ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យរាជបណ្ឌិត្យសភាកម្ពុជារឹតបន្តឹងបេក្ខជនបណ្ឌិត ព្រោះលោកហាក់ដូចជាមានកង្វល់ទៅលើចំនួនបេក្ខជនបណ្ឌិតនេះច្រើនហួសពេក ដោយលោកថ្លែងថា ប្រសិនបើរាជបណ្ឌិត្យសភាមានចំនួនបណ្ឌិតដែលកំពុងសិក្សាបូកនឹងចំនួនបណ្ឌិតដែលបានបញ្ចប់ការសិក្សារួចហើយ ធ្វើឱ្យបណ្ឌិតដែលចេញពីរាជបណ្ឌិត្យសភាមានចំនួនឡើងដល់ជាង ៦០០ នាក់។
ថ្លែងក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី និងខួប ២០ ឆ្នាំ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បញ្ជាក់ថា៖ «បណ្ឌិតច្រើនពេកហើយ! អ៊ីចឹងចំណុចនេះក៏ជាចំណុចដែលត្រូវពិនិត្យឱ្យបានច្បាស់ដែលខ្ញុំនិយាយកាលពីពេលមុនថា តើអ្នកណែនាំនិក្ខេបទនោះក្នុងម្នាក់ទទួលនិស្សិតប៉ុន្មាន?»។
លោក ហ៊ុន សែន ថ្លែងបង្ហាញចម្ងល់ថា៖ «តើអ្នកណែនាំនិក្ខេបទនេះគ្រប់លក្ខណសម្បត្តិមានចំណេះគ្រប់គ្រាន់ដើម្បីនឹងបណ្តុះបណ្តាលដែលជានិស្សិតដែលខ្លួនទទួលការបណ្តុះបណ្តាលទេ? នេះជាចំណុចដែលយើងត្រូវឃើញ»។
លោក ហ៊ុន សែន បញ្ជាក់ថាចាប់ពីឆ្នាំ ២០០១ ដល់ ២០១៩ និស្សិតដែលបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាមាន ៤១៦ នាក់ក្នុងនោះបរិញ្ញាបត្រជាន់ខ្ពស់មាន ៣០៨ នាក់ ថ្នាក់បណ្ឌិតមាន ១០៨ នាក់។ បច្ចុប្បន្ននេះនិស្សិតដែលកំពុងសិក្សាមាន ៧៩៣ នាក់ ដែលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ២៤៩ និងថ្នាក់បណ្ឌិត ៥៤៦ នាក់។
ដោយសារមានបេក្ខជនច្រើនហើយដើម្បីធានាឱ្យបានច្បាស់លាស់លោក ហ៊ុន សែន បានណែនាំឱ្យរាជបណ្ឌិត្យសភាមិនត្រូវធ្វេសប្រហែសឱ្យសោះគឺត្រូវចាត់តាំងក្រុមប្រឹក្សាការពារដោយបង្កើនសមត្ថភាព។ លោកមានប្រសាសន៍ថា ក្រុមប្រឹក្សាការពារចំនួន ៧ នាក់បច្ចុប្បន្ននេះហាក់ដូចជាមិនតឹងតែងនោះទេ។
លោក ហ៊ុន សែន បានប្រៀបធៀបរូបលោកកាលដែលលោកឡើងការពារនិក្ខេបបទគឺមានក្រុមប្រឹក្សាការពាររហូតដល់ទៅ ១៥ នាក់ សម្រាប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្ររបស់លោកដែលសួរដេញដោលជិត ២ ម៉ោង។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «អ៊ីចឹងត្រូវពង្រឹងក្រុមប្រឹក្សាការពារ ហើយត្រូវបោះឆ្នោតសម្ងាត់ដើម្បីថាបេក្ខជនហ្នឹងជាប់ ឬមិនជាប់។ ពង្រឹងអាហ្នឹងវិញ។ បើមិនពង្រឹងអាហ្នឹងទេ អត់ទេ អត់បានទេ!»។
លោកបង្ហាញនូវក្តីសង្ឃឹមថា ប្រទេសកម្ពុជានឹងមិនមានបណ្ឌិតច្រើនពេកទេ។ លោកប្រាប់ឱ្យរាជបណ្ឌិត្យសភារឹតបន្តឹងបេក្ខជនបណ្ឌិត ហើយថា និស្សិតណាដែលមានសមត្ថភាពទើបអាចប្រឡងជាប់។
