ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យថ្នាក់ដឹកនាំខេត្តមួយចំនួនដែលមិនទាន់បានប្រកាសបិទពិធីមង្គលការ និងពិធីជួបជុំគ្នាទាំងអស់ត្រូវធ្វើការពិចារណាបិទ ឬផ្អាកការរៀបចំណាមួយតាមសេចក្តីសម្រេចរបស់ខេត្ត។
លោកបានថ្លែងតាមសារជាសំឡេងនៅថ្ងៃទី ១៥ ខែមីនា នេះថា លោកគិតថារឿងនេះ គឺជារឿងដែលគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ហើយដាក់ចេញនូវវិធានការលើករណីនេះ។
លោក ហ៊ុន សែនបានមានប្រសាសន៍ថា៖ «អង្វរករសុំចិត្តប្រជាពលរដ្ឋរបស់យើង មេត្តាយោគយល់ ឥឡូវនេះគ្រាន់តែករណីកើតឡើងក្នុងខេត្តតាកែវមួយ គឺត្រូវបិទកន្លែងជាច្រើន និងបានបង្កឱ្យមានហានិភ័យជាច្រើនទៀត»។
លោកថា លោកបានផ្តល់សិទ្ធិទៅឱ្យអភិបាលខេត្តទាំងអស់រួចហើយ នៅឡើយតែថ្នាក់ដឹកនាំខេត្តទាំងអស់ចេះប្រើប្រាស់នូវសិទ្ធិដែលលោកបានផ្តល់នោះដោយរបៀបណាតែប៉ុណ្ណោះ។
លោកបន្តថា៖ «ត្រូវពិនិត្យមើលកន្លែងណាដែលមិនទាន់មានវិធានការណ៍ហ្មត់ចត់ សុំយកចិត្តទុកដាក់ ដោយសារឥឡូវនេះមានករណីអ្នកនៅរាជធានីភ្នំពេញបានទៅការគេនៅខេត្ត ហើយអ្នកនោះមានលទ្ធផលវិជ្ជមានកូវីដ ១៩ ដែលជារឿងមួយដែលផ្អើលស្ទើរតែកន្លះប្រទេស។ ដូចនេះអាពាហ៍ពិពាហ៍គួរតែត្រូវបានផ្អាក ហើយបើធ្វើគួរតែសែនព្រេនបណ្តោះអាសន្នសិនក៏បាន»។
លោក ហ៊ុន សែន បានបញ្ជាឱ្យមានការពិចារណាលើការបិទកម្មវិធីទាំងនេះ គឺបន្ទាប់ពីមានករណីអតីតសង្ឃមួយរូបឈ្មោះ កក្កដា សោភ័ណ្ឌ បានចូលរួមពិធីមង្គលការនៅខេត្តតាកែវ កាលពីថ្ងៃទី ១២ ខែមីនា កន្លងមក ហើយត្រូវបានពិនិត្យមានវិជ្ជមានកូវីដ ១៩។
អាជ្ញាធរខេត្តតាកែវសម្រេចបិទភូមិក្រាំងលាវទាំងស្រុងនៅថ្ងៃនេះ ក្នុងឃុំរវៀង ស្រុកសំរោង ក្រោយពេលដែលអ្នកជំងឺ កក្កដា សោភ័ណ្ឌ បានចូលរួមដោយមិនអនុញ្ញាតឱ្យមានការចេញចូលទេ។ ក្នុងនោះដែរ អ្នកប៉ះពាល់នៅក្នុងពិធីមង្គលការជាមួយអ្នកជំងឺនេះមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ២៥ នាក់ និងប៉ះពាល់ប្រយោលចំនួន ៣៥៥ នាក់។
មួយវិញទៀត អាជ្ញាធរខេត្តកំពង់ស្ពឺក៏បានសម្រេចផ្អាកទីតាំងចំនួន ៥ កន្លែង ក្នុងខេត្តដែលពាក់ព័ន្ធមិត្តភក្តិរបស់អ្នកជំងឺ កក្កដា សោភ័ណ្ឌ៕