ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​​ស្វាគមន៍​ចំពោះ​ជំហរ​របស់​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុធ ចាន-អូចា (Prayut Chan-o-cha) ដែល​បាន​លើកឡើង​ថា មិន​ឲ្យ​លោក សម រង្ស៊ី ឆ្លងកាត់​ប្រទេស​ថៃ​ក្នុង​ដំណើរ​វិល​មក​កម្ពុជា​។ ការស្វាគមន៍​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ ប្រាយុធ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណាមួយ​ប្រើប្រាស់​ទឹកដី​ថៃ​ក្នុង​សកម្មភាព​អ្វីមួយ​នោះទេ​។

លោក​ ប្រាយុធ ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍ ដោយ​ថ្លែងថា​៖ «​យោងតាម​ការប្ដេជ្ញា​របស់​យើង​សម្រាប់​សមាគម​អាស៊ាន យើង​នឹង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទេ ហើយ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នកប្រឆាំង​រដ្ឋាភិបាល​ណា​ម្នាក់​ប្រើប្រាស់​ប្រទេស​ថៃ​ដើម្បី​សកម្មភាព​នយោបាយ​ឡើយ​»​។ លោក​ថ្លែង​ដូច្នេះ​ដោយ​និយាយ​ដល់​ទំនាក់ទំនង​រវាង​ថៃ​ និង​កម្ពុជា​ដែល​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា កម្ពុជា​ និង​ថៃ​តែងតែ​សហការ​គ្នា​ល្អ​ក្នុង​នាម​ជា​អ្នក​ជិតខាង ហើយ​មិន​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ណាមួយ​ប្រើប្រាស់​ទឹកដី​នៃ​ប្រទេស​ទាំង​ ២ ​ដើម្បី​ប្រឆាំង​នឹង​អ្នកជិតខាង ឬ​​ប្រទេស​ដទៃទៀត​ទេ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​សំណើ​របស់ សម រង្ស៊ី ដែល​ស្នើសុំ​ការអនុញ្ញាត​ពី​នាយករដ្ឋមន្ត្រី​ថៃ ដើម្បី​ប្រើប្រាស់​ទឹកដី​ថៃ​ចូល​មក​កម្ពុជា​នោះ​គឺថា​មិនអាច​ទៅរួច​ទេ​»​។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃទី​ ៣១ ខែ​តុលា បាន​សរសេរ​លិខិត​មួយ​ទៅកាន់​លោក​ ប្រាយុធ ចាន-អូចា តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ប៉ារីស​ដោយ​លោក​ស្នើសុំ​ឆ្លងកាត់​ទឹកដី​ថៃ ដើម្បី​ចូល​ទៅ​ប្រទេស ​កម្ពុជា ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។

លោក សម រង្ស៊ី បាន​សរសេរ​នៅក្នុង​លិខិត​នោះ​ថា​៖ «​លោក​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា ខ្ញុំ​មាន​គម្រោង​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​ ដែល​ជា​ថ្ងៃ​ឯករាជ្យ​របស់​យើង​។ ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ មាន​តែ​ប្រឈមមុខ​នឹង​ទង្វើ​ដែល​អ្នក​គាំទ្រ​ខ្ញុំ​ជាច្រើន​បាន​ទទួល​រង​»​។

លោក​បញ្ជាក់ថា សំណើ​របស់​លោក​ដើម្បី​ឆ្លងកាត់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព​នោះ គឺ​អាស្រ័យ​លើ​ការទទួល​ខុសត្រូវ​របស់​លោក​ចំពោះ​អ្នកគាំទ្រ​ដែល​បាន​រង​ទុក្ខ​យ៉ាងខ្លាំង ហើយ​ក៏​ដោយសារ​តែ​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ពួកគេ​គួរតែ​ទទួល​បាន​ការជជែក​វែកញែក​បែប​ប្រជាធិបតេយ្យ​អំពី​អនាគត​សង្គម​របស់​ពួកគេ​។

លោក​បន្តថា បើសិន​ជា​លោក ប្រាយុធ អនុញ្ញាតលោក​នឹង​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​សុវណ្ណភូមិ​នៅ​ថ្ងៃទី​​ ៨ ខែ​វិច្ឆិកា តាមរយៈ​ជើង​យន្តហោះ Thai Airway លេខ TG931​។ បន្ទាប់មក​លោក​នឹង​ធ្វើ​ដំណើ​មក​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត ជិត​ខេត្ត​អារញ្ញប្រាថេត (Aranhyaprathet)​។

លោក កុយ គួង បាន​ថ្លែងថា​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ស្ត្រី​ម្នាក់​បាន​ព្យាយាម​ចូល​មក​កម្ពុជា​តាមរយៈ​ប្រទេស​ ថៃ ប៉ុន្តែ​ថៃ​បាន​បង្វែរ​មិន​ឲ្យ​ចូល​មក​កម្ពុជា​ទេ​។

