សៀមរាបៈ ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការភ្ញាក់ផ្អើល ឬ​បារម្ភ​ជុំវិញ​ការធ្វើ​សមយុទ្ធ​ដើម្បី​ជួយសង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​នៅពេល​មាន​ឧបទ្ទវហេតុ​នៃ​ការធ្លាក់​យន្តហោះ​ជាយថាហេតុ ខណៈ​ព្រឹត្តិការណ៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ម្សិលមិញ​មាន​កម្លាំង​ជិត​ ៣០០ ​នាក់​បាន​ចូលរួម​។

ថ្លែង​ពី​ម្សិលមិញ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេស្ទើន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សុំ​កុំឱ្យ​ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល​ ឬ​ភ័យព្រួយ​ជុំវិញ​ការធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​នេះ​។ លោក​ប្រាប់ថា​៖ «​សុំ​កុំឱ្យ​មាន​ការភ័យព្រួយ ឬ​ក៏​ការប្រើប្រាស់​បណ្ដាញ​សង្គម​លើកឡើង​អំពី​ការ​មួលបង្កាច់​ទាក់ទង​នឹង​ការធ្លាក់​យន្តហោះ​។ ព្រោះ​ការធ្វើ​សមយុទ្ធ​នៅ​សៀមរាប​គឺជា​សមយុទ្ធ​តាម​សភាព​ជាក់ស្ដែង​របៀប​មាន​ការធ្លាក់​យន្តហោះ​។ ប៉ុន្តែ​មិនមែន​យក​យន្តហោះ​បើក​ទៅ​ឱ្យ​ធ្លាក់​នោះទេ ប៉ុន្តែ​ធ្វើជា​របៀប​ប្រភេទ​ដែល​អាច​កើតមាន​បែប​នោះ​»​។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​លោក លីវ សុខុន បញ្ជាក់​ពី​ម្សិលមិញ​ថា មាន​កងកម្លាំង​ជិត​ ៣០០ ​នាក់​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​លើក​ទី​ ៦ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​ហ្វឹកហ្វឺន​សាកល្បង​ក្នុង​ការជួយសង្គ្រោះ​នៅពេល​កើត​មាន​ករណី​ធ្លាក់​យន្តហោះ​ជាយថាហេតុ​។

លោក​ សុខុន ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា កងកម្លាំង​ជិត​ ៣០០ ​នាក់​នោះ​ មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ស៊ីម៉ាក់​ខេត្ត បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​ ៤ បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹងរង​ខេត្ត កងទ័ព​ជើង​អាកាស​រួមទាំង​រថយន្ត​សង្គ្រោះបន្ទាន់​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​។

លោក​ថា ការរៀបចំ​សមយុទ្ធ​នេះ​គឺ​ដើម្បី​តម្រូវ​ទៅតាម​ស្ដង់ដា​អន្តរជាតិ ហើយ​ជា​សមយុទ្ធ​លើក​ទី​ ៦ ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដែល​តែង​ធ្វើ​ឡើង​រយៈពេល​ ២ ​ឆ្នាំ​ម្ដង​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​នេះ​គឺជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​អនុវត្ត​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប​»​។

ជាមួយ​គ្នា​នេះ​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏បាន​ប្រកាសប្រាប់​ពលរដ្ឋ​កុំ​ភ្ញាក់ផ្អើល​តាម​ការបំភ្លៃ​ព័ត៌មាន​របស់​ក្រុម​ឆ្លៀតឱកាស ជុំវិញ​ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នោះ​។ លិខិត​មួយ​ចុះ​ថ្ងៃទី​ ១៧ ធ្នូ របស់​លោក​ ខៀវ កាញារីទ្ធ បញ្ជាក់ថា​ការធ្វើ​លំហាត់ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំឆ្នាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នេះ ដើម្បី​ហ្វឹកហ្វឺន​សាកល្បង​ និង​ផ្ដល់​បទពិសោធ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ការលើកកម្ពស់​ជួយ​ជនរងគ្រោះ​ឱ្យបាន​ទាន់​ពេលវេលា​នៅពេល​មាន​ករណី​ធ្លាក់​យន្តហោះ​កើតឡើង​ជាយថាហេតុ​។

លិខិត​សរសេរ​ថា​៖ «​នៅក្នុង​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ​មាន​ដុត​ប្រេង និង​ដុត​កង់ឡាន​ចាស់ៗ​បង្កើត​បាន​ជា​អណ្ដាតភ្លើង​ និង​ផ្សែង​ខ្មួលខ្មាញ់​ជា​សិប្បនិម្មិត​នៃ​ការធ្លាក់​យន្តហោះ​ដែល​ជា​ប្រធានបទ​នៃ​ការធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ការប្រកាសអាសន្ន​ដល់​សមត្ថកិច្ច អាជ្ញាធរ​ដែនដី កងកម្លាំង​ប្រដាប់អាវុធ មន្ទីរ អង្គភាព​ជុំវិញ ក្រុម​សង្គ្រោះ រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្យ​នានា និង​ជាពិសេស​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ខេត្ត​សៀមរាប​»​។

កាលពី​ឆ្នាំ​ ២០១៧ ​ទំព័រ​ហ្វេសប៊ុក​មួយចំនួន​បាន​ផ្សព្វផ្សាយ​រូបភាព​នៃ​ការធ្លាក់​យន្តហោះ ហើយ​អះអាង​ថា​មាន​យន្តហោះ​ ១ ​គ្រឿង​ ដែល​កើតមាន​បញ្ហា​បច្ចេកទេស​ធ្វើឱ្យ​រលត់​ម៉ាស៊ីន​បាន​ធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ខណៈ​ពេល​កំពុង​ត្រៀម​ចុះចត​។

កាលពី​ថ្ងៃទី ​១៦ ធ្នូ លោកទៀ សីហា អភិបាលខេត្ត​សៀមរាប​ក៏​បាន​ជូនដំណឹង​ដល់​ទាហាន នគរបាល កងរាជអាវុធហត្ថ មន្ទីរ និង​អាជ្ញាធ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្តសៀមរាប​សហការ​គ្នា​ផ្សព្វផ្សាយ​អំពី​ការធ្វើ​សមយុទ្ធ​នេះ ឱ្យបាន​ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវទេសចរ​ចៀសវាង​ការភាន់ច្រឡំ​៕