ភ្នំពេញ៖ លោក​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្រ្តី​នៃ​ក្រ​សួង​ការ​ពារ​ជាតិ ក្រ​សួង​សុខា​ភិបាល​ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​ អគ្គ​មេ​បញ្ជា​ការ​កង​យោធ​ពល​ខេម​រភូមិន្ទ ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​សាលា​រាជ​ធានី​ភ្នំពេញ ធ្វើ​ការ​រៀប​ចំ​សណ្ឋា​គារ​ចំនួន​ ២ បន្ថែម​ទៀត​ ជា​មន្ទីរ​ពេទ្យ​សម្រាប់​ដាក់​ព្យា​បាល​អ្នក​ជំងឺ​កូវីដ​ ១៩។

លោក​ ហ៊ុន សែន បាន​ថ្លែង​តាម​រយៈសារ​សំឡេង​មួយ​ ​​នៅ​យប់​ថ្ងៃ​ពុធ​ទី ១០ ខែ មីនា ឆ្នាំ​ ២០២១ ​នេះ ដោយ​មាន​ការ​បារម្ភ​ពី​ការ​កើន​ឡើង​នូវ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​ និង​ជំងឺ​ផ្សេងៗ​ទៀត​ លោក​ក៏​បាន​បញ្ជា​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ និង​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក រៀប​ចំ​មន្ទីរ​ពេទ្យ​ចំនួន​ ២​ បន្ថែម​ទៀត​ ដោយ​យក​សណ្ឋា​គារ​ធ្វើ​ជាទី​កន្លែង​រៀបចំ ដែល​អាច​មា​នប្រ​មាណ​ជា​ ២០០​ បន្ទប់​ ឬ​អាច​លើស​នេះ។

លោក​មាន​ប្រ​សាសន៍​ថា៖ «ខ្ញុំ​បាន​ពិ​ភាក្សា​ជា​មួយ​នឹង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បញ្ចេញ​ពេទ្យ​កង​ទ័ព​ដើម្បី​ជួយ​ដល់​គ្រូ​ពេទ្យ​ស៊ីវិល។​ ​ខាង​កង​ទ័ព​ក៏​បាន​រៀប​ចំ​៣០​ក្រុម​នៃ​ក្រុម​វេជ្ជ​បណ្ឌិត​និង​គ្រូពេទ្យ​ដើម្បី​ជួយ​ដល់​ផ្នែក​ស៊ីវិល»។

លោក​ ហ៊ុន សែន បាន​បន្ត​ថា នៅ​ពេល​ដែល​មន្ទីរ​ពេទ្យ​ ២ នេះ​ បាន​បង្កើត​ឡើង​គឺ​ត្រូវ​ប្រ​គល់ឱ្យ​ពេទ្យ​កង​ទ័ព​ជា​អ្នក​រៀប​ចំ​និង​គ្រប់គ្រង​តែម្តង និង​ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ហើយ​កម្លាំង​សល់​ក៏​នឹង​ត្រូវ​ត្រៀម​ទៅ​តាម​គោល​ដៅ​ដែល​មាន​ហានិ​ភ័យ​ខ្ពស់៕