ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកអ្នករិះគន់លោក ជាពិសេសរឿងទទួលវ៉ាក់សាំងចិនថា ជាក្រុមឆ្កែកាចហើយលោកប្រកាសមិនតមាត់ជាមួយពួកគេទេ ព្រមទាំងមិននិយាយជាមួយស្ថានទូតបរទេសណាដែលចង់ឱ្យមានការចរចារវាងលោក និងបុគ្គលទាំងនោះដែលលោកមិនបញ្ចេញឈ្មោះ។
លោក ហ៊ុន សែន លើកឡើងដូច្នេះឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងឱកាសដែលលោកទៅទទួលវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិនចំនួន ៦០ ម៉ឺនដូសកាលពីរសៀលថ្ងៃទី ៧ ខែកុម្ភៈ។
លោកបញ្ជាក់ជំហរថា លោកឈប់តបតជាមួយនឹងអ្នករិះគន់ ព្រមទាំងបានណែនាំអ្នកក្រោមឱវាទឱ្យឈប់តមាត់ជាមួយអ្នកទាំងនោះ។ ការណែនាំបែបនេះមានន័យថាទ្វារ (ចរចា) ត្រូវបានបិទហើយ។ នៅពេលទ្វារត្រូវបានបិទ ដូច្នេះលោកមិនចាំបាច់ខ្វល់ពីអ្វីដែលអ្នកនោះនិយាយទេ អ្វីដែលជាកង្វល់របស់លោក គឺសេចក្ដីសុខរបស់ប្រជាជន។
កម្ពុជាមានប្រជាជន ១៦ លាននាក់ ក្នុងប្រទេសដែលចាំបាច់ត្រូវរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ នៅតែធ្វើបន្ត។
លោកមានប្រសាសន៍ដូច្នេះថា៖ «មនុស្សមួយចំនួនតូចមិនសប្បាយចិត្ត ទុកឱ្យអ្នកឯងមិនសប្បាយចិត្ត ព្រោះនៅលើលោកនេះវាមានអ្នកដែលសប្បាយចិត្ត និងអ្នកដែលមិនសប្បាយចិត្ត។ ចំណុចសំខាន់សួរថា អ្នកសប្បាយចិត្តច្រើនជាងអ្នកមិនសប្បាយចិត្ត ឬអ្នកមិនសប្បាយចិត្តច្រើនជាងអ្នកសប្បាយចិត្ត។ ប្រទេសកម្ពុជាមានមនុស្សតិចណាស់ដែលនៅក្នុងគុក ឬរត់ចោលស្រុកដែលវាកើតទុក្ខ អានោះឱ្យវាកើតទុក្ខទៅ ព្រោះគេជាអ្នកបង្កើតរឿង»។
ទន្ទឹមនឹងនោះ លោកប្រាប់ដល់អ្នកដែលគាំទ្រលោក និងគាំទ្ររាជរដ្ឋាភិបាលឱ្យឈប់តមាត់តកជាមួយក្រុមដែលលោកហៅថា «ក្រុមឆ្កែកាច» ហើយកុំរំឭកឈ្មោះ ពួកគេនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើហ្វេសប៊ុក។ ផ្ទុយទៅវិញ អ្នកគាំទ្រលោកត្រូវងាកមកនិយាយពីការរួមគ្នាប្រយុទ្ធកូវីដ ១៩ ទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់រដ្ឋ ប្រឆាំងនឹងអំពើពុករលួយ ប្រឆាំងនឹងអំពើអសកម្មនានានៅក្នុងសង្គមវិញ។
យ៉ាងណាក្ដីលោកបានបញ្ជាក់ថា៖ «ប៉ុន្តែគេត្រូវយល់កន្លែងនេះឱ្យច្បាស់។ បើឈប់និយាយហើយ កុំថា ឡើយតមាត់ជាមួយអ្នកនោះ ទោះបីជាស្ថានតំណាងទូតនានាមកនិយាយជាមួយខ្ញុំក៏ខ្ញុំអត់ឆ្លើយតបដែរ គឺមិននិយាយជាមួយតែម្ដង។ នេះខ្ញុំសុំបញ្ជាក់គឺខ្ញុំមិននិយាយជាមួយ។ បើទោះបីអ្នកខ្លះថាទុកឱ្យបរទេសមកចរចាជាមួយ ហ៊ុន សែន ខ្ញុំអត់មានការចាំបាច់និយាយជាមួយអ្នកណាលើរឿងកម្ពុជាទេ»។
