ភ្នំពេញៈ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុធ ចានអូចា បានតាំងខ្លួនឯងទទួលបន្ទុកជាថ្មីម្តងទៀត លើកនេះគឺខិតខំប្រឹងប្រែងផ្លាស់ប្តូរកំណត់ត្រាអាក្រក់របស់ប្រទេសថៃក្នុងការរំលោភបំពានលើពលករចំណាកស្រុកបរទេសពីមុនការដាក់ចំណាត់ថ្នាក់ដែលបានចងក្រងអំពីការជួញដូរជាអន្តរជាតិប្រចាំឆ្នាំ។
កាលសប្តាហ៍មុន នាយករដ្ឋមន្រ្តីថៃបានចាប់ផ្តើមបង្កើតគំនិតផ្តួចផ្តើមថ្មីមួយនិងបង្កើតគណៈកម្មាធិការក្នុងគោលដៅបន្ទន់ចិត្តរដ្ឋាភិបាលអាមេរិក ដែលកាលពីឆ្នាំមុន បានដាក់ចំណាត់ថ្នាក់ប្រទេសថៃទាបបំផុតនៅក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ។
ការបន្ទាបចំណាត់ថ្នាក់នេះកើតឡើងមួយផ្នែកធំគឺដោយសារការរំលោភបំពានទៅលើពលករបរទេសនៅក្នុងប្រទេសថៃ ជាពិសេស ពលករមកពីប្រទេសកម្ពុជានិងមីយ៉ាន់ម៉ាដែលត្រូវបានបង្ខំនិងកេងប្រវ័ញ្ចយ៉ាងព្រៃផ្សៃនៅលើទូកនេសាទថៃ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវរបាយការណ៍អាក្រក់របស់ថៃ លោក ប្រាយុធ បានបោះឆ្នោតតាំងខ្លួនឯងឲ្យធ្វើជាប្រធានប្រឆាំងការជួញដូរមនុស្សនិងគោលនយោបាយនេសាទខុសច្បាប់ ដែលនឹងគ្រប់គ្រងអនុគណៈកម្មាធិការតូចៗ រួមមានគណៈកម្មាធិការស្តីពីពលករលើទូកនេសាទ គណៈកម្មាធិការពលករចំណាកស្រុក ហើយនិងគណៈកម្មាធិការពលកម្មកុមារ។
គណៈកម្មាធិការនេះនឹងរាយការណ៍អំពីសមិទ្ធផលនានានៅក្នុងខែក្រោយ គឺនៅមុនពេលចងក្រងព័ត៌មានបច្ចុប្បន្នភាពសម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ថៃ ដែលបានរាយការណ៍ថ្មីៗនេះ។
ការតាំងខ្លួនបែបនេះ វាជាផ្នែកនៃការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់លោក ប្រាយុធ លោកក៏បានប្រកាសផងដែរអំពីការដាក់បញ្ញត្តិប្រសើរឡើងទៅលើឧស្សាហកម្មអាហារសមុទ្រដែលរកចំណូលបាន៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំ និងរួមទាំងការចុះបញ្ជីថ្មីទៅលើទូកនេសាទនិងកម្មករទូកនេសាទ ដែលភាគច្រើនបំផុតគ្មានឯកសារ។
ការខ្វះខាតពលករនៅក្នុងវិស័យឧស្សាហកម្មព្រៃផ្សៃនេះបានបណ្តាលឲ្យមានពលករប្រមាណ២០ម៉ឺនទៅ ៣០ ម៉ឺននាក់ ទៅពីប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។
ប្រទេសថៃត្រូវបានរិះគន់ជាយូរមកហើយ ចំពោះការកេងប្រវ័ញ្ចទៅលើពលករបរទេស ខណៈការសន្យា និងគោលនយោបាយរបស់ខ្លួនមិនត្រូវបានអនុវត្ត ហើយដែលនេះជាបញ្ហាដែលលោក ប្រាយុធ បានទទួលស្គាល់។
លោក ប្រាយុធ ត្រូវបានស្រង់សម្តីនៅក្នុងកាសែតបាងកកប៉ុស្តិ៍ថា ៖ «យើងបានចាត់វិធានការមួយចំនួនកាលពីអតីតកាល ប៉ុន្តែ វិធានការទាំងនោះមិនដែលត្រូវបានអនុវត្តទេ។យើងត្រូវការកែលម្អទាំងប្រសិទ្ធភាពនិងបញ្ហាច្បាប់»។
ប៉ុន្តែក្រុមអ្នកជំនាញនៅតែបន្តដាក់ការសង្ស័យចំពោះវោហារស័ព្ទរបស់ថៃ។
លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី បានថ្លែងថា៖ «រដ្ឋាភិបាលប្រទេសជិតខាងដែលប្រជាជនខ្លួនជាញឹកញាប់ជាជនរងគ្រោះពីការជួញដូរក្នុងប្រទេសថៃគួរតែទទូចឲ្យមានចំណាត់ការពិតប្រាកដ មិនត្រឹមតែការនិយាយទេ។
កាលដើមខែនេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលស្គាល់នូវតម្រូវការទាមទារឲ្យមានការសហការពីថៃលើបញ្ហាកំណែទម្រង់នេះ ដោយលោកស្រីថ្លែងថា «ប្រទេសកម្ពុជាតែងតែរត់ពីក្រោយថៃ»។
ទោះយ៉ាងណាក្តី ការសើរើគោលនយោបាយរបស់ថៃមិនបានធ្វើឲ្យមានការជឿជាក់នោះទេ។ កាលពីខែតុលា ថៃបានសន្យាថានឹងដាក់បញ្ញត្តិទៅលើទូកនេសាទថៃ ប៉ុន្តែមិនបានធ្វើតាមការសន្យារបស់ខ្លួនទេ។
លោក មឿន តុលា អ្នកសម្របសម្រួលកម្មវិធីផ្នែកការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា៖ «យើងនឹងរង់ចាំមើលផែនការថ្មីនេះ។ ឥឡូវនេះ យើងឃើញថា ស្ថានភាពអាក្រក់របស់ពលករចំណាកស្រុកកម្ពុជានៅតែកើតមាន»៕
រាយការណ៍បន្ថែមៈ បាងកកប៉ុស្តិ៍