ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាលើកទី ២ ទៅអ្នកលេងហ្វេសប៊ុកមានឈ្មោះជាជនជាតិវៀតណាមដែលបានភ្ជាប់រូបលោកទៅនឹងជម្លោះសមុទ្រចិនខាងត្បូងខណៈលោកអះអាងថាវិវាទនេះទុកឱ្យប្រទេសដែលមានជម្លោះដោះស្រាយជាមួយគ្នាដោយសន្តិវិធី។
លោក ហ៊ុន សែន បានបង្ហោះសារឆ្លើយឆ្លងជាមួយអ្នកលេងហ្វេសប៊ុកនោះថា «មានជនជាតិវៀតណាមម្នាក់ឈ្មោះ Bao Lam ចូលមក comment វាយប្រហារខ្ញុំដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ ខ្ញុំបានប្រាប់ទៅគាត់ឲ្យដោះស្រាយបញ្ហាទាំងឡាយជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នាដោយសន្តិវិធីកុំយកកម្ពុជាទៅបង្ករឿងជាមួយ។
ចំពោះខ្ញុំគឺស្មោះត្រង់ជាមួយជាតិខ្ញុំជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំហើយខ្ញុំបានសួរគាត់ទៀតថា តើពាក្យដែលគាត់លើកយកមកនិយាយក្នុង Page ខ្ញុំនេះជាគំនិតផ្ទាល់ខ្លួន ឬជាពាក្យណែនាំពីមេដឹកនាំវៀតណាម?»។
ក្នុងសារនោះលោក ហ៊ុន សែន បានបញ្ជាក់ជាភាសាអង់គ្លេសថាប្រសិនបើអ្នក ឬប្រទេសរបស់អ្នកមានបញ្ហាជាមួយប្រទេសចិនសូមដោះស្រាយដោយសន្តិវិធីហើយកុំបន្ទោសរូបលោក និងយកកម្ពុជាមកពាក់ព័ន្ធនឹងបញ្ហាផ្ទៃក្នុងប្រទេសរបស់អ្នក។
នេះជាលើកទីពីរហើយដែលលោក ហ៊ុន សែន ប្រតិកម្មនឹងអ្នកលេងហ្វេសប៊ុកមានឈ្មោះវៀតណាម។
កាលពីថ្ងៃទី ៣១ ខែកក្កដាលោក ហ៊ុន សែន ក៏បញ្ចេញប្រតិកម្មខ្លាំងម្តងរួចមកហើយទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់មានឈ្មោះវៀតណាមដែលបានហៅរូបលោកថា «ក្បត់វៀតណាម» ពេលនោះដែរលោក ហ៊ុន សែន ឆ្លើយទៅវិញថា៖ «ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថាអ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។
លោកបន្ថែមថា៖ «វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជាបើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ»។
អ្នកវិភាគនយោបាយលោក អ៊ូ វីរៈ មើលឃើញថាការប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីថ្មីៗនេះទៅលើអ្នកលេងហ្វេសប៊ុកមានឈ្មោះជាវៀតណាមគ្រាន់តែជាយុទ្ធសាស្ត្រទាក់ទាញប្រជាប្រិយភាពដោយកន្លងទៅលោករងការចោទថាស្ថិតនៅក្រោមឥទ្ធិពលវៀតណាម។
លោកថា៖ «ជានយោបាយឆ្លាត បើសិនយើងមើលនយោបាយរបស់គណបក្សប្រឆាំងអត់មានអីក្រៅពីចោទគណបក្សប្រជាជនជាអាយ៉ងវៀតណាមទេ អ៊ីចឹងបើសិនក្នុងករណីបក្សប្រជាជនបង្ហាញគោលជំហរថាខ្លួនឯករាជ្យពីវៀតណាមគឺជោគជ័យព្រោះរឿងផ្សេងៗដូចជាអំពើពុករលួយ ព្រៃឈើមិនសូវជាប្រធានបទសំខាន់សម្រាប់គណបក្សប្រឆាំងទេ»។
លោកបន្ថែមថា ការឆ្លើយឆ្លងតាមប្រព័ន្ធហ្វេសប៊ុកមិនមែនជារឿងសំខាន់ ឬផ្លូវការនោះទេគ្រាន់តែព្យាយាមទាក់ទាញការគាំទ្រក្នុងស្រុកប៉ុណ្ណោះ «ចំណែកទំនាក់ទំនង កម្ពុជា-វៀតណាម ទាល់តែមានគោលជំហរសាធារណៈរបស់កម្ពុជាដូចជាលិខិតទូតគឺសំខាន់ណាស់ប៉ុន្តែយើងចាំមើលសិនតើកម្ពុជានឹងដោះស្រាយជាមួយវៀតណាមយ៉ាងម៉េចរឿងវៀតណាមបន្តសង់ប៉ុស្តិ៍ចូលទឹកដីខ្មែរនៅតាមព្រំដែន»៕