ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកា​ស​បិទ​បញ្ចប់​ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​ដោយ​ការ​រលំ​បាក់​អគារ​​ ៧ ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ​​ត្រឹម​យប់​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក​បាន​ប្រកាស​បើក​ធ្វើ​ការស្រាវជ្រាវ ​រកឱ្យឃើញ​នូវ​ការទទួលខុស​ត្រូវ​​របស់​ស្ថាប័ន​រដ្ឋ របស់​សមត្ថកិច្ច​​​​ចំពោះ​ករ​ណី​នេះ និង​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​មួយ ​ដើម្បី​ត្រួត​ពិនិត្យ​សំណង់​នៅ​ទូ​ទាំង​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

ជា​មួយ​គ្នា​នេះ អង្គការ​ពល​ក​ម្ម​អន្តរ​ជាតិ ILO ក៏​បាន​បង្ហាញ​ក្តី​បារម្ភ អំពីហា​និភ័យដែល​កម្ម​ករ​រាប់​ពាន់​នាក់ កំពុង​ប្រឈម​មុខ​រាល់​ថ្ងៃនិង​ទាម​ទារ​​ឱ្យ​មាន​វិធានការ​ជា​បន្ទាន់ដើ​ម្បី​​លើក​កម្ពស់​សុវត្ថិភាព​ និង​សុខភាព​នៅ​កន្លែង​ធ្វើការ​របស់​កម្មករ។

ថ្លែង​ពី​កន្លែងកើតហេតុ​ ក្នុង​សន្និសីទ​សារព័ត៌មាន ​កាលពី​យប់​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្ថិតក្នុង​ប្រតិបត្តិ​ការរុករក​ជន​រងគ្រោះ​ តាំងពី​ថ្ងៃអាទិត្យ​មក បានបញ្ជាក់​ថា ប្រតិបត្តិ​ការ​សង្គ្រោះ​បែបនេះ គឺជា​រឿង​ដំបូង​ដែល​បាន​កើត​ឡើង​​ក្នុង​ប្រទេស​កម្ពុជា ដែល​វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ ហើយ​សោក​នាដកម្ម​នេះ​បា​នផ្តល់​មេរៀន​​ឲ្យ​កម្ពុជា។

ជាមួយនឹង​ភាពសោក​ស​ង្រេ​ង លោក ហ៊ុន សែន ក៏បាន​លើក​ឡើង​ផងដែរ​ថា​ មេរៀន​នេះត្រូវតែ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ការ​ទទួល​ខុស​ត្រូវ​រប​ស់រ​ដ្ឋ របស់​សមត្ថកិច្ច និង​ត្រូវ​រក​ឲ្យ​ឃើញថា អំណាច​រដ្ឋ​ស្ថិត​នៅ​កន្លែង​ណាដែល​បណ្តែតបណ្តោយឲ្យ​អ្នក​សាងសង់ អាច​សាងសង់​បាន​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​បែប​នេះ​។

លោក​​ថ្លែង​ថា៖​ «ខ្ញុំ​សោ​កស្តាយ​ប្រសិនបើ​មាន​ប្រតិ​បត្តិ​ការ​ពេញ​ទំហឹង​យើង​នឹង​អាច​រកលើ​ការជាក់ស្តែងខ្ញុំ​មក​ដ​ល់​​ទីនេះក៏​វា​មាន​ប្រយោជន៍​មួយ​ចំនួន​ក្នុងការ​ផ្តល់​មតិ និង​ការ​យក​សម្ភារពី​កន្លែង​នេះ​កន្លែង​នោះ ប៉ុន្តែ​ប្រតិប​ត្តិ​ការ​នេះត្រូវ​បាន​បណ្តែតបណ្តោយ ខ្ញុំ​មិន​នឹក​ស្មាន ហើយ​បទពិសោធ​បែបនេះ បើទោះជា​មាន​មនុស្ស ២-៣ នាក់ ក៏មាន​មនុស្ស​ទទួល​ត្រូវ ចុះទៅ​ដល់ទី​កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​នឹង​កន្លែ​ង​.ដូច្នេះ ពីថ្ងៃ​នេះ​ទៅ​ គ្មាន​ការ​លើក​លែង​ណាមួយ​បាន​ទេ»។

