ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នូវ​អនុសាសន៍​ ៤ ​ចំណុច​ សម្រាប់​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​ហៅ​កាត់​ថា VECONAC ដើម្បី​ឲ្យ​​សហព័ន្ធ​នេះ​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​បន្ថែមទៀត​ក្នុង​ក្របខ័ណ្ឌ​ផែនការ​សកម្មភាព​អាស៊ាន​។

ការផ្ដល់​នូវ​អនុសាសន៍​ទាំងនេះ​បាន​ធ្វើឡើង​ក្នុង​ពេល​លោក​ធ្វើជា​អធិបតី​នៃ​ពិធី​បើក​មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​ ១៩ ​នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែល​កម្ពុជា​គឺជា​ប្រធាន​ប្តូរវេន​នៃ​ស្ថាប័ន​នេះ​។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​លើក​នូវ​អនុសាសន៍​​ទី​ ១ ​ដោយ​លោក​ស្នើ​ឲ្យ​មាន​ការរួមគ្នា​លើក​កម្ពស់​ប្រណីតភាព​ជីវិត និង​ការពារ​ផលប៉ះពាល់​អាយុកាល​ដែល​បណ្ដាលមកពី​សង្គ្រាម​ទៅលើ​សុខភាព​តាមរយៈ​ការការពារ​សិទ្ធិ​ស្របច្បាប់​។

ចំពោះ​អនុសាសន៍​ទី​ ២ លោក​ស្នើ​ឲ្យ​មានការ​រួមគ្នា​រៀបចំ​គោលនយោបាយ ផែនការ​សកម្មភាព និង​យន្តការ​អនុវត្តន៍​នានា​ដើម្បី​ពង្រីក​វិស័យ​អតីតយុទ្ធជន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។ អនុសាសន៍​ទី​ ៣ លោក​ស្នើ​ឲ្យ​បន្ត​លើកកម្ពស់​សមត្ថភាព​ចំណេះដឹង​ឱ្យ​បាន​ទូលំទូលាយ​ដល់​អតីតយុទ្ធជន និង​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​ក្នុង​តំបន់​តាមរយៈ​ការរៀបចំ​ជា​កម្មវិធី​អភិវឌ្ឍន៍​សិក្ខាសាលា​ការចែកចាយ​ព័ត៌មាន ការផ្លាស់ប្តូរ​បទពិសោធ ចំណេះដឹង​ព័ត៌មានវិទ្យា និង​សកម្មភាព​ដទៃទៀត​។

រីឯ​អនុសាសន៍​ចុងក្រោយ​គឺ​លោក​បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការលើកទឹកចិត្ត​ដល់​អតីតយុទ្ធជន​អាស៊ាន ការការពារ​សិទ្ធិ​រស់រាន​មាន​ជីវិត​សុវត្ថិភាព​បុគ្គល​ជាមួយ​នឹង​ការពង្រឹង​ចំណង​មិត្តភាព និង​សាមគ្គីភាព​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​នឹង​បន្ត​កិច្ចសហការ​កាន់តែ​ជិតស្និទ្ធ​ក្នុង​ស្មារតី​សាមគ្គីភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ជម្នះ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​​បន្ថែម​ទៀត​ជូន​ដល់​អតីត​យុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​ដោយសារ​សង្គ្រាម​ដើម្បី​រួមចំណែក​សម្រេចបាន​គោលដៅ​របស់​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​គឺ​សន្តិភាព វិបុលភាព និង​ភាពសុខដុមរមនា​ជាមួយ​នឹង​ការលើកកម្ពស់​ការគោរព​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អតីតយុទ្ធជន​ទាំង​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក​»​។

ដោយឡែក​នៅ​កម្ពុជា​វិញ​លោក​បញ្ជាក់ថា អតីតយុទ្ធជន​បាន​ឆ្លងកាត់​នូវ​ទុក្ខសោក និង​មហា​វិនាសកម្ម​ដោយសារ​សង្គ្រាម​ជាច្រើន​ជំនាន់​ចាប់ពី​សង្គ្រាម​ឥណ្ឌូចិន​ឆ្នាំ​ ១៩៧០-១៩៧៥ និង​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ពី​ឆ្នាំ​ ១៩៧៥ ​ដល់​ ១៩៧៩​។ លើស​ពីនេះ​ក៏មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​ទាំង​ផ្នែក​សេដ្ឋកិច្ចសង្គម នយោបាយ​ និង​ការទូត ជាពិសេស​ការតស៊ូ​ជាមួយ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​។

លោក​ក៏បាន​រំឭក​ដែរ​ថា កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​ចុងឆ្នាំ​ ១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ដែល​ធ្វើឲ្យ​កម្ពុជា​មាន​ឯកភាព​ទឹកដី​ទាំងស្រុង ហើយ​សន្តិភាព​នេះ​ក៏មាន​មូលដ្ឋានគ្រឹះ​ចេញពី​ការធ្វើ​សមាហរណកម្ម​កងកម្លាំង​ប្រដាប់អាវុធ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោក​បន្តថា កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដោយ​មាន​ការផ្ដល់​សេវា​ថែទាំ​អតីតយុទ្ធជន ការ​គាំពារ​សុខភាព និង​ការឧបត្ថម្ភ​សម្ភារ​ចាំបាច់​ទាំងឡាយ ការជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការដោះស្រាយ​ការងារ មុខរបរ ការផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ការជួយ​កសាង​លំនៅឋាន​ដើម្បី​ឲ្យ​ពួកគេ​មាន​ធនធាន​ដីធ្លី មាន​លំនៅឋាន និង​អាច​ប្រកប​មុខរបប​ផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទាំងអស់​នេះ​គឺជា​ប្រពៃណី​ដ៏ថ្លៃថ្លា​របស់​ប្រជាជាតិ​កម្ពុជា​ដែល​មាន​តាំងពី​សម័យបុរាណ​រហូត​ដល់​បច្ចុប្បន្ន​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​...» ។

លោក​ គន់ គីម អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​ប្រធាន​ប្ដូរ​វេន​នៃ​ VECONAC បាន​ថ្លែងថា សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​ត្រូវបាន​ទទួលស្គាល់​ដោយ​អាស៊ាន​ថា​ជា​អង្គភាព​មនុស្សធម៌ ដែល​បាននិង​កំពុង​ធ្វើ​សកម្មភាព​ផ្ទាល់​ជាមួយ​អតីតយុទ្ធជន​ដោយសារ​សង្គ្រាម​។

លោក​បន្តថា​៖ «​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​តែង​អនុវត្ត​ជាប្រចាំ​នូវ​គោលបំណង​របស់​សហព័ន្ធ​ដូចជា ការផ្លាស់ប្ដូរ​បទពិសោធ ទស្សនកិច្ច​ទៅ​បណ្ដា​ប្រទេស​ជា​សមាជិក​ដើម្បី​ស្វែងយល់ ដកស្រង់​បទពិសោធ​អំពី​ការផ្ដល់សេវា និង​ការលើកកម្ពស់​ដល់​អតីតយុទ្ធជន​ប្រទេស​ជា​សមាជិក​ដែល​តែងតែ​សហការ និង​ជួយផ្ដល់​ការហ្វឹកហ្វឺន បំប៉ន​ជំនាញ​ទៅវិញ​ទៅមក​ដល់​អតីតយុទ្ធជន​»៕