នៅទីបញ្ចប់នៃសន្និសីទសារព័ត៌មាននេះលោកបានរំឭកប្រាប់ថា៖ «ម្ដាយខ្ញុំប្រាប់ខ្ញុំថា បើគេជេរយើង យើងដេកលក់ តែបើយើងជេរគេ យើងដេកអត់លក់ទេ។ រឿងនេះវាពិត ខ្ញុំធ្លាប់ឆ្លងកាត់តមាត់ ត ក តែទីបំផុតអត់បានផលអី។ ឥឡូវខ្ញុំយកយុទ្ធសាស្ត្រមួយអត់ត ហើយការមិនតមានន័យច្រើន សុំរង់ចាំមើលឆាកល្ខោនបន្ត តើវារបៀបម៉េច? គឺកុំឱ្យខ្មាសគេចុះឡើង ចុះឡើងនៅតែជេរគ្នា ឥឡូវឱ្យគេជេរយើងចុះ។ អ៊ីចឹង ជនបរទេសទាំងឡាយអាចនឹងដឹងថា ដោយសារវាជេរគេច្រើនពេក គេឈប់និយាយរក ចប់ នៅឯណា នៅនោះទៅ មានតែប៉ុណ្ណឹង»។
កាលពីថ្ងៃទី ៥ កុម្ភៈ លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់រឿងក្ដីច្រើននៅតុលាការ និងកំពុងរស់នៅបរទេសបានបង្ហោះសារលើហ្វេសប៊ុកលោកថា លោក ហ៊ុន សែន រង់ចាំដល់ថ្ងៃទី ៣១ កុម្ភៈ ទើបហ៊ានចាក់វ៉ាក់សាំងចិន។
លោក សម រង្ស៊ី ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមអ៊ីមែលពីថ្ងៃម្សិលមិញថា៖ «ប្រតិកម្មរបស់លោក (ហ៊ុន សែន) បង្ហាញពីភាពអាម៉ាស់របស់លោកដែលទីបញ្ចប់មិនហ៊ានទទួលវ៉ាក់សាំងចិនដែលអាចមានគ្រោះថ្នាក់ និងការភ័យខ្លាចរបស់លោកចំពោះគណបក្សសង្គ្រោះជាតិដែលនៅរស់រវើក និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីថ្នាក់ជាតិ និងអន្តរជាតិ»។
លោក ជែម សុខ អ្នកវិភាគនយោបាយមានមូលដ្ឋាននៅអាមេរិកបានថ្លែងថា លោក ហ៊ុន សែន បានប្រើពាក្យ «ឆ្កែកាច» ទំនងសំដៅលើតួអង្គមេដឹកនាំដែលលោកថា ប្រឆាំងគ្រប់រឿង និងនិយាយបំផ្លើស បំភ្លៃ បំភិតបំភ័យ និងបង្កើតព្រឹត្តិការណ៍មិនចេះចប់។
លោកថ្លែងដូច្នេះថា៖ «ចំពោះរឿងដែលលោកថ្លែងថា លោកមិននិយាយជាមួយបរទេសដែលចង់ពិភាក្សាកិច្ចការរឿងនយោបាយបាយទាក់ទងនឹងក្រុមប្រឆាំងមិនចេះឈប់នោះ ហើយប្រឆាំងគ្មានហេតុផល ប្រឆាំងមួលបង្កាច់នោះ គឺជាសញ្ញានយោបាយមួយដែលបង្ហាញថា មិនដឹងជាចរចារកស្អីទៀតទេ ប្រសិនបើភាគីខាងនោះ ឬសមាសភាពខាងនោះចេះតែបង្កើតបញ្ហាសព្វគ្រប់។ តាំងពីរឿងទឹកជំនន់តាំងពីសប្បុរសជនចូលរួមវិភាគទានទិញវ៉ាក់សាំង រហូតដល់រឿងវ៉ាក់សាំងនេះ គឺបំពុលរហូត»។
ចំណែកអ្នកវិភាគនយោបាយ ១ រូបទៀត គឺលោក ឡៅ ម៉ុងហៃ បានថ្លែងថា ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចគ្រប់គ្រងលោក សម រង្ស៊ី បាន លោកមានភាពឆ្លាតវៃក្នុងការតបតដោយវិធីផ្សេងទៅលោក សម រង្ស៊ី និងសកម្មភាពរបស់លោក ហើយទុកឱ្យពលរដ្ឋជាអ្នកវាយតម្លៃ។
លោកថ្លែងថា៖ «ប្រសិនបើអ្វីៗក្នុងប្រទេសបច្ចុប្បន្ននឹងបន្តទៅអនាគតនោះ វានៅតែជាចម្ងល់ថាតើលោក សម រង្ស៊ី អាចត្រឡប់មកប្រកួតប្រជែងនយោបាយផ្ទាល់ឬអត់? បើគិតពីកេរ្តិ៍ឈ្មោះរបស់គាត់ បច្ចុប្បន្នក្នុងនាមជាកម្លាំងនយោបាយមួយដែលត្រូវប្រកួតប្រជែងនោះ លោក សម រង្ស៊ី មិនចាំបាច់ត្រឡប់មកវិញដោយផ្ទាល់ទេ»៕