
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញរូបលោកជាមួយភរិយាលើទំព័រហ្វេសប៊ុកដែលលោកណែនាំឱ្យប្រយ័ត្នកូវីដ។ រូប SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីការរីករាលដាលនៃជំងឺកូវីដ ១៩ បានមកដល់ដោយលោកចាត់ទុកជាបញ្ហា ដែលអាចជាហានិភ័យខ្ពស់ ដែលគួរឱ្យបារម្ភខ្លាំង បើមិនយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ប៉ុន្តែលោកមិនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងស្រុង ឬផ្នែកណាមួយនោះទេ។ លោកស្នើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់លើការការពារសុខភាពក្នុងកាលៈទេសៈនេះ។
តាមរយៈសារសំឡេងពីថ្ងៃទី ៧ វិច្ឆិកា ដែលលោក ហ៊ុន សែន ប្រកាសបែបនេះ បន្ទាប់ពីមានអង្គរក្សខ្មែរ ១ រូបដែលការពារផ្ទាល់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីលោក Peter Szijjarto កាលពីថ្ងៃទី ៣ វិច្ឆិកា បានឆ្លងជំងឺកូវីដ ១៩។ លោកនាយករដ្ឋមន្ត្រីអំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ ជាពិសេសបានចាប់ដៃ និងទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសរូបនេះ ត្រូវប្រុងប្រយ័ត្ន និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយទៀត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងស្រុង ឬផ្នែកណាមួយនោះទេ ហើយខ្ញុំក៏មិនរារាំងនូវដំណើររបស់អ្នកដែលមិនមានការពាក់ព័ន្ធដែរ។ ប៉ុន្តែខ្ញុំសុំស្នើឱ្យអ្នកណាក៏ដោយត្រូវយកចិត្តទុកដាក់លើការការពារសុខភាពនៅក្នុងកាលៈទេសៈដែលយើងមិនមានភាពច្បាស់លាស់នេះ ដោយយើងត្រូវធ្វើការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល»។
លោកបានបន្តថា៖ «ខ្ញុំចាត់ទុកថា នេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់រាជធានីភ្នំពេញរបស់យើង។ ខ្ញុំសុំឱ្យអាជ្ញាធររាជធានីភ្នំពេញក៏ដូចជាវិស័យសុខាភិបាលដែលក្តាប់បានមុខសញ្ញា និងអំពាវនាវទៅដល់ក្រសួងស្ថាប័នដែលគ្រប់គ្រងមន្ត្រីបុគ្គលិកក៏ដូចជាស្ថាប័នព័ត៌មានទាំងឡាយត្រូវយកចិត្តទុកដាក់បន្ថែមទៀត តាមដានចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់។ បើមិនដូច្នេះទេ ហានិភ័យនឹងមានខ្ពស់បំផុតសម្រាប់ប្រទេសរបស់យើងនៅក្នុងកាលៈទេសៈនេះ»។
ស្ថិតក្នុងស្ថានភាពនេះលោកប្រាប់ឱ្យពលរដ្ឋក្នុងរយៈពេល ២ អាទិត្យខាងមុខនេះ ត្រូវរួមគ្នាការពារខ្លួនដោយការពាក់ម៉ាស់ និងរក្សាសុខភាពឱ្យបានត្រឹមត្រូវមុននឹងចេញលទ្ធផល បន្ទាប់ពីការធ្វើតេស្តជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងជម្នះបាននូវការលំបាកក្នុងកាលៈទេសៈដែលសភាពការណ៍តម្រូវឱ្យយើងត្រូវតែចាត់វិធានការចាំបាច់ដោយខានមិនបាន។ ទោះបីខ្ញុំស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក ក៏ខ្ញុំនៅតែបន្តតាមដាន និងបញ្ជាដឹកនាំទៅលើបញ្ហានេះបន្តទៀត។ តែសុំឱ្យមានកិច្ចសហការពីអ្នកដែលជាប់ពាក់ព័ន្ធ ហើយក៏សុំឱ្យអាជ្ញាធរមានសមត្ថកិច្ចតាមដានសម្រាប់អ្នកដែលធ្វើចត្តាឡីស័ក»។
បន្ទាប់ពីនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញជួលសណ្ឋាគារសម្រាប់ដាក់អ្នកគ្មានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះ ក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចយកសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (SOKHA Phnom Penh Hotel & Residence) សម្រាប់ផ្តល់ជូនអ្នកដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញកាលពីយប់ថ្ងៃទី ៧ វិច្ឆិកា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នា កំណត់ទីតាំងសម្រាប់ទទួលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី ៨ វិច្ឆិកា ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំងអស់ ជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយពុំមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនៅក្នុងភូមិ ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា គ្រឹះស្ថានសិក្សាឯកជនចំនួន ៨ ក្លិបហាត់កីឡាការ៉ាតេដូចំនួន ១ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ១ បានពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំឱ្យដឹងពីម្សិលមិញថា ក្រសួងបានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនទៅដល់គណ:គ្រប់គ្រងក្លិបហាត់ការ៉ាតេដូ មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាទាំងនោះដោយតម្រូវឱ្យផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល ១៤ ថ្ងៃ។