លោក កុយ គួង ថ្លែង​ដូច្នេះ​ដោយ​សំដៅ​ដល់​លោកស្រី មូរ សុខហួរ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស ​ថៃ ​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក កុយ គួង ថ្លែង​ថា​៖ «​សូម្បី​នៅ​តាម​ព្រំដែន​ថៃ​ក៏​មាន​ការបង្ហាញ​រូបថត​នៃ​ក្រុម​ខុសច្បាប់​ដែរ​។ ថៃ​និយាយ​ថា ពួកគេ​សហការ​ក្នុង​ការចាប់​ពួកគេ​ទាំងនោះ​។ ដូច្នេះ​ខ្ញុំ​លើក​ជា​សំណួរ​ថា តើ​ថៃ​នឹង​មិន​ពិចារណា​លើ​លិខិត​ស្នើសុំ​របស់​លោក សម រង្ស៊ី ទេ​»​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ស្វាគមន៍​វិធានការ​របស់​រាជរដ្ឋាភិបាល​ថៃ​ដោយ​លោក​បញ្ជាក់ថា​៖ «​យើង​សូម​អបអរសាទរ​ការយោគយល់​របស់​រាជរដ្ឋាភិបាល​ថៃ​។ រាជរដ្ឋាភិបាល​ថៃ​ស្គាល់​ស្ថានភាព​ការពិត​នៅ​កម្ពុជា​ដោយសារ​គេ​ដឹងថា គាត់​មក​មិនមែន​នាំ​សន្តិភាព​មក​ទេ តែ​មក​ដើម្បី​ផ្ដួលរំលំ​រដ្ឋ ហើយ​យើង​គ្មាន​ការរំលោភ​សិទ្ធិមនុស្ស​ដូច​គេ​ថា​នោះទេ​»​។

លោក​សង្ឃឹម​ថា នគរបាល​ថៃ និង​ជួយ​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការបង្ក​ចលាចល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។

ស្រដៀង​គ្នា​នេះ​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា​៖ «​នេះ​គឺជា​ការសម្រេច​របស់​រដ្ឋអាធិបតេយ្យ​មួយ ហើយ​ការសម្រេច​នេះ​គឺ​ផ្អែក​ទៅលើ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ ដែល​ជា​សមាជិក​អាស៊ាន ហើយ​ក៏​ផ្អែក​ទៅ​លើ​គោលការណ៍​នៃ​ធម្មនុញ្ញ​អាស៊ាន​ផងដែរ ដែល​ជា​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋអាធិបតេយ្យ​មួយ ហើយ​ក៏​មិន​ផ្តល់​ និង​អនុញ្ញា​ឲ្យ​ក្រុម​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ក្នុង​ការធ្វើ​សកម្មភាព​ប្រឆាំង​ ឬ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ជា​សមាជិក​»​។

លោក សម រង្ស៊ី មិន​បាន​ឆ្លើយតប​នឹង​សំណួរ​ដែល​សួរ​តាម​អ៊ីមែល​ទេ​កាលពី​ម្សិលមិញ​។ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី បាន​បង្ហោះ​សំបុត្រ​យន្តហោះ​ដែល​លោក​បាន​ទិញ​ដោយ​ប្រើប្រាស់​លិខិត​ឆ្លងដែន​បារាំង​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ថា ការសម្រេចចិត្ត​របស់​លោក ប្រាយុធ គឺ​ធ្វើ​ឡើង​ដោយ​គោរព​ដល់​កម្ពុជា​ ព្រោះ​ប្រទេស​កម្ពុជា​ក៏​មិន​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​ណាមួយ​ពី​ប្រទេស​ថៃ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ទេ​។ លោក​បន្តថា​ការស្នើសុំ​សហការ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​មានន័យ​ច្រើន​ជាង​ការស្នើសុំ​របស់​លោក សម រង្ស៊ី​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា អាស៊ាន​នឹង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ផ្សេង​ទេ​។ បើសិន​ជា​មាន​ការជ្រៀតជ្រែក វា​ផ្ទុយ​នឹង​ធម្មនុញ្ញ​របស់​អាស៊ាន​»​។

យោងតាម​អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា វា​ជា​ឧត្តមប្រយោជន៍​របស់​ប្រទេស ​ថៃ​។ ការវិលត្រឡប់​របស់​អតីត​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី តាមរយៈ​ប្រទេស​ ថៃ​ អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ថៃ​នៅ​កម្ពុជា និង​សេដ្ឋកិច្ច​របស់​ខ្លួន​ (​នៅ​ថៃ​) ដែល​ផ្ដល់​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ២ ​លាន​នាក់​៕

វីដេអូ៖