លោក​​បន្តថា៖ «ហើ​យ​​រឿង​នេះ យើង​ធ្លាប់​ឮ​តែ​ការបាក់​អគារ​ នៅ​ប្រទេស​បង់​ក្លា​ដែសនៅ​ឥណ្ឌា នៅ​ចិន និង​ប្រទេស​ផ្សេងៗ ក៏ប៉ុន្តែ​យើង​មិន​ធ្លាប់​ឮ​ប្រទេស​កម្ពុជា​ទេ តែ​នេះ​គឺជា​ការបាក់​អគារ​មួយ​ ដែល​យើង​ត្រូវធ្វើ​ប្រតិបត្តិការ​មួយ​ដ៏​ធំ ហើយ​រហូតមក​ដល់ពេលនេះ​យើង​បានបញ្ចប់ ដោយ​នៅសល់តែ​ការសម្អាត​តែប៉ុណ្ណោះ។ ប៉ុន្តែ​យើង​មិនទាន់​បញ្ចប់នូវ​ការ​ស្រាវ​​​ជ្រាវ​ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ការ​ទទួល​ខុសត្រូវ​នោះ​ទេ សំណង់​មានច្បាប់ ឬ​អត់​ច្បាប់ ហើយ​វា​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​បែប​ណា​បាន​​វា​កើត​មាន​រឿង​បែប​នេះ?»។

ក្រោយ​ហេតុការណ៍រ​លំបាក់​អគារ​នេះ អភិបាលខេត្ត​ព្រះ​សីហនុ​លោក យន្ត មីន កាលពី​ថ្ងៃ​ចន្ទ បានសម្រេច​សុំលាលែង​ពី​តំណែង ដោយ​ព្រម​ទទួល​ស្គាល់​កំហុស​លើ​ការ​អ​សមត្ថ​​កិច្ច​របស់ខ្លួន ហើយ​សំណើនេះ ​ក៏ត្រូវ​បានយល់​ព្រម​ពី​​លោក​​​នាយក​រដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន សែន ក៏បាន​សម្រេច​ដក​លោក ញឹម វណ្ណដា ចេញពី​តួនាទី​អនុប្រធាន​ទី១ នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឲ្យ​កាន់​តួនាទី​ថ្មី ដោយ​មូល​ហេតុ​ខ្វះ​ការ​ទទួល​ខុសត្រូវ​និង​ភូតភរ​ផងដែរ។

លោកនាយក​រដ្ឋមន្ត្រី ថ្លែងថា លោក​មិនអាច​ទុក​ឲ្យ​មន្ត្រី​ណា​មួយ​នៅក្នុង​ប្រទេសឲ្យ​ភូត​កុហ​ក​លោក​របៀប នេះ​ដូច​លោក ញឹ​ម វណ្ណដា តទៅទៀត​ទេ ដែល​លោ​​ក​ថែមទាំង​ថ្កោលទោស​យ៉ា​ង​ម៉ឺងម៉ាត់ និង​ធ្វើការ​សម្រេ​ច​ដក​មន្ត្រី​រូបនេះចេញពី​សមា​ជិ​ក​​គណៈរ​ដ្ឋ​មន្ត្រី ហើយ​ទុក​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ហើយ​​ថា​បើ​សិន​ជា​មិន​ពេញចិត្ត លោក​នឹង​ដក​ចេញ​ជា​បន្ត​ទៀត។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​សម្រេ​ច​បណ្តេញ​សមាជិក​រដ្ឋាភិបាល​ម្នាក់​ចេញ ដោយ​ខ្ញុំ​ជា​ប្រធាន ខ្ញុំ​មិនបាន​ចុះ​មក ដល់​ទីនេះ (ពី​​ដំបូង)។ ពី​ទី​ក្រុង​បាង​កក ខ្ញុំ​មិន​បានទទួល​របាយការណ៍​ណាមួយ​ពី​គាត់។ ខ្ញុំ​មានការ យោគ យល់​ខ្លាំងណាស់ម្សិល​មិ​ញ នៅពេលដែល​ខ្ញុំ​មកដល់​ទីនេះ (មិនឃើញ​គាត់) ខ្ញុំ​បាន​សួរ​ថា ឯកឧត្តម នៅ​ណា​ពិតប្រាកដ? គាត់​ថា​ នៅ​ហ្នឹង។ អ៊ីចឹង​បាន​ជា​​នៅ​ទីនោះ ខ្ញុំ​និយាយ​ពី​ការ​មិន​ទទួល​ខុសត្រូវ និង​ការ​ភូតកុហក»។

