ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ឱ្យ​មន្ត្រី​ក្រុមការងារ​ជំនាញ​បន្ត​រុករក​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេមេគង្គ ចំនួន​ ៤ ​ទីតាំង​ផ្សេងទៀត​ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ល្វាឯម​ និង​ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​ស្រុក​ពាមជរ ស្រុក​ពាមរក៍ ខេត្តព្រៃវែង​ដែល​បាន​លិច​ក្នុងសម័យ​សង្គ្រាមស៊ីវិល​ចន្លោះ ឆ្នាំ​ ១៩៧០ ដល់ ១៩៧៥​។ ​

លោក​ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ (NPMEC) ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការសម្រេច​នេះ បន្ទាប់ពី​ការរុករក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាដែលលិចក្នុងទន្លេស្ថិត​នៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម​ជិត​ត្រូវបាន​បញ្ចប់​។

លោក​ ម៉ី សុភា ថ្លែងថា ចាប់​តាំងពី​ខែ​តុលា ឆ្នាំ​ ២០២០ រហូតមកដល់​ខែមីនា ឆ្នាំ​ ២០២១ ​នេះ ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ​ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម បាន​ចំនួន​ ១៥ ២៨២ ​គីឡូក្រាម រួមទាំង​ឆ្អឹង​សព​មនុស្ស និង​សម្ភារ​សឹក​មួយចំនួន​ទៀត​។ ដោយឡែក​សម្រាប់​នាវា​នឹង​ត្រូវ​ស្រង់​ចេញពី​ក្នុង​ទន្លេមេគង្គ​នៅ​ចុងខែ​នេះ ឬ ដើមខែ​មេសា ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អនុញ្ញាត​ឱ្យមាន​ការចុះ​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​នាវា​នៅក្នុង​ទន្លេ​នេះ​កាលពី​ថ្ងៃទី​ ២៦ ខែ​ មករា ឆ្នាំ​ ២០២១ ដោយ​លោកនាយក​រដ្ឋមន្ត្រី​យល់ឃើញថា វា​ពាក់ព័ន្ធ​នឹង​សន្តិភាព​នៅក្នុង​ប្រទេស​។ ដូច្នេះ​រាល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​សល់​ពី​សម័យ​សង្គ្រាម​រួមមាន​ស្ថិតក្នុង​ដី​ក្នុង​ទឹក និង​លើគោក​ត្រូវ​យក​ចេញ​ឱ្យអស់ ដើម្បីឱ្យ​កម្ពុជា​មាន​សន្តិភាព និង​សុវត្ថិភាព​គ្រប់​ទីកន្លែង​។

ក្រុមមន្ត្រី​ចុះ​ពិនិត្យ​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ស្រុក​ស្រីសន្ធរ​ពីថ្ងៃ​ទី​ ៨ មីនា​។ រូប ក្រសួង​មហាផ្ទៃ

លោក​ ម៉ី សុភា ថ្លែងថា​៖ «​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​គិតគូរ​ពី​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយៗ​ទៀត ព្រោះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ នៅពេល​ស្ថិត​នៅក្នុង​រយៈពេល​ ១០០ ​ឆ្នាំ​ទៀត វា​នឹង​អាច​បំប្លែង​ទៅជា​សារធាតុពុល​ផ្សេងៗ​ទៀត ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា ដូចជា​ការប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​នេះ​»​។

លោក​មេបញ្ជាការ​បន្ថែម​ថា​៖ «​មួយទៀត​គឺ​ប្រទេស​កម្ពុជា​ ត្រូវបាន​កំណត់​នៅក្នុង​សន្ធិសញ្ញា​ទីក្រុង​អូតាវ៉ា និង​ធ្វើយ៉ាងណា​ឱ្យ​អស់​គ្រាប់មីន​នៅ​ឆ្នាំ​ ២០២៥​។ ដោយឡែក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក៏​ត្រូវបាន​រាប់បញ្ចូល​នៅក្នុង​សន្ធិសញ្ញា​នេះដែរ​»​។

បើតាម​លោក​ ម៉ី សុភា បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​លោក​នាយករដ្ឋមន្ត្រី​រួចហើយ ក្រុមការងារ​របស់លោក​បាន​និង​កំពុង​រៀបចំ​ដំណើរការ​បើក​ការដ្ឋាន ចុះ​ស្រាវជ្រាវ​ និង​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​ទន្លេ​ទាំង​ ៤ ​ទីតាំង​នេះ​នៅ​សប្តាហ៍​ក្រោយ​។ ប្រតិបត្តិការ​នេះ​ចាប់ផ្តើម​ពី​ចំណុច​ឃុំ​បឹងគ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្តាល និង​ត្រូវ​ប្រើប្រាស់​រយៈពេល​ ១ ​ឆ្នាំ​ដើម្បីឱ្យ​ចប់​នៅ​ទីតាំង​ទាំង​ ៤ ​នេះ​។

យោងតាម​ការសិក្សា​បឋម​បាន​បង្ហាញថា ទីតាំង​ដែល​នាវាចម្បាំង​លិច​នៅក្នុង​ទន្លេ​ស្ថិត​ក្នុង​ឃុំ​បឹងគ្រំ ស្រុក​ល្វាឯម​តែមួយ​នោះ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​មាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​ប្រភេទ​គ្រាប់​ធំៗ​គឺ​មាន​ ៥០០ ​តោន​។ គ្រាប់​ទាំងនេះ​ត្រូវបាន​ដឹក​ចេញពី​ព្រៃនគរ​ដែល​ជា​មូលដ្ឋាន​យោធា​របស់​អាមេរិក យក​មក​ផ្គត់ផ្គង់​ក្នុងសម័យ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​៕