ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតអនុគណ:កម្មាធិការជំនួយសង្គមដែលជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជួយដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរហូតមកដល់បច្ចុប្បន្នមានស្ត្រីជាង ៥ ម៉ឺននាក់ ទទួលបានផលប្រយោជន៍ពីក្រុមប្រឹក្សាជាតិគាំពារសង្គមនេះ។
តាមអនុក្រឹត្យលេខ ២៤៤ អនក្រ.បក ចុះហត្ថលេខាកាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា អនុគណៈកម្មាធិការជំនួយសង្គមមានតួនាទី និងភារកិច្ច ដឹកនាំការសម្របសម្រួលការងារបច្ចេកទេសមួយចំនួន។ ជាពិសេសការសិក្សាស្រាវជ្រាវ និងការដកស្រង់បទពិសោធអំពីប្រព័ន្ធជំនួយសង្គមដែលទទួលជោគជ័យក្នុងបណ្តាប្រទេសនានា។
បន្ថែមពីនេះ អនុគណ:កម្មាធិការជំនួយសង្គមដែលមានសមាសភាពមកពីក្រសួងពាក់ព័ន្ធជាង ១០ ស្ថាប័នក៏មានតួនាទីក្នុងការសម្របសម្រួលការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម ការរៀបចំផែនការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីប្រព័ន្ធជំនួយសង្គម ក៏ដូចជាគាំទ្រការតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានាក្នុងប្រព័ន្ធជំនួយសង្គមផងដែរ។
អនុក្រឹត្យបញ្ជាក់ថា៖ «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
អនុក្រឹត្យដដែលបានបញ្ជាក់ថា អនុគណៈកម្មាធិការជំនួយសង្គមត្រូវរៀបចំកិច្ចប្រជុំរៀងរាល់ ៣ ខែម្តង ឬក្នុងករណីចាំបាច់តាមការអញ្ជើញរបស់ប្រធាន។ បន្ទាប់ពីចុះហត្ថលេខាបទប្បញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយដោយបានត្រាស់បង្គាប់ឲ្យបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានសមាសភាពមកពីក្រសួងសេដ្ឋកិច្ច ក្រសួងការងារ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចជាដើម។
ជាមួយនឹងការប្រកាសបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គមនេះនៅឆ្នាំដដែល ក្រុមប្រឹក្សាជាតិគាំពារសង្គមខ្លួនឯងក៏បានសម្រេចបង្កើតគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាន ដើម្បីរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពក្នុងការគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់ជួយដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១២ មករា ថា បន្ទាប់ពីក្រុមប្រឹក្សាបានបង្កើតឡើងមានស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំជាង ៥ ម៉ឺននាក់ បានទទួលនូវគោលនយោបាយ។ លោកបន្តថា ក្រៅពីស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំសូម្បីប្រជាពលរដ្ឋក្រីក្រ និងជនមានពិការភាពក៏ទទួលបានអត្ថប្រយោជន៍ទាំងនេះផងដែរ។
លោកបញ្ជាក់ថា៖ «ក្រុមប្រឹក្សាជាតិគាំពារសង្គមនេះ ទើបតែចាប់ផ្តើមអនុវត្តទៅលើនយោបាយជាតិគាំពារសង្គមដែលយើងបានដាក់ចេញឲ្យអនុវត្តដល់ឆ្នាំ ២០២៦ ដែលយើងបានចាប់ផ្តើមអនុវត្តគោលយោបាយ គាំពារផ្តល់ជាសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ»។
បើតាមលោក តូច ចាន់នី ការអនុវត្តគោលនយោបាយគាំពារសង្គមចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ គឺបានអនុវត្តតាំងពីខែកញ្ញា ឆ្នាំមុន ហើយក៏បន្តអនុវត្តចាប់ពីឆ្នាំ ២០២០ នេះតទៅផងដែរ។ គោលនយោបាយនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះរហូតដល់សម្រាលកូនហើយ ២ ឆ្នាំដោយក្នុងនោះ ស្ត្រីម្នាក់ទទួលបានថវិកាសរុប ១៩០ ដុល្លារ បែងចែកទៅតាមដំណាក់កាល។
លោកបន្ថែមថា៖ «ស្ត្រីដែលទទួលបានគោលនយោបាយនេះ គឺស្ត្រីក្រីក្រ ដែលមានបណ្ណក្រីក្រ ចេញដោយក្រសួងផែនការ បន្ទាប់ពីចុះទៅធ្វើជំរឿនថ្មីៗហ្នឹង។ ក្រៅពីនេះគឺស្ត្រីក្រីក្រដែលទទួលបានការវាយតម្លៃពីអាជ្ញាធរដែនដី ហើយយើងបានចេញបណ្ណនេះដើម្បីឲ្យគាត់ទទួលបានរបបនេះ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាត់ទុកការបង្កើតអនុគណៈកម្មាធិការជំនួយសង្គមក្នុងការគាំទ្រដល់ក្រុមប្រឹក្សាជាតិថា ជារឿងមួយល្អដែលរដ្ឋាភិបាល បានគិតគូរបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីមានផ្ទៃពោះ។
ទោះយ៉ាងណា លោកក៏ចង់ឲ្យក្រុមប្រឹក្សាក៏ដូចជា អនុគណៈកម្មាធិការនេះ អនុវត្តបន្ថែមទៀត និងធ្វើយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធភាព និងបើកឱកាសដល់ក្រុមអង្គការសង្គមស៊ីវិលបានចូលរួមក្នុងយន្តការទាំងនេះ។
លោកបន្តថា៖ «ដើម្បីឲ្យប្រសើរជាងនេះទៅទៀត ខ្ញុំគិតថាគួរតែមានភាគីសង្គមស៊ីវិលចូលរួមជាមួយអនុគណៈកម្មាធិការនេះ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ហើយគួរតែបន្ថែមការត្រួតពិនិត្យបន្ថែមទៀតទៅលើការប្រើប្រាស់សេវាជំនួយសង្គមនេះ ដោយធ្វើយ៉ាងណាទម្លាក់កញ្ចប់ថវិកាឲ្យចំគោលដៅ»៕