កាលពី​ថ្ងៃ​ចន្ទ ក្រៅពី​ការ​កែប្រែ​រចនាសម្ព័ន្ធ​ដោយ​ការដោះដូរ​លោក យន្ត មីន ពី​អភិបាលខេត្ត​ព្រះសីហនុ មក​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃហើ​យ​​ជំនួស​មកវិញដោយ​អភិបា​ល​ខេត្ត​កំពង់ចាម លោក គួច ចំរើ​ន នោះ​លោក ហ៊ុន សែន ក៏បាន​សម្រេច​​បង្កើត​គណៈកម្មការ​មួយ​ ដើ​ម្បីត្រួតពិនិត្យ​សំណង់​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​​​មាន​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ជា​ប្រធាន។

លោក​ ហ៊ុន សែន នៅ​ពេល​ចុះ​ទៅ​ពិនិត្យ​សកម្ម​ភាព​ជួយ​សង្គ្រោះ​ការ​រលំបាក់​អគារ​ ៧​ ជាន់​។ SPM

លោក​បញ្ជាក់ថា៖ «គ្រាន់តែ​ជា​អង្គការ​ផ្នែក​នយោបាយ​ទេ គឺ​ត្រូវតែ​រៀបចំ​អ្នកបច្ចេកទេស​ពិត​ប្រាកដ ដើម្បី​មាន​សមត្ថកិច្ច​វាយតម្លៃ ពិតប្រាកដ​ ទៅ​លើ​សំណង់​ទាំងអស់​ដែល​កំពុ​ង​​សាងសង់ត្រូវ​ផ្អាក​អ្នក​ដែល​គ្មា​ន​ច្បាប់​សាងសង់​ត្រូវតែ​ផ្អាក​ទាំ​ងអស់មិនអាច​ឲ្យ​មាន​ករណី​បែ​ប​នេះ​កើត​ឡើង។ អ៊ីចឹង​យើង​មិន​ចាំបាច់​គ្រប់គ្រង​រដ្ឋ​ទេ បើ​សិន​ជា​យើង​មិនអាច រាំង​ស្កាត់​នូវ​ការកសាង​បែប​អនា​ធិបតេយ្យ​បែប​នេះ»។

សំណង់​អគារ​កម្ពស់ ៧ ជាន់ ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន និង​មិនមាន​ច្បាប់​អនុញ្ញាត​បា​ន​ដួលរលំ​ កាលពី​ព្រឹក​ព្រលឹ​ម​ថ្ងៃទី ២២ ខែ មិថុនា ដោយបាន​បង្ក​ឲ្យ​កម្មករសំណង់​កំពុង​សម្រាក​បណ្តោះ​​អាសន្ន​​នៅ​ក្នុង​អគារ​នោះប្រមាណជាង ៥​០ នា​ក់ ទទួល​រង​គ្រោះ​ក្នុង​នោះ​ស្លាប់ ២​៨ នាក់ និង​អ្នក​របួសធ្ងន់​ស្រាល ២៦ នាក់។

