ដ​ស្រប​តាម​វិធានការ​សុខាភិបាល៕