ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បានឱ្យដឹងថា អ្នក​ចាក់​វ៉ាក់សាំង​មកដល់​ពេលនេះ​បាន​ជិត ១ លាន​នាក់​ហើយ ហើយ​វ៉ាក់សាំង​ការពារ​កូវីដ១៩​នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​ចាប់ពី​ខែមេសា​នេះ​ដល់​ខែ​សីហា ខាងមុខ។

លោក​ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១០ ខែមេសា​នេះ​ថា ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​ក្នុងប្រទេស​កម្ពុជា​មាន​អត្រា​មិន​ទាប​ជាង​ប្រទេស​ដទៃ​ទេ​ដែល​កម្ពុជា​មាន​ប្រជាជន​តែ​ជាង ១៦ លាន​នាក់ តែ​បាន​ចាក់​បាន​ជិត ១ លាន​នាក់​ហើយ។

លោក​បាន​ប្រាប់ថា៖ «ក្នុងឆ្នាំនេះ បើ​វ៉ាក់សាំង​មក​តាម​ផែនការ​នេះ គម្រោង​របស់​យើង​មាន ២០ លានដូស តែ​នឹង​មកដល់​ក្នុងឆ្នាំនេះ​ជាង ១១ លាន​ដូស ដែល​យើង​អាច​ដំណើរ​ការចាក់ ដែល​ពេលនេះ​យើង​មាន​ចំនួន​ជាង ២ លាន​ហើយ ហើយ​នៅ​ថ្ងៃទី ១៧ នេះ វ៉ាក់សាំង​នឹង​មកដល់​កន្លះ​លាន​ដូស​ទៀត»។

លោក​ ហ៊ុន សែន បាន​បន្តថា នៅក្នុង​ខែឧសភា​បនឹង​មកដល់​ចំនួន ១,៥ លាន​ដូស ខែ​មិថុនា​នឹង​មកដល់​ចំនួន ៣ លាន​ដូស​វក្នុង​ខែកក្កដា​នឹង​មកដល់​ចំនួន ២ លាន​ដូស និង​ខែសីហា​មកដល់​ចំនួន ១ លាន​ដូស​ទៀត។

លោក​ថា៖ «វ៉ាក់សាំង​របស់​យើង​អាច​នឹង​បម្រើ​ដល់​ការចាក់​បាន​ដល់​ប្រជាពលរដ្ឋ​យើង ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ គេ​បន្ទោស​ខ្ញុំ​ថា​បាន​រំលោភ​លើ​គោលការណ៍​ស្ម័គ្រចិត្ត។ តែ​ខ្ញុំ​សូមបញ្ជាក់​ឱ្យបាន​ច្បាស់​ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​របស់​ប្រទេស ខ្ញុំ​មាន​ភារកិច្ច​ដាក់​ជា​វ៉ាក់សាំង​កាតព្វកិច្ច​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់ តែ​សម្រាប់​ពលរដ្ឋ​គឺជា​គោលការណ៍​ស្ម័គ្រចិត្ត»៕