ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមានពីកម្ពុជាដែលលោកចាត់ទុកថា នេះជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ខណៈមានអ្នកសារព័ត៌មានមួយចំនួនស្នើសុំឲ្យរដ្ឋាភិបាលផ្តល់មេធាវីការពារពួកគេនៅពេលដែលពួកគេប្រឈមមុខនឹងផ្លូវច្បាប់។
ការសម្តែងនូវអំណរគុណបែបនេះរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើង ២ ថ្ងៃ មុនពេលលោកជួបជុំសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកប្រចាំឆ្នាំជាលើកទី ៤ នៅថ្ងៃអង្គារនេះដែលមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង ៥០០០ នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី ១២ ខែមករា ថា៖ «អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មាន ពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជាដែលជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា អ្នកសារព័ត៌មានដែលចូលរួមក្នុងពិធីសំណេះសំណាលនេះមានប្រមាណជាង ៥ ០០០ នាក់ ដែលក្នុងនោះមានម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី កាសែត គេហទំព័រ សមាគម និងក្លិបអ្នកកាសែតព្រមទាំងថ្នាក់ដឹកនាំមួយចំនួនដែលធ្វើការក្នុងវិស័យសារព័ត៌មាន។
លោកបានបន្តថា ក្រសួងនឹងផ្ញើជូនលោកនាយករដ្ឋមន្ត្រីនូវសំណើមួយចំនួនដែលក្រសួងបានទទួលពីសមាគម និងក្លិបអ្នកកាសែត។ ក្នុងនោះមានការស្នើសុំឲ្យរាជរដ្ឋាភិបាលផ្តល់មេធាវីជូនពួកគាត់នៅពេលពួកគាត់ ប្រឈមមុខផ្នែកច្បាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ស្នើសុំរាជរដ្ឋាភិបាលផ្តល់មធ្យោបាយធ្វើដំណើរ និង បណ្ណបសសផងដែរ។
លោកបញ្ជាក់ថា៖ «យើងឃើញមានអង្គភាព ១ ទៅ ២ ដែលធ្វើលិខិតស្នាមផ្លូវការ។ ក្រៅពីហ្នឹងគាត់បានលើកជាយោបល់នៅក្នុងអង្គប្រជុំតែម្តង។ ដូច្នេះហើយយើងយកសេចក្តីសម្រេចនៅក្នុងអង្គប្រជុំហ្នឹងដាក់បញ្ចូលទៅក្នុងខ្លឹមសារដែលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនឹងពិនិត្យសម្រេច។ គាត់សុំចង់បានឲ្យមានមេធាវីរាជរដ្ឋាភិបាលដើម្បីការពារអ្នកសារព័ត៌មាន និងសំណើផ្សេងៗដូចជាមធ្យោបាយធ្វើដំណើរដូចកម្មករ ដូចជាឡានក្រុង ដោយសារតែគាត់មានបញ្ហាជីវភាព និងចំណុចមួយទៀតគាត់ស្នើសុំគឺបណ្ណបសស»។
លោកបានបន្ថែមថា មានអង្គភាពដែលទើបតែនឹងកើតថ្មីមួយបានស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើការលុបចោលនូវសេចក្តីប្រកាសរួមរបស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីខែឧសភា ឆ្នាំ ២០១៨។ ស្ថាប័នទាំងនេះបានសម្រេចធ្វើការរួមគ្នាប្រឆាំង ទប់ស្កាត់រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ដែលមានចេតនាបង្កជាចលាចលដែលបណ្ដាលឲ្យអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិនៅលើគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមនានានៅក្នុងប្រទេសកម្ពុជា។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាថ្លែងថា ក្លឹបអ្នកការសែតកម្ពុជាបានទទួលនូវសំណូមពរមួយចំនួនដែរក្នុងនោះមានការស្នើសុំឲ្យអនុវត្តច្បាប់ប្រើច្បាប់របបសារព័ត៌មានជាជាងច្បាប់ព្រហ្មទណ្ឌពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ និងផ្លូវច្បាប់ផ្សេងៗ។ សំណូមពរនោះបានស្នើឲ្យប្រមុខថ្នាក់ដឹកនាំជួយផ្ញើសារទៅអាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យមានកិច្ចសហការល្អ ជាមួយនឹងអ្នកសារព័ត៌មាន។
លោកថា៖ «និយាយរួមមក គាត់ស្នើសុំថាធ្វើម៉េចប្រយោជន៍អ្នកសារព័ត៌មាន និងជួយធ្វើការងាររបស់ពួកគាត់កាន់តែប្រសើរ ដូចជាមន្ត្រីអ្នកនាំពាក្យសូមឲ្យផ្តល់ព័ត៌មាន និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយដើម្បីឲ្យអ្នកកាសែតយើងទទួលបានព័ត៌មានល្អ»។
ពាក់ព័ន្ធនឹងការស្នើសុំមេធាវីពីរាជរដ្ឋាភិបាល លោកបានលើកឡើងថា អ្នកសារព័ត៌មាន ឬសមាគមអ្នកកាសែត គួរតែព្យាយាមរកមេធាវីដោយខ្លួនឯងជាមុនសិន។ បើមិនមានលទ្ធភាពនោះទេ ពួកគេអាចធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលឲ្យមេធាវីការពារជូន។
កម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដល់ទៅ ៥៣០ ស្ថាប័ន ដែលត្រូវបានចុះបញ្ជីនៅក្រសួងព័ត៌មានក្នុងនោះមានកាសែតបោះពុម្ពផ្សាយជាភាសាបរទេសចំនួន ៣៤ ស្ថាប័ន វិទ្យុជាង ២០០ ស្ថាប័ន ទូរទស្សន៍ ២០ ស្ថាប័ន និងសារព័ត៌មានអនឡាញ ១៤៨ ស្ថាប័ន។ នេះបើតាមមន្ត្រីក្រសួងព័ត៌មានដែលបានថ្លែងកាលពីចុងឆ្នាំ ២០១៧ កន្លងមក។
លោកនាយករដ្ឋមន្ត្រីចាប់ផ្តើមជួបជាមួយក្រុមអ្នកសារព័ត៌មានលើកដំបូងនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ លើកទី ២ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨ និងលើកទី ៣ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩៕