The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​ពី​ម្សិលមិញ ។ រូបថតៈ ហ្វេសប៊ុក

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។

ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ​ឈ្មោះ​ ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង នៃ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ គិត ម៉េង កាលពី​ម្សិលមិញ​ដោយ​បាន​ចាត់​ទុក​វត្តមាន​របស់​លោក​ក្នុង​ពិធី​នោះ​ថា ដើម្បី​បញ្ចប់​បញ្ហា​ក្តៅៗ​មួយ​ចំនួន​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ក្នុង​នោះ​រួម​មាន​ការមិន​អភិវឌ្ឍ​កោះ​ប្រមាណ​ជា ៣០ ក្រោយ​ពេល​ចុះ​ហត្ថលេខា​រួច​ហើយ​ និង​បញ្ហា​ទន្ទ្រាន​យក​ដី​រដ្ឋ ពិសេស​គឺ​នៅ​កោះរ៉ុង​ដ៏រ៉ាំរ៉ៃ និង​ភាព​អនាធិបតេយ្យ​ក្នុង​ការ​កាប់​ឈើ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​៖ «​ក្រុមហ៊ុន​នានា​ឥឡូវ​នេះ​មាន​ប្រហែល​ជា​ ៣០ កោះ​ដែល​យើង​ត្រូវ​ដកហូត​ត្រឡប់​មកវិញ​ដោយសារ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ទាំងអស់​…​កោះ​មួយ​ចំនួន​នៅក្នុង​សមុទ្រ​ដែល​ចុះ​ហត្ថលេខា​រាប់​ឆ្នាំ​ហើយ​នោះ​ដែល​មិន​បាន​អនុវត្ត ហើយ​គិត​តែ​ពី​ដើរ​លក់​គម្រោង​។ ​លក់​គម្រោង​មិន​អនុញ្ញាត​ទេ ចាប់​ដៃគូ​បាន​»​។ ​ក្នុង​ចំណោម​កោះ​ទាំង​នោះ​ប្រមុខ​រដ្ឋាភិបាល​បាន​បង្ហាញ​ឈ្មោះ​កោះ​មួយ​ឈ្មោះ​កោះទន្សាយ​ដែល​មាន ៣ ​ក្រុមហ៊ុន ហើយ​ត្រូវ​បញ្ជា​ឲ្យ​ដកហូត​មុន​គេ​។

ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​៖ «​ចុះហត្ថលេខា​ហើយ​មិន​ធ្វើ ដូចជា​កោះ​ទន្សាយ​។ នៅ​តែ​ទន្សាយ​ហ្នុង​។ ដក​មុន​គេ​ដក​អា​កោះទន្សាយ​ហ្នឹង​តែ​ម្តង​។ ​ខ្ញុំ​បញ្ជា​ឲ្យ​ដក​អា​កោះទន្សាយ​...​ឲ្យ​ ៣​ ក្រុមហ៊ុន អត់​ធ្វើ​ទាំងអស់​។ ​ទទេ​ទាំងអស់​។ យក​ទាំងអស់​រួច​ហើយ​ស៊ីដាច់​ប្រាក់​កក់​ទៀត​កុំ​សូវ​ពេក​»​។

ក្រៅពី​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឲ្យ​រក្សា​ឆ្នេរ​ឲ្យ​បាន​ល្អ​ហើយ​ទាក់ទាញ​ការវិនិយោគ​បន្ថែម​។ ប៉ុន្តែ​រាល់​ការ​ការវិនិយោគ​គឺ​ត្រូវ​មាន​ប្លង់​ឲ្យ​បាន​ច្បាស់​ពី​កម្ពស់​នៃ​សំណង់​អគារ​ដែល​មិន​ត្រូវ​សាងសង់​រហូត​ដល់​ទៅ​ ២០ ​ឬ​ ៥០ ​ជាន់​ទេ ដើម្បី​រក្សា​សម្រស់​ធម្មជាតិ​ និង​បាន​ចាត់​ឲ្យ សុក ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ត្រួតពិនិត្យ និង​ដកហូត​កោះ​ទាំង​នោះ​មក​វិញ​ដើម្បី​រៀបចំ​ការ​វិនិយោគ​សា​ជាថ្មី​។ ទោះ​យ៉ាង​ណា​លោក​ សុក ចិន្តាសោភា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ​។

ទន្ទឹម​នឹង​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើកឡើង​ពី​រឿង​ដីធ្លី​កោះរ៉ុង​ផង​ដែរ ដោយ​បាន​ចាត់​ទុក​ថា​ជា​ «​បញ្ហា​ក្តៅ​ជាងគេ​»​ ក្នុង​ចំណោម​ទំនាស់​នៅ​ខេត្ត​ព្រះសីហនុ​។ ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ទី​នោះ​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​មាន​ ១២២១ ​ក្បាល​ដី​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​នៅ​កោះរ៉ុង​។ ​ប៉ុន្តែ​មាន​តែ​ ៦៣៧ ​ក្បាល​ដី​ដែល​មាន​ផ្ទៃដី​ ៥២៥,៣៧ ​ហិកតា​ប៉ុណ្ណោះ​ត្រូវ​បាន​ប្រគល់​ជូន​ពលរដ្ឋ​ដែល​រស់នៅ​អចិន្រៃ្តយ៍ ខណៈ​ក្បាលដី​នៅ​សល់ ៥៨៤ ពុំទាន់​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដោយសារ​ក្បាលដី​ខ្លះ​មាន​វិវាទ​ និង​ខ្លះ​ទៀត​ក៏​ពុង​បន្ត​ពិនិត្យ​អត្តសញ្ញាណ​ម្ចាស់​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្ដែង​ការងឿង​ឆ្ងល់​ចំពោះ​ចំនួន​អ្នក​មាន​ដី​ដ៏ច្រើន​នៅ​កោះរ៉ុង​នោះ​។

ប្រមុខ​រដ្ឋាភិបាល​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សុំ​និយាយ​ដោយ​ត្រង់​ទៅ​ចុះ មុន​ឆ្នាំ​ ២០០៨ មាន​ប្រជាជន​ប៉ុន្មាន​? ​ហើយ​តើ​អ្នក​កាន់កាប់​ដីធ្លី​លើ​កោះ​ហ្នឹង​មាន​ប៉ុន្មាន​ពិតប្រាកដ​? រឿង​នេះ​វា​ជា​រឿង​ដែល​ទន្ទ្រាន​កាន់កាប់​ដោយ​ពលរដ្ឋ​ហើយ​អ្នក​ខ្លះ​មកពី​ចម្ងាយ​ឯ​នោះ​ទេ​។ ​យក​នាម​ប្រជាជន​នៅ​លើ​កោះ តែ​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​ និង​នៅ​កន្លែង​ផ្សេងៗ​ហើយ​បោះទុន​តាមរយៈ​នេះ​»​។

លោក​បាន​បន្ត​ថា​៖ «​នោះ​ហើយ​ជា​បញ្ហា ខ្ញុំ​មិន​ជឿ​ថា​ពលរដ្ឋ​នៅ​កោះរ៉ុង​នេះ​គឺ​មាន​ដីធ្លី​ច្រើន​ដល់​ទៅ​កម្រិត​ប៉ុណ្ណឹង​ទេ​។ អ្នក​កោះរ៉ុង តើ​ធ្វើ​ផ្ទះ ធ្វើ​អាជីវកម្ម​អស់​ប៉ុន្មាន​ទៅ​? ​តែ​បែរ​ជា​មាន​ដីធ្លី​ហ្នឹង​វា​ច្រើន​ពេក​។ អ៊ីចឹង​បញ្ហា​នេះ​គួរ​តែ​បញ្ឈប់​ការ​ទន្ទ្រាន​កាន់កាប់​យក​ដី បំផ្លាញ​ឆ្នេរ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​​សកម្មភាព​ទន្ទ្រាន​យក​ដី​នោះ​មិន​ត្រឹម​​កោះរ៉ុង​ទេ តែ​ក៏​មាន​កោះ​មួយ​ចំនួន​​ទៀត​ដែរ​។ គ្រាន់តែ​កោះរ៉ុង​ «​កើត​ច្រើន​ជាង​គេ​ហើយ​រ៉ាំរ៉ៃ​»​។ ​ក្រៅពី​នោះ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ក៏​មាន​ពលរដ្ឋ​ទៅ​អះអាង​ថា​ជា​ដី​របស់​ខ្លួន​ដែរ​នាពេល​ថ្មីៗ​នេះ​។ ​ក្នុង​បញ្ហា​ដីធ្លី​នោះ​ក៏​មាន​មន្ត្រី​មួយ​ចំនួន​រួម​នឹង​ក្រុម​អ្នក​មាន​ផង​ដែរ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​​មក​កោះរ៉ុង​ថ្ងៃ​នេះ ខ្ញុំ​ចង់​មក​ពន្លត់​ភ្លើង​នៅ​លើ​កោះរ៉ុង​។ ​បើ​មិន​ដូច្នេះ​ទេ កោះរ៉ុង​នៅ​តែ​មាន​ភ្លើង​ឆាបឆេះ ហើយ​ខ្ញុំ​ក៏​ចង់​មើល​មុខ​មន្ត្រី​ដែ​មាន​អំណាច​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង ហើយ​ក៏​ខ្ញុំ​ចង់​ឃើញ​អ្នក​ដែលមាន​ប្រាក់កាស​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ដែរ​»​។

ប្រមុខ​រដ្ឋាភិបាល​ថ្លែងថា​៖ «​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់ៗ​ដើម្បី​ល្មម​គ្រប់គ្រាន់​ហើយ​អស់​លោក​។ ​ទ្រព្យសម្បត្តិ​របស់​ជាតិ​គឺ​ត្រូវ​បាន​យក​កន្លែង​នេះ​ម្នាក់ៗ​មាន​​ដី​រាប់រយ​រាប់ពាន់​ហិកតា​ច្រើន​ណាស់​ហើយ​ច្រើន​ជាង​នាយក​រដ្ឋមន្ត្រី ដែល​នាយក​រដ្ឋមន្ត្រី​អត់​ទាំង​មាន​ដី​ធ្វើ​ផ្ទះ​នៅ​ភ្នំពេញ​ផង​...​តែ​ធ្វើ​នាយករដ្ឋមន្ត្រី​មិន​លោភលន់​។ ដោយសារ​ខ្ញុំ​មិន​លោភលន់​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​នៅ​មាន​ទឹក​មាត់​ប្រៃ​ដើម្បី​នឹង​ចង្អុល​មុខ អ្នក​ដែល​ទន្ទ្រាន​កាន់កាប់​ដី​របស់​គេ​»​។

ប្រមុខ​រដ្ឋាភិបាល​បាន​ប្រគល់​ការងារ​ត្រួតពិនិត្យ​អត្តសញ្ញាណ​អ្នក​កាន់កាប់​ ៥៨៤ ​ក្បាល​ដី​នៅ​កោះរ៉ុង​នោះ ឲ្យ​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ដោះស្រាយ ហើយ​ផ្តល់​យោបល់​ថា អ្នក​ដែល​មិន​រស់​នៅ​លើ​កោះរ៉ុង តែ​មក​ចាប់ដី​នៅ​ទីនោះ​ «​គួរតែ​ត្រូវបាន​ចាញ់ ព្រោះ​យើង​មិន​ដែល​បាន​ឲ្យ​ពួកនេះ​ចាញ់​ទេ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បន្ទោស​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ និង​អភិបាល​​ខេត្ត​ជាថ្មី​ម្តង​ទៀត​ដែល​មិន​ទទួល​ខុសត្រូវ​លើ​ការងារ ហើយ​តែង​ប្រគល់​បញ្ហា​ឲ្យ​លោក​ដោះស្រាយ​ដោយ​ប្រៀបធៀប​ដូច​ការ​ «​បោះ​ដុំ​ថ្ម​ក្តៅ​» ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កាន់​ជា​ជាង​ការ​បោះ​ដំឡូង​ក្តៅ​ឲ្យ​កាន់​។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ល្ងង់​តទៅ​ទៀត​ទេ​។ ច្បាប់​បាន​កំណត់​ឲ្យ​អស់​លោក​បាន​ធ្វើ​អី​។ អស់​លោក​ត្រូវ​ធ្វើ​អាហ្នុង​។ ខ្ញុំ​បាន​បញ្ជាក់​ថា ត្រូវ​អនុវត្ត​តាម​ច្បាប់ មិនត្រូវ​អនុវត្ត​តាម​បទបញ្ជា​ទេ ព្រោះ​បើ​មិន​អ៊ីចឹង​ស្អី​ឡើង​ក៏​នាយក​រដ្ឋមន្ត្រី​បញ្ជា​។ តើ​អស់​លោក​ធ្វើ​រដ្ឋមន្ត្រី ធ្វើ​ចៅហ្វាយ​ខេត្ត​ធ្វើ​អី​? ​បើ​ស្អី​ក៏​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​ចាំបាច់​មាន​ក្រសួង​ធ្វើ​អី​»​។