លោក ហ៊ុន សែន ក៏បានលើកឡើងពីសាកលវិទ្យាល័យមួយកន្លែងកាលពីមុន ឃើញមានបើកថ្នាក់មហាវិទ្យាល័យយ៉ាងច្រើន ហើយទីបំផុតនោះនិស្សិតទាំងនោះមិនបានទៅរៀន បែរជាចម្លងគ្នានៅពេលសរសេរនិក្ខេបបទ ហើយបានជាប់ទាំងអស់។
លោកថា៖ «ចម្លងតគ្នា អ៊ីចឹងវាទៅជាជាប់ទាំងអស់ទៅ បរិញ្ញាជាន់ខ្ពស់អ៊ីចឹងទៅ។ ទៅជារបៀបសារណានៅតែសារណាទៅ ចម្លងតាមគ្នាទាំងអស់ ហើយដាក់ទៅ (គ្រូ) គ្រូមានពេលឯណាមើល ហើយចេះតែឱ្យជាប់។ យើងចេះតែទៅប្រគល់សញ្ញាបត្រឱ្យទៅ។ រឿងវាអ៊ីចឹង។ ដល់អ៊ីចឹង វាអត់មានគុណភាព»។
លោកបន្តថា និស្សិតមួយចំនួនដែលមិនមានបំណងបន្តថ្នាក់បណ្ឌិត ប៉ុន្តែមានការស្រាវជ្រាវផ្ទាល់របស់ពួកគេគឺត្រូវមានការលើកទឹកចិត្តដើម្បីឱ្យមានការស្រាវជ្រាវបន្តទៀត។ ដោយហេតុនេះលោក ហ៊ុន សែន ក៏បានណែនាំឱ្យរាជបណ្ឌិត្យសភានៅថ្ងៃក្រោយ រៀបចំឱ្យមានបណ្ណាល័យនៅពេលមានអគារធំ ដែលអាចទាក់ទាញមនុស្សឱ្យចូលស្រាវជ្រាវនៅកន្លែងនេះ។ លោកនឹងគាំទ្រថវិកាឱ្យបកប្រែឯកសារនានាទៅជាខេមរភាសាហើយបោះពុម្ភដាក់នៅរាជបណ្ឌិត្យសភាផង និងចែកចាយទៅតាមបណ្ណាល័យនានាផង។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច បដិសេធធ្វើអត្ថាធិប្បាយដោយប្រាប់ថា ជាប់រវល់ប្រជុំ។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាពប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ចំពោះបេក្ខជនបណ្ឌិតគួរតែមានការពិនិត្យមើលឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ មិនមែនឱ្យតែបានសញ្ញាបត្រនោះទេគឺឱ្យមានការចេះដឹងទៅជាមួយដែរ។ ដើម្បីចង់កសាងប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ និងជឿនលឿនលើគ្រប់វិស័យទៅថ្ងៃក្រោយគឺផ្តើមចេញពីការកសាងធនធានមនុស្ស ជាពិសេសគឺបណ្ឌិតនេះជាស្នូលនៃសង្គម។
លោកថ្លែងថា៖ «អ៊ីចឹងបើស្នូលនៃសង្គមហ្នឹង គ្រាន់តែបានតែ title(តួនាទី) បានតែសញ្ញាបត្រ ហើយអត់មានគុណភាព អាហ្នឹងសង្គមយើងទៅជាស្អីទៅវិញ?។ ប៉ុន្តែមិនមែនរឹតបន្តឹងតែរាជបណ្ឌិត្យសភាទេ ត្រូវមើលគ្រប់ស្ថាប័ន គ្រប់សាកលវិទ្យាល័យដែលបណ្តុះបណ្តាលបណ្ឌិត ដែលឱ្យសញ្ញាបត្របណ្ឌិត។ គួរតែមើលដែរថា យើងគួរតែមានការកែលម្អស្តង់ដានៃការអប់រំរបស់យើងហ្នឹងឱ្យវាបាន ហើយវាមានភាពសុក្រឹត ហើយកាន់តែមានតម្លាភាព ហើយនិងមានគុណភាពសម្រាប់លើកមុខមាត់វិស័យអប់រំយើងក៏ដូចជាប្រទេសជាតិ»៕
វីដេអូ៖