ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​កុំ​ចេញ​ក្រៅ​ផ្ទះ និង​គ្រប់គ្រង​កូនចៅ​នៅក្នុង​ផ្ទះ​បើ​គ្មាន​ការចាំបាច់​ដែល​ត្រូវ​ចេញ​ទៅ​ខាងក្រៅ បើ​ចេញ​ត្រូវ​ពាក់ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​មិនទាន់​ដឹង​ច្បាស់​ពី​ប្រភព​ជំងឺ​ចេញពី​កន្លែង​ណា​ពិតប្រាកដ​។ ខណៈ​ព្រឹទ្ធសភា​នឹង​អនុម័ត​ច្បាប់​ស្ដីពី​វិធាន​គ្រប់គ្រង​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ១១ ខែមីនា ដែល​ជា​សេចក្ដី​ស្នើច្បាប់​ប្រញាប់​។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​នៅ​យប់​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២១ ​ថា​៖ «​សភាពការណ៍​នៅក្នុង​ប្រទេស​កម្ពុជា ពិតជា​មិនធម្មតា​ដែល​ចំនួន​នៃ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​មាន​ការកើនឡើង​ដោយ​គិត​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តព្រៃវែង និង​ផ្នែក​ខ្លះ​ក្នុង​ខេត្តកណ្តាល​។ សភាពការណ៍​នេះ​បានដាក់​ចេញ​ជា​ចំណោទ​ធំៗ សម្រាប់​យើង​ក្នុង​ការបន្ត​ជំហាន​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ដ៏កាចសាហាវ​នេះ​កាន់តែ​រាលដាល​ខ្លាំង ដោយ​ពេលនេះ​មិនដឹង​ថា ជំងឺ​ពិតប្រាកដ​ចេញពី​កន្លែង​ណា​»​។

ជាមួយ​គ្នា​នេះដែរ នាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ និង​ចេញ​បទបញ្ជា​ឱ្យ​ស្ថាប័ន​នីមួយៗ​របស់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​នីតិប្បញ្ញតិ​ផ្អាក​ជា​បណ្តោះអាសន្ន តាម​ការកាត់បន្ថយ​នូវ​ចំនួន​មនុស្ស​ធ្វើការ​ឱ្យបាន​យ៉ាងហោចណាស់​ ៩០ ​ភាគរយ ដោយ​ត្រូវ​ធ្វើការ​ពី​គេហដ្ឋាន​ជំនួស​វិញ​។

លោក​មានប្រសាសន៍​ថា​៖ «​ត្រូវមាន​មនុស្ស​ប្រចាំការ​តែ​ចំនួន​តិចតួច​បាន​ហើយ ដោយ​ការផ្អាក​បណ្តោះអាសន្ន​នេះ​គឺ​ក្នុង​រយៈពេល​យ៉ាងតិច​ ៧ ​ថ្ងៃ​។ ការធ្វើ​ដូចនេះ​គឺ​យើង​អាច​បញ្ចៀស​នូវ​ហានិភ័យ​ដែល​យើង​មិនទាន់​ស្គាល់​នូវ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​»​។

លោក​ ហ៊ុន សែន ​បាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​បញ្ហា​ប្រឈម​ដ៏ធំ​។ ខ្ញុំ​គិតថា​វិធានការ​នេះ​គឺជា​វិធានការ​ចាំបាច់​ដើម្បី​ការពារ​នូវ​សុខភាព​របស់​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ ក៏ដូចជា​សង្គមជាតិ​របស់​យើង​ផងដែរ ហើយ​ខ្ញុំ​សុំ​អំពាវនាវ​ឱ្យមាន​ការផ្អាក​នូវ​ការជួបជុំ​ដែល​មិនមាន​ការចាំបាច់​ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​»​។

លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើការ​ណែនាំ និង​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់ និង​បន្ទាន់​មួយចំនួន​ដោយបាន​កំណត់​ជា​អប្បបរមា​នូវ​ចំនួន​មន្ត្រី​ដែល​ត្រូវ​មក​បំពេញការងារ និង​ប្រចាំ​នៅ​ក្រសួង អនុញ្ញាត និង​ចាត់ចែង​ឱ្យ​មន្ត្រី​ធ្វើការ​នៅផ្ទះ​រៀងៗ​ខ្លួន និង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប្រចាំ​ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣ ​ការពារ​» និង «៣ ​កុំ​»​។