ជាមួយ​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ការគ្រប់គ្រង​ដ៏ធូររលុង​លើ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​កោះ​ទាំង​នោះ​ដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​បញ្ហា​ឈើ​ត្រូវ​ការពារ​ឲ្យ​បាន​។ ​រដ្ឋបាល​ព្រៃឈើ​មាន​ដែរ តែ​ចេះ​តែ​បណ្តោយ​ឲ្យ​គេ​កាប់​រហូត​។ នៅ​ទី​នេះ​គ្រប់គ្រង​អារឿង​ឈើ​ហ្នឹង​ធូររលុង​ដែរ​។ នៅ​លើ​កោះ​ហ្នឹង​មាន​ប៉ុន្មាន​? សៅ សុខា ប្រមូល​កម្លាំង​ដាក់​។ ​ឲ្យ​តាំងពី​ឧទ្ធម្ភាគចក្រ​មើល​វា​កាប់​នៅ​ត្រង់​ណា​បាន​ជា​វា​អារ​ក្នុង​ហ្នឹង​ហើយ​អូស​ទម្លាក់​ទឹក​លក់​ដីគោក​ទៅ​ទៀត​...»​។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លោក ឈិន សេងងួន អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កោះរ៉ុង​ដែរ ក្នុង​នោះ​មាន​ទាំង​ចាប់​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ និង​ខ្លះ​ទៀត​កំពុង​តាម​ចាប់​ខ្លួន​។

លោក សេងងួន បាន​បញ្ជាក់​ថា​៖ «​និយាយ​ឲ្យ​ខ្លី​គឺ​មាន​ការបង្ក្រាប ហើយ​ដី​រដ្ឋ​ហ្នឹង​គឺ​យើង​បាន​ចុច​និយាម​ការ​រក្សា​ទុក​អស់​ហើយ​»​។

លោកស្រី ចាប សុធារី អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​បាន​ឲ្យ​ដឹងថា ២ ​ឆ្នាំ​ចុង​ក្រោយ អាដហុក ​បាន​ទទួល​ពាក្យបណ្តឹង​យ៉ាង​ហោច​ ៣០ ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​កោះរ៉ុង ហើយ​ក៏​កំពុង​ឃ្លាំ​មើល​ការដោះស្រាយ​ជម្លោះ​នោះ​។ ​ក្រៅពី​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ខេត្ត​ហើយ​គ្រាន់តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ក្បាលដី​ ៩៥ ​ត្រូវ​បាន​គេ​ប្តឹង​ជំទាស់​ពេល​ប្រកាស​ទិន្នន័យ​បណ្តោះអាសន្ន​ជា​សាធារណៈ ហើយ​​ពេល​នេះ​អាជ្ញាធរ​កំពុង​ដោះស្រាយ​។

លោកស្រី​ថា​អ្នក​ពី​ខាង​ក្រៅ​ដែល​មិន​រស់នៅ​កោះរ៉ុង​មាន​ដី​នៅ​ទី​នោះ​តាម​ការទិញ​តៗ​ពីគ្នា​ និង​ខ្លះ​តាមរយៈ​ការទន្ទ្រាន​យក​។ ​លោកស្រី​កត់សម្គាល់​ថា​មន្ត្រីរាជការ​ដែល​មាន​ដី​នៅ​ទី​នោះ​មាន​មកពី​ច្រើន​ស្ថាប័ន​របស់​រដ្ឋ​។

លោកស្រី​ថា​៖ «​មន្ត្រី​រាជការ​ពី​ច្រើន​ស្ថាប័ន​សុទ្ធ​តែ​មាន​ដី​នៅ​តំបន់​នោះ​។

ជួនកាល​មានការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​ដែរ​។ ​អ្នក​គ្រង់គ្រង​ច្រើន​តែ​មាន​ឱកាស​ច្រើន​ជាង​ពលរដ្ឋ​។ ពលរដ្ឋ​ខ្លាច​ច្បាប់​មិន​សូវ​ហ៊ាន​ទេ​»​។

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​ដែនដី​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕

អត្ថបទគួរចាប់អារម្មណ៍