លោក ឡៅ ទិព្វ​សីហា រដ្ឋ​​លេខា​​ធិការ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ដែល​ជា​​ប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ផ្នែក​បច្ចេក​ទេសដែ​ល​ទើប​បង្កើត​ថ្មី​ដោយ​ក្រសួង​នេះ​​ មិនអាច​សុំ​ការអត្ថាធិប្បាយ​បា​ន​ទេ កាលពី​ម្សិលមិញ ដោយ​លោក​អះអាងថា ​ជាប់​ប្រជុំ។ ចំណែក​លោក ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ ក៏​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​លោក​ថ្លែង​ថា ជាប់​បើក​ឡាន។

លោកស្រី លឹម សា​មាន ប្រធា​ន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង ចំណោម​អ្នកស្លាប់​ចំនួន ២៨ នាក់ គឺមា​ន​ជនរងគ្រោះ​ម្នាក់ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះតែ​មិន​ទាន់​មាន​សាច់ញាតិ​មក​សួររក ហើយ​សូម្បីតែ​កម្មករ​ដែល​រងរបួស​នៅ​កន្លែង​កើត​ហេតុ ក៏​មិន​ស្គាល់​ជន​រង​គ្រោះ​ដែរ។

ចំណែក​អ្នករបួស​វិញ គឺមាន ២ នាក់​ហើយ បាន​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ ខណៈ​អ្នក​ដែល​នៅ​បន្តស​ម្រាក​ក្នុង​មន្ទីរពេទ្យ គឺ​ស្ថានភាព​ល្អ​ប្រសើរ រួមទាំង​អ្នក​របួសធ្ងន់​ម្នាក់ដែល​បាន​បញ្ជូន​មក​ភ្នំពេ​ញ​។

លោកស្រី​បញ្ជាក់ថា៖ «ប្រ​ហែ​​លជា​អ្នក​ធូ​រស្រាល គាត់​អាច​សុំ​ចេញពី​មន្ទីរពេទ្យ​បាន ព្រោះ​យើង​តាមដាន​គាត់​ឲ្យ​រាង​កាយ​​​គាត់​ស្រួល​បួល​​អស់ បាន​យើង​ឲ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​។ ពេលខ្លះ​ពួកគាត់​ថា ស្រួលខ្លួន ចង់ទៅ​ផ្ទះ តែ​យើងនៅ​តែ​តាមដាន​ទៀតព្រោះ​ពួកគាត់​ភាគ​ច្រើ​ន របួស​ក្បាល ដាច់​រលាត់​ដៃជើង មានតែ​ម្នាក់ ដែល​បាក់​ដៃ»។

តាម​ការប្រកាស​របស់​លោក ហ៊ុន សែន ជនរងគ្រោះ​ទាំង​អស់​​ក្នុង​ឧបទ្ទវ​ហេតុដែល​បាន​ស្លាប់ គ្រួសារ​សពនីមួយៗនឹង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​​ជិត ៨ ម៉ឺន​ដុល្លារ ចំណែក​ជនរងគ្រោះ ចំនួន ២ នាក់ ដែល​ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​ជួយ​បាន​ពី​គំនរ​បាក់បែក​​ចុងក្រោយ​គេ​នោះ នឹង​ទទួលបាន​ថវិកា​ក្នុង​ម្នាក់ៗ ៣ ម៉ឺន​ដុល្លារ។ ដោយ​ឡែក​អ្នករងគ្រោះ​ដទៃទៀត នឹង​ទទួល​ថវិកា​ក្នុង​ម្នាក់ ១ ម៉ឺន​ដុល្លារ បន្ថែម​ពីលើ​ថវិកា​រដ្ឋ​ ៥ លានរៀល។