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០ ​កុម្ភៈ រាជរដ្ឋាភិបាល​បានស្នើ​ច្បាប់​ស្ដីពី​វិធានការ​គ្រប់គ្រង​កូវីដ​ ១៩ នេះ​ឡើង​កាលពី​ថ្ងៃទី​ ២៨ កុម្ភៈ ហើយ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​ ៥ មីនា​។ លោក ហ៊ុន សែន តាមរយៈ​សារ​ជា​សំឡេង​កាលពី​យប់​ថ្ងៃទី​ ៨ មីនា​នោះ​ដែរ​ ក៏​បាន​ជំរុញ​ឱ្យ​ព្រឹទ្ធសភា ពន្លឿន​ការអនុម័ត​ច្បាប់​នេះ ព្រោះ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​នឹងមិន​ត្រូវបាន​​ប្រើប្រាស់​ទេ​។

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ខ្ញុំ​ស្នើ​ឯកឧត្តម​ប្រធានព្រឹទ្ធសភា​ស្ដីទី មេត្តា​ពិនិត្យ​រក​វិធី​ណា​ដើម្បីឱ្យ​ច្បាប់​ដែល​សភា​បាន​អនុម័ត​នោះបាន​ចូល​ជា​ធរមាន​។ អាច​បើក​ការប្រជុំ​តាម​អនឡាញ ហើយ​មាន​ការជួបជុំ​ក្នុង​ទម្រង់​ចំនួន​មនុស្ស​តិច​ដែល​អាចធ្វើ​ទៅបាន ព្រោះ​ច្បាប់​នេះ​ត្រូវការ​បន្ទាន់ យើង​មិនអាច​ប្រើ​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន​សម្រាប់​សភាពការណ៍​នេះ​ទេ​។ តែ​យើង​ត្រូវការ​ច្បាប់​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាចសាហាវ​ផ្សេងទៀត​»​។

ព្រឹទ្ធសភា​នឹង​កោះប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​ ១១ ខែមីនា​ ស្អែក​នេះ​ ដើម្បី​អនុម័ត​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ហើយ​ច្បាប់​នេះ​អាច​នឹង​ប្រកាស​ឱ្យប្រើ​នៅថ្ងៃនោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ម ប៊ុននាង អ្នក​នាំពាក្យ​ព្រឹទ្ធសភា​។

លោក ម៉ម ប៊ុននាង បាន​ថ្លែង​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ច្បាប់​នេះ​បាន​ចូល​ដល់ដៃ​ព្រឹទ្ធសភា ព្រឹទ្ធសភា​បាន​បញ្ជូនទៅ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី ដើម្បី​ពិនិត្យ និង​ផ្ដល់យោបល់​ត្រឡប់​ទៅ​គណៈកម្មការ​អចិន្រៃ្តយ៍​នៅ​ថ្ងៃទី​ ១០ ពេល​រសៀល​។ បន្ទាប់មក​គណៈកម្មកា​អចិន្រៃ្តយ៍​នឹង​ផ្ដល់យោបល់ ឬក៏​ត្រូវ​សម្រេច​បន្ត​ដាក់​សេចក្ដីព្រាងច្បាប់​នេះ​ដើម្បី​អនុម័ត​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​គ្រោង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ១១ មីនា​។

ទោះបី​សេចក្ដី​ស្នើច្បាប់​ស្ដីពី​វិធាន​គ្រប់គ្រង​កូវីដ​ ១៩ ត្រូវបាន​ចាត់ជា​ការប្រញាប់​ក៏ដោយ​លោក ម៉ម ប៊ុននាង បញ្ជាក់ថា​៖ «​យើង​មិនអាច​ធ្វើឱ្យ​លឿន​ជាង​ ៥ ​ថ្ងៃ​ទេ ព្រោះ​ច្បាប់​ដែល​ប្រញាប់​នោះ រដ្ឋធម្មនុញ្ញ​បានចែង​ច្បាស់​នៅ​មាត្រា​ ១១៣ ​ថ្មី​ចែង​ថា ការស្នើច្បាប់​មក​ព្រឹទ្ធសភា​ដែល​រដ្ឋសភា​ចាត់​ទុក​ជា​ការប្រញាប់​នោះ​មិនឱ្យ​លើស​ ៥ ​ថ្ងៃ​ទេ​។ ពេល​ព្រឹទ្ធសភា​អនុម័ត​ហើយ​បញ្ជូន​ច្បាប់​នេះ​ទៅ​រដ្ឋសភា​វិញ​ដើម្បី​ដាក់ជូន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថលេខា ព្រោះ​ច្បាប់​នេះ​ចាត់ទុកជា​ការប្រញាប់ ដូច្នេះ​ពេលទៅ​ដល់​ព្រះមហាក្សត្រ ព្រះអង្គ​ឡាយព្រះហស្ថលេខា​ហើយ​ដាក់​ឱ្យប្រើ​ភ្លាម​»​។

