ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អន្តរាគមន៍​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ក្នុង​តម្លៃ​ចំនួន​ ៤ ​សេន​ដុល្លារ​ ក្នុង​ ១ ​លីត្រ ដើម្បី​កុំ​ឲ្យ​មានតម្លៃ​ខ្ពស់​លើស​ពី​តម្លៃ​នៅលើ​ទីផ្សារ​អន្តរជាតិ ដែល​ការប្រែប្រួល​ទាំងនេះ​ត្រូវបាន​កំណត់​ក្នុង​រយៈពេល​ ២ ​សប្តាហ៍​ម្តង​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ ស្តីពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​បាន​ឲ្យ​ដឹងថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​ ១៦ ដល់​ថ្ងៃទី​ ២៩ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០ នឹងត្រូវ​លក់​ក្នុង​តម្លៃ​ ៣ ៦៦០ ​រៀល​/១ ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 ​និង ៣ ៤១៧ រៀល​/១ ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤ ​សេន​ដុល្លារ​/១ ​លីត្រ​។

សេចក្តី​ជូនដំណឹង​នោះ​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ១៦ ដល់​ថ្ងៃទី​ ២៩ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ នឹង​ចុះ​មកដល់​ ៣ ៥០០ ​រៀល​/​លីត្រ​ សម្រាប់​សាំង​ធម្មតា​ EA92 និង​ ៣ ២៥០ រៀល​/​លីត្រ​សម្រាប់​ប្រេង​ម៉ាស៊ូត​»​។

ការចូល​ខ្លួន​អន្តរាគមន៍​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នេះ ដោយសារ​តែ​នៅតាម​ស្ថានីយ​ទូទាំង​ប្រទេស ​កម្ពុជា ​តែងតែ​មាន​ការប្រែប្រួល​ជា​រៀងរាល់ថ្ងៃ​។ ដើម្បី​កំណត់​ឲ្យ​បាន​ជាក់លាក់​កុំ​ឲ្យ​មាន​ការ​ឡើងថ្លៃ​ហួសហេតុ ស្របពេល​កម្ពុជា​គោរព​តាម​ទីផ្សារសេរី​នោះ រដ្ឋាភិបាល​មាន​គោលនយោបាយ​មួយ​ដែល​កំណត់​ដោយ​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​គណនា​តម្លៃ​ប្រេង និង​ចេញ​ផ្សាយ​រៀងរាល់​ ២ ​ដង​ក្នុង​ ១ ​ខែ​។

លោក​ ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណី​នេះ​ដោយ​អះអាង​ថា លោក​កំពុង​ជាប់រវល់​។

យោង​តាម​សេចក្តីប្រកាស​រួមមួយ​ស្តីពី “​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ​”​ត្រូវបាន​ចុះហត្ថលេខា​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ដោយ​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃទី​ ៩ ខែ​ មីនា ឆ្នាំ​ ២០១៦ ​បាន​សម្រេច​ថា គោលនយោបាយ​នេះ គឺ​ដើម្បី​ឱ្យ​រាល់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​កំណត់​តម្លៃ​លក់រាយ​របស់​ខ្លួន​ទៅតាម​ការឡើង​ចុះ​នៃ​ទីផ្សារ​អន្តរជាតិ ដោយ​អនុវត្តតាម​រូបមន្ត​ដែលមាន​កំណត់​។

នៅក្នុង​ប្រការ​ទី​ ៥ នៃ​សេចក្តី​ប្រកាស​រួម​បាន​កំណត់ថា គ្រប់​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ដែល​លក់​ប្រេងសាំង​ត្រូវ​មាន​ប្រភេទ​ផលិតផល​ប្រេងសាំង​ធម្មតា ឬ សាំង​ស៊ុបពែរ​លក់​ក្នុងតម្លៃ​មិន​លើសពី​ថ្លៃ​ដែល​បានកំណត់​តាមរូបមន្ត​។ ក្នុងករណី​ដែល​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងឡាយ​ណា មិន​គោរព​តាម​ការកំណត់​នៃ​ប្រការ​ទី​ ៥ នេះ​ស្ថានីយ​នោះ​នឹងត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​មិន​លើសពី​ទឹកប្រាក់​ ៤ ​លាន​រៀល ឬ​អាច​នឹងរង​នូវ​ការបិទ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​រាជធានី​ភ្នំពេញ អ្នកស្រី ម៉ា លីដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការដែល​មាន​ការអន្តរាគមន៍​ឲ្យ​មាន​ការបញ្ចុះតម្លៃ​ប្រេង​បែប​នេះ​គឺជា​រឿង​មួយ​ដែល​ល្អប្រសើរ​បំផុត​។ ប៉ុន្តែ​សម្រាប់​អ្នកស្រី ការអន្តរាគមន៍​ឲ្យ​ប្រេងសាំង​មាន​តម្លៃ​កាន់តែ​ទាប​ជាង​នេះ​បន្ថែមទៀត​នោះ ក៏​កាន់តែ​ល្អ ព្រោះ​បច្ចុប្បន្ន​មិនមែន​តែ​តម្លៃ​ប្រេងសាំង​នោះទេ ដែល​មាន​តម្លៃ​ថ្លៃ សូម្បី​ទំនិញ​នៅ​លើ​ទីផ្សារ គឺ​សុទ្ធតែ​មាន​ការឡើងថ្លៃ​ដែល​ធ្វើឲ្យ​ប្រាក់ចំណូល​រកបាន​មិន​អាច​ផ្គត់ផ្គង់​ក្នុង​ការចំណាយ​គ្រប់គ្រាន់​។

អ្នកស្រី​ ម៉ា លីដា រៀបរាប់ថា​៖ «​សម្រាប់​ខ្ញុំ គិតថា​ការបញ្ចុះ​តម្លៃ​វា​ល្អ​ហើយ​។ ប៉ុន្តែ​បើ​ប្រេង​ចុះ​ដល់​ត្រឹម​ ២ ០០០ ​រៀល​ សប្បាយ​ចិត្ត​ណាស់ ហើយ​បើ​បាន​បញ្ចុះតម្លៃ​លើ​ទំនិញ​ប្រើប្រាស់​ទូទៅ​ទៀត គឺ​រឹតតែ​ល្អ​ខ្លាំង​ជាង​ប្រេង​ទៀត​។ ព្រោះ​ប្រាក់ខែ​រាល់ថ្ងៃ​កាត់​ពន្ធ និង​ទិញ​អីវ៉ាន់​ប្រើប្រាស់​អស់ហើយ​នៅ​ទឹក​ភ្លើង​ទៀត គ្មាន​លុយ​សល់​ទេ ព្រោះ​ត្រូវ​ចំណាយ​លើ​ម្ហូប​ច្រើន អ៊ីចឹង​ជួប​ការលំបាក​ទៅតាម​ហ្នឹងឯង​»៕

វីដេអូ៖