ពោធិ៍សាត់៖ ផ្ទះ​ចំនួន ៥៨ ខ្នង ក្នុង​ចំណោម ១៦៤ ខ្នង ដែល​លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន និង​ភរិយា ផ្ដល់​ថវិកា​ចំនួន​ ៥០ ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​លើ​ដី​សម្បទាន​សង្គមកិច្ច​ជូន​ដល់​អតីត​យុទ្ធជន​ស្ថិត​នៅ​ភូមិសាយ ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ត្រូវ​បាន​សាងសង់​រួច​រាល់ សម្រាប់​ចែក​ជូន​ដល់​អតីត​យុទ្ធជន​កម្ពុជា​ដែល​ជួប​ការ​ខ្វះខាត និង​ខ្វះ​ទីជម្រក។ នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់។

លោក គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន កាល​ពី​ថ្ងៃទី ៩ ខែ​ឧសភា បាន​ទៅ​ពិនិត្យ​ដំណើរ​ការ​សាងសង់​ផ្ទះ​នេះ និង​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​នោះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធជន។

លោក​បាន​ថ្លែង​ក្នុង​ពេល​ចុះ​ពិនិត្យ​នេះ​ថា​ តាម​សំណើ​របស់​សមាគម​អតីត​យុទ្ធជន​ខេត្ដ​ពោធិ៍សាត់ ក្នុង​ការ​ដោះស្រាយ​ការ​លំបាក​ក្នុង​ជីវភាព​របស់​អតីត​យុទ្ធជន​ប្រមាណ ៦០០ គ្រួសារ​នៅ​ក្នុង​ខេត្ដ​នេះ លោក ហ៊ុន សែន និង​ភរិយា​បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ទីតាំង​ភូមិសាយ ឃុំ​ព្រងិល ដើម្បី​សាងសង់​ផ្ទះ​ជូន​ដល់​អតីត​យុទ្ធជន​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​ខេត្ដ​នេះ។

លោក គន់ គីម ថ្លែង​ថា៖ «បច្ចុប្បន្ន​នេះ ដំណើរការ​សាងសង់​ផ្ទះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទីនេះ កំពុង​ដំណើរការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ពាក់ព័ន្ធ។ ធ្វើ​យ៉ាង​ណា​ឱ្យ​ឆាប់​រួចរាល់ និង​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​កម្ពុជា​ចូល​ស្នាក់​នៅ»។

លោក​បាន​បន្ត​ថា ក្រៅ​ពី​សាងសង់​ផ្ទះ ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ បាន​ជួយ​សាងសង់​ផ្លូវ ជីក​អណ្តូង និង​ត្រួសត្រាយ​ដី​រៀបចំ​ភូមិ​ឋាន​ជូន​ដល់​អតីត​យុទ្ធជន​នៅ​ទីនោះ​ផង​ដែរ។

លោក គន់ គីម ថ្លែង​ថា៖ «សម្តេច​តេជោ [ហ៊ុន សែន] និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត [ប៊ុន រ៉ានី] តែងតែ​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​​យក​ចិត្ត​ទុក​ដាក់ ជួយ​ទំនុក​បម្រុង ដើម្បី​ឱ្យ​អតីត​យុទ្ធជន​ដែល​ភាគ​ច្រើន​ជា​អ្នក​ចាស់​ជរា និង​ពិការ អាច​រស់នៅ​ក្នុង​ជីវភាព​មួយ​សមរម្យ​ក្នុង​សង្គម​សុខ​សន្តិភាព ដែល​រក​បាន​មក​ដោយ​ការ​លះបង់​របស់​ពួក​គេ»។

លោក គន់ គីម បាន​ជំរុញ​ឱ្យ​ក្រុម​ការងារ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​សាងសង់ និង​រៀបចំ​ភូមិឋាន​ឱ្យ​បាន​ល្អ។

លោក​បាន​លើក​ឡើង​ថា ទោះ​ក្នុង​កាលៈទេសៈ​នេះ​ប្រទេស​កម្ពុជា កំពុង​ទទួល​រង​នូវ​ការ​លំបាក​ដោយ​ជំងឺ​កូវីដ ១៩ ក្តី ប៉ុន្ដែ​រាជរដ្ឋាភិបាល​មិន​បាន​ភ្លេច​អតីត​យុទ្ធជន​កម្ពុជា​នោះ​ឡើយ៕