សេចក្ដី​ព្រាងច្បាប់​នេះ​មាន ៦ ​ជំពូក និង ១៨ ​មាត្រា មាន​វិសាលភាព​អនុវត្ត​ចំពោះ​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាចសាហាវ​ផ្សេងទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។

សេចក្ដីព្រាងច្បាប់​នេះ​ក៏បាន​ឱ្យដឹង​ផងដែរ​ថា វិធានការ​លម្អិត​នៃ​ការទប់ស្កាត់​កូវីដ​ ១៩ និង​ជំងឺ​នានា​នឹង​មានចែង​លម្អិត​ក្នុង​អនុក្រឹត្យ​។

ច្បាប់​នេះ​ក៏​ចែង​អំពី​ការរឹតត្បិត និង​ហាមឃាត់​ការធ្វើ​ដំណើរការ​ជួបជុំ ការធ្វើសកម្មភាព ឬ​ការប្រកបមុខរបរ ការបិទ​ទីកន្លែង​ចាំបាច់ ការហាមឃាត់​ពាណិជ្ជកម្ម​លើ​ទំនិញ​មាន​ហានិភ័យ​ដល់​ការចម្លងជំងឺ​។

-​បុគ្គល និង​ស្ថាប័ន​ដែល​មិន​អនុវត្តតាម​វិធាន​សុខាភិបាល វិធាន​រដ្ឋបាល និង​វិធាន​នានា​ដែល​ដាក់ចេញ​នឹង​ប្រឈម​ទណ្ឌកម្ម​រដ្ឋបាល និង​ព្រហ្មទណ្ឌ រួមមាន​ការផាកពិន័យ ការដក​អាជ្ញាប័ណ្ណ និង​ការជាប់​ពន្ធនាគារ​។

-​ទោសទណ្ឌ​ដែល​ធ្ងន់​បំផុត​គឺមាន​ចន្លោះ​ពី​ ១០ ​ឆ្នាំ​ទៅ​ ២០ ​ឆ្នាំ​ក្នុង​ករណី​ដែល​បុគ្គល​ល្មើស​ធ្វើការ​ចម្លង​កូវីដ ​១៩ ឬ​ជំងឺ​ផ្សេងទៀត​ដោយ​ចេតនា ប្រព្រឹត្តឡើង​ដោយ​មាន​ក្រុម ឬ​អង្គការ​ចាត់តាំង​។

-​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​នឹង​ត្រូវបាន​លើកលែង ឬ​សម្រាល​ចំពោះ​បុគ្គល និង​ក្រុមគ្រួសារ​ដែល​រាយការណ៍​ព័ត៌មាន​ប្រាប់​ដល់​មន្ត្រី​សុខាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កិច្ចសហការ​នានា​ដើម្បី​ជា​ប្រយោជន៍​ដល់​ការទប់ស្កាត់​ការចម្លង​កូវីដ​ ១៩​។

មាត្រា​ ១៤ នៃ​ច្បាប់​នេះ​ចែងថា ទោសទណ្ឌ​ផ្សេងទៀត​អាច​ត្រូវបាន​អនុវត្ត​លើ​បុគ្គល​ ឬ​ស្ថាប័ន​ដែល​ល្មើស​ក្នុង​ករណី​ដែល​អំពើ​ល្មើស​នោះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​មានចែង​ក្នុង​ច្បាប់​ផ្សេងទៀត​។ ចំណែក​មាត្រា​ ១៦ ចែងថា រាល់​វិធានការ​ដែល​ក្រសួង​សុខាភិបាល​បាន​ដាក់ចេញ​មុន​ពេល​ច្បាប់​នេះ​ត្រូវបាន​បង្កើតឡើង ក៏​នៅ​មាន​សុពលភាព​សម្រាប់​ការអនុវត្ត​បន្ត​រហូត​ដល់​មាន​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស​៕