ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌ សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលា​រាជធានី​ភ្នំពេញ ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ទៅលើ​មន្ត្រីនគរបាល​ផ្កាយ ២ មួយ​រូប​នៃ​ស្នងការដា្ឋន​នគរបាល​ជាតិ​ម្នាក់​ដែល​បាន​បំពាន​នឹង​បម្រាម​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​តាមរយៈ​សារ​ជា​សំឡេង​មួយ​ដោយ​លោក​បាន​លើកឡើងថា លោក​កំពុង​រៀបចំ​នីតិវិធី​ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ដក​ស័ក្តិ​ និង​បណ្តេញ​ចេញ​ពី​នគរបាលជាតិ។

លោក​បាន​ថ្លែងថា៖ «ម្នាក់នេះ​ត្រូវតែ​កាត់ទោស ហើយ​ខ្ញុំ​កំពុងតែ​ធ្វើ​នីតិវិធី​ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ដក​ស័ក្តិ ហើយ​បណ្តេញ​ចេញពី​នគរបាលជាតិ។ វាយខ្នោះ​ហើយ មិន​ត្រូវ​ព្រលែង​ទេ​គឺ​ត្រូវតែ​កាត់ទោស ហើយ​ថ្ងៃនេះ​ចូលធ្វើការ​វិញ យើង​កាត់ទោស​ថ្ងៃនេះ គឺ​ល្អ​ម៉ង»។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀតថា អ្នកណា​ដែល​បំពាន​នឹងត្រូវ​កាត់ទោស​តែម្តង។

គួរ​បញ្ជាក់ថា កម្លាំង​នគរបាល​ខណ្ឌមានជ័យ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី ១៦ ខែមេសា បាន​ចាប់​វាយខ្នោះ​ឧត្តមសេនីយ៍ទោ​ម្នាក់​ឈ្មោះ អ៊ុង ចាន់ធួក អាយុ ៤៥ ឆ្នាំ ដែលមាន​តួនាទី​ជា​អនុប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អ្នកពាក់ព័ន្ធ​ចំនួន ២ នាក់​ទៀត ដោយសារ​អ្នក​ទាំងនេះ​បានរៀបចំ​កម្មវិធី​ផឹកស៊ី រាំ ច្រៀង និង​រហូត​មាន​ការលេង​ប៉ាត​ម្សៅ​ជាមួយ​នឹង​អ្នក​ជួល​បន្ទប់​របស់គាត់​ជាច្រើន​នាក់​ទៀតផង។

លោក​ គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​កាលពី​យប់​ថ្ងៃទី ១៦ ខែ​មេសា ថា វិធាន​ការបិទ​ខ្ទប់​ត្រូវបាន​ដាក់ចេញ​ក្នុង​គោលបំណង​កាត់ផ្តាច់​នូវ​ការ​បំលាស់​ទី​រវាង​មនុស្ស​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។

លោក​បាន​ថ្លែងថា៖ «វិធានការ​នេះ​ត្រូវបាន​អនុវត្តន៍​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការធ្វើដំណើរ ការជួបជុំ និង​ចំពោះ​សកម្មភាព​អាជីវកម្ម​ដែល​មិន​បម្រើឱ្យ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ»។

លោក​ គឹម សន្តិភាព ​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្តន៍​វិធានការ​នេះ​ឱ្យបាន​ត្រឹមត្រូវ បើ​មិន​ដូច​នោះទេ​នឹង​ទទួលបាន​នូវ​ការអនុវត្ត​ច្បាប់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​រួមមាន​ការពិន័យ​ជា​ប្រាក់ ​និង​ការដាក់ទណ្ឌកម្ម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ផងដែរ៕