ថ្នាក់ដឹកនាំក្រសួងអប់រំក៏បានប្រកាសឱ្យដឹងនៅថ្ងៃទី ៧ វិច្ឆិកា ថា មាតាបិតា អ្នកអាណាព្យាបាលប្រមាណ ៩០០ នាក់បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រីនាពេលកន្លងមកនេះ។
បើតាមលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាគឺដោយសារតែមានការវិវត្តថ្មីៗនេះពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ក្រសួងអប់រំបានស្នើទៅដល់មាតាបិតា អ្នកអាណាព្យាបាលទាំងអស់ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រី និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា ត្រូវអនុវត្ត នូវវិធានការចាំបាច់មួយចំនួន។
លោកប្រាប់ថា៖ «វិធានការទាំងនោះគឺត្រូវផ្អាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្តោះអាសន្នចំនួន ១៤ ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិកព្រមទាំងត្រូវផ្តល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការបន្តក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចែករំលែកនូវបទពិសោធផ្ទាល់ខ្លួនរបស់លោកក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័កនៅក្នុងផ្ទះដូចជាកាត់បន្ថយនូវទីធ្លាដែលលោកត្រូវធ្វើការ ត្រូវដើរ ដោយលោកប្រើតែបន្ទប់ ២ ទេគឺបន្ទប់សម្រាក និងបន្ទប់បាយ។ លោកមិនអង្គុយតាមសាឡុង ឬកន្លែងណាផ្សេង។
នៅពេលបើកទ្វារបន្ទប់លោកយកក្រណាត់ រុំដៃ លោករើសយកប៊ិកតែ ២ គត់សម្រាប់កាន់ ដើម្បីចៀសវាងកុំឱ្យមានការប៉ះទៅនឹងប៊ិកដទៃនាំទៅដល់ផលវិបាកសម្រាប់ពេលក្រោយ។ លោកបន្តថា ឯកសារដែលបានយកមកជូនលោក និងយកចេញគឺត្រូវបាញ់ថ្នាំហើយអ្នកធ្វើការនៅក្នុងផ្ទះលោក និងផ្ទាល់ជាមួយលោកត្រូវពាក់ស្រោមដៃ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសុំអំពាវនាវឱ្យមានការធ្វើចត្តាឡីស័ក ហើយរដ្ឋមន្ត្រីដែលមានមន្ត្រី និងបុគ្គលិករបស់ខ្លួនពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក៏ត្រូវណែនាំបន្តទៅមន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីធ្វើចត្តាឡីស័កនេះឱ្យបានត្រឹមត្រូវ ដូចអ្វីដែលខ្ញុំបានកំពុងខិតខំធ្វើនេះ។ ព្រោះជោគជ័យ ឬមិនជោគជ័យ វាអាចនឹងផ្ទុះនៅក្នុងស្ថានភាពមួយដែលមិនទាន់ច្បាស់លាស់ ដែលយើងត្រូវមានការប្រុងប្រយ័ត្ន»។
យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៨ វិច្ឆិកា ប្រទេសកម្ពុជាមានអ្នកមានជំងឺកូវីដ១៩ទាំងអស់ចំនួន ២៩៥ នាក់ (ស្ត្រី ៦០ នាក់) ប៉ុន្តែអ្នកដែលបានព្យាបាលជាសះស្បើយទូទាំងប្រទេសចំនួន ២៨៨ នាក់ ស្មើនឹង ៩៧,៦៣%។ ចំណែកអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានចំនួន ៧ នាក់។ ក្នុងនោះបុរសជនជាតិខ្មែរ ៣ នាក់ ស្ត្រីជនជាតិខ្មែរម្នាក់ ស្ត្រីជនជាតិបារាំងម្នាក់ បុរសជនជាតិប៉ាគីស្ថានម្នាក់ និងបុរសជនជាតិឥណ្ឌាម្នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានពីម្សិលមិញរបស់ក្រសួងសុខាភិបាល គឺបុរសជនជាតិខ្មែរអាយុ ៣១ ឆ្នាំ ដែលជាអង្គរក្សការពារផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសហុងគ្រី រកឃើញលទ្ធផលតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់ពីបានធ្វើតេស្តលើកទី ២ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ក្រសួងសុខាភិបាលបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីទាំងអស់មកដល់ថ្ងៃទី ៧ មានចំនួន ៨៩២ នាក់។ ក្រសួងនឹងបន្តធ្វើតេស្តពួកគេឡើងវិញចំនួន ៣ ដងទៀតនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីទៅតាមកាលបរិច្ឆេទដោយលើកទី ២ នៅថ្ងៃទី ៩ វិច្ឆិកា លើកទី ៣ នៅថ្ងៃទី ១៤ វិច្ឆិកា និងលើកទី ៤ នៅថ្ងៃទី ១៨ ខែវិច្ឆិកា៕