លោក ស៊ឹង សែន​ករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​និយាយថាការជួយ​ដល់​ជន​រងគ្រោះ តាមរយៈ​ថវិកា​ទាំងនេះ គឺជា​រឿង​មួយ​ដែល​ល្អ ព្រោះ​បង្ហាញ​ពី​អំពើ​មនុស្សធម៌​ហើយ​ការលាលែង​ពី​តំណែងក៏​បង្ហា​ញ​​ពី​ការ​ទទួល​ខុសត្រូវ​ផង​ដែរ​ក្នុង​រឿងនេះ។ ប៉ុន្តែ​លោក ករុណា បន្ថែមថា ក្រៅ​ពី​ការ​ទទួល​ខុសត្រូវ​នេះ ការ​ទទួល​ខុសត្រូវ​តាម​នីតិវិធី​ច្បាប់​កម្ពុជា គឺ​ត្រូវតែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់ ជុំវិញ​អ្នក​ពាក់ព័ន្ធ​ដែល​បណ្តាល​ឲ្យ​មាន​សោក​នាដកម្ម​នេះ​កើត​ឡើង។

លោក​បញ្ជាក់ថា៖ «ហើយ​បើ​មានការ​ចាត់វិធានការ​លើ​អំពើ​​នេះហើយ យើង​ឃើញ​មានការ​បង្កើត​គណៈកម្មកា​រ ដើម្បី​ត្រួតពិនិត្យ​គុណភាព​សំណង់​ផ្សេងទៀត ព្រោះ​វា​ជា​រឿង​មួយដែល​ត្រឹមត្រូវ។ ប៉ុន្តែ​យើង​ចង់ឃើញ ការអនុវត្ត​មាន​ប្រសិទ្ធភាព​កម្រិតណា? ហើ​យ​​​យើង​នឹងធ្វើ​ការតាមដាន ស្រប​ពេលដែល​ពួកគាត់​អះអាងថា មាន​សំណង់​អគារ​ជាច្រើន មិន​មាន​ច្បាប់​អនុញ្ញាត​ទេ គឺ​ត្រូវ​ពិនិត្យ​ឡើង​វិញ ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​នៅ​ពេល​ខាងមុខ​ទៀត»។

ទាក់​ទង​នឹង​ជន​ជាតិ​ចិន​ដែល​​ជា​ម្ចាស់​អគារ​វិញ លោក សុក ហេង ចៅក្រម​ស៊ើប​សួរ នៃ​សាលា​ដំបូង​ខេត្ត​ព្រះសីហ​​នុ ​កាល​ពីថ្ងៃ​ចន្ទ បាន​សម្រេច​ចេញ​ដីកា​​បង្គាប់​ឲ្យ​ឃុំ​ខ្លួន ជន​ជាតិ​ចិន ចំនួន ៤ នាក់ (ស្រី​ម្នាក់) ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​ឧបទ្ទវ​ហេតុ​រលំ​បាក់​អគារ​នេះ ពីបទមនុ​ស្ស​ឃាត​ដោយ​អចេត​នា, ប​ង្ក​ឲ្យ​មាន​របួស​ដោយ​អចេត​នា និង​ធ្វើឲ្យ​ខូច​ខាត​ដោយចេ​តនាមា​ន​​ស្ថាន​ទម្ងន់​ទោស ដោយ​សារ​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ យោង​តាម​មាត្រា ២០៧,មា​ត្រា ២៣៦ និង​មាត្រា ៤១៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ និងតាម​មាត្រា ២៩ ពីបទ​សម​គំនិត។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួនចំនួន ៤ សន្លឹក​ផ្សេង​គ្នា បាន​បញ្ជាក់​ថា តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន ជន​ត្រូវចោទ​ឈ្មោះ Cheng Kun ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ​​ចិន មុខរ​បរពាណិជ្ជ​ករ លំនៅ​បច្ចុប្ប​ន្ននៅ​ភូមិ ៤​ សង្កាត់​លេខ​ ៤ ក្រុង​ព្រះ​សីហនុ ពីបទ មនុស្ស​ឃាត​ដោយ​អចេត​នា បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថានទ​ម្ងន់​ទោស ដោយ​សារ​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ។

ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ Deng Xin Gul ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ជន​ជាតិ​ចិន មុខ​របរ អ្នក​ម៉ៅការ​សំណង់ លំនៅ​បច្ចុប្បន្ន​នៅ​ផ្ទះជួល សង្កាត់​លេខ ២ ក្រុង​ព្រះសី​ហនុ ឈ្មោះ Gao Yu ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជន​ជាតិ​ចិន មុខ​របរ​ជា​ង​សំណង់ លំនៅ​មិន​ពិត​ប្រាកដ និង​ឈ្មោះ Xie Ya Ping ភេទ​ស្រី អាយុ ៤៣​ ឆ្នាំ ជាជន​ជាតិ​ចិន មុខ​របរ មើល​ការងារ​ក្នុង​ការ​ដ្ឋាន លំនៅ​បច្ចុប្បន្ន​នៅ​ផ្ទះជួល​ភូមិ ៤ ស​ង្កា​​ត់​លេខ​ ៤ ក្រុង​ព្រះសីហនុ ត្រូវ​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ពីបទ សម​គំនិត​ក្នុង​អំពើ​ខាង​លើ។

ជាមួយ​គ្នា​នេះ អង្គការ ILO បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពីម្សិល​មិញ បង្ហាញ​ក្តី​បារម្ភ អំពីហា​និភ័យ ដែល​កម្មករ​រាប់​ពាន់​នាក់ ប្រឈមមុខ​រាល់​ថ្ងៃ និង​ទាមទារ​ឱ្យ​មាន​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព ​និង​សុខភាព​នៅ​កន្លែង​ធ្វើការ។

សេចក្តី​ថ្លែង​ការណ៍នោះ​បញ្ជាក់​ថា៖ «ហានិភ័យ​បែប​នេះ អាច​មានការ​ដោះ​ស្រាយ និង​ការពារ​បាន​រហ័ស។ ការ​ដោះស្រាយ​បញ្ហា​នេះទាម​ទារ នូវ​វិធាន​ការ​ក្នុង​ផ្នែក​ជាច្រើន ដូច្នេះ​វិធាន​ការ​សម្រប​សម្រួល និង​ទូលំ​ទូលាយ​នាំ​មក​នូវ​អ្នក​ជាប់ពាក់​ព័ន្ធ​ថ្នាក់​ជាតិ​ជា​ច្រើន​ឲ្យ​ជួប​ជុំ​គ្នា គឺជា​កា​រចាំបាច់​។ ទាំង​នេះរួម​មាន​ការ​ពិនិត្យ​មើ​ល​​នូវ​បទ​ប្បញ្ញត្តិ និង​ការ​អនុវត្ត​នៅ​ក្នុង​វិស័យ​សំណង់ ការ​ដាក់​ចេញ​នូវ​សុវត្ថិភាព​ការងារ និង​បទ​ដ្ឋាន​សុខភា​ព និង​បទ​ដ្ឋាន​សុ​វត្ថិភាព សាង​សង់ ការ​បង្កើន​ការ​ត្រួត​ពិនិត្យកា​រងារ និង​យុទ្ធនាការ​គ្មាន​ឧបទ្ទ​វ​​ហេតុ​ព្រម​ទាំង​ជំរុញ​ឲ្យមាន​វប្បធម៌​បង្កា​រសុវត្ថិភាព​នៅ​ក្នុង​វិស័យ​នេះ»។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈក្នុង​ឆ្នាំ ២០១​៨ មាន​កម្មករ​សរុប ប្រមាណ ២៥ ២០៦ នាក់ បាន​ជួបគ្រោះថ្នាក់​ការងារ នៅ​កន្លែង​ធ្វើការ ក្នុង​នោះ​មាន​កម្មករ​ ប្រមាណ ២០០ នាក់ បាន​ស្លាប់ និង ២ ៧១១ នាក់​ផ្សេង​ទៀត​រង​របួស៕