
មន្ត្រីចុះពិនិត្យការសិក្សាបច្ចេកវិទ្យាឌីជីថលពីថ្ងៃទី ២៩ មករា ដែលជាអាហារូបករណ៍ផ្តល់ពីលោក ហ៊ុន សែន។ រូប ក្រសួងប្រៃសណីយ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់អាហារូបករណ៍ «ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship» ចំនួន ១០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ខណៈមានបេក្ខជនជាង ២ ពាន់នាក់បានដាក់ពាក្យសិក្សាមុខជំនាញនេះ។
តាមការផ្សព្វផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី ២៩ ខែមករា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាទទួលបានបេក្ខជនដាក់ពាក្យសរុបរហូតដល់ចំនួន ២ ២០៧ នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៨៣៤ នាក់ គិតត្រឹមថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១។
តាមការបញ្ជាក់ពីក្រសួងប្រៃសណីយ៍ បេក្ខជនជយលាភី «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» ម្នាក់ៗនឹងទទួលបានអាហារូបករណ៍ ដែលមានតម្លៃសិក្សាគិតជាទឹកប្រាក់ប្រមាណ ១៧ ០០០ ដុល្លារអាមេរិក សម្រាប់ការសិក្សា ៤ ឆ្នាំ។ ក្នុងនោះក៏មានប្រាក់ឧបត្ថម្ភ ១២០ ដុល្លារ ក្នុង ១ ខែ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃ ១ គ្រឿង សម្រាប់សម្រួលដល់ការសិក្សាផងដែរ។
បើតាមប្រភពពីក្រសួងប្រៃសណីយ៍ដដែល អាហារូបករណ៍នេះនឹងផ្តល់ជូនដល់និស្សិតឆ្នើមដើម្បីមកសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ស្ថាប័ននេះជាគ្រឹះស្ថានអប់រំស្រាវជ្រាវរបស់រដ្ឋឈានមុខគេក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាលើជំនាញបរិញ្ញាបត្រទូរគមនាគមន៍ និងបណ្ដាញ Telecoms & Networking វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science និងពាណិជ្ជកម្មអេឡិចត្រូនិក E-Commerce។
នេះជាលើកទី១ ហើយនៅកម្ពុជា ដែលគ្រឹះស្ថានអប់រំស្រាវជ្រាវសាធារណៈបានផ្តល់នូវអាហារូបករណ៍ដ៏ពិសេសមួយក្នុងបំណងលើកស្ទួយធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមការយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រី ខណៈកម្ពុជាកំពុងកសាងខឿនសេដ្ឋកិច្ចឌីជីថល និងឈានទៅអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងប្រៃសណីយ៍ដដែល។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ក៏បានរំឭកដល់សិស្សានុសិស្ស ដែលមានបំណងសិក្សាជំនាញបច្ចេកវិទ្យាហើយមិនទាន់បានដាក់ពាក្យប្រឡង សូមរួសរាន់មកដាក់ពាក្យនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១។ លក្ខខណ្ឌនៃការដាក់ពាក្យ គឺបេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់វិទ្យាសាស្ត្រ។ ចំណែកវិញ្ញាសាប្រឡងធ្វើឡើងដោយប្រភេទសំណួរ QGM តាមប្រព័ន្ធកុំព្យូទ័រលើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។
ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាស្ថាប័នឧត្តមសិក្សាមួយដែលមានកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនយ៉ាងសម្បូរបែប។ កម្មវិធីមានបញ្ចូលជំនាញបច្ចេកទេស (Technical Skill) ជំនាញទន់ (Soft Skill) សហគ្រិនភាព(Entrepreneurship) ភាពជាអ្នកដឹកនាំ (Leadership)។
ក្រៅពីនេះថែមទាំងមានការដាក់បញ្ចូលនូវកម្មសិក្សាចំនួន ២ ដងនៅក្រុមហ៊ុន ដើម្បីឱ្យនិស្សិតចាប់បាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញយ៉ាងពិតប្រាកដ។ និស្សិតអាចក្លាយខ្លួនទៅជាអ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថលស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលចង់បានធនធានមនុស្សដ៏ឆ្នើមដើម្បីចូលរួមកសាងប្រទេសជាតិ។
បេក្ខជនដែលមានបំណងសុំអាហារូបករណ៍ «ទេពកោសល្យឌីជីថលតេជោ» អាចចុះឈ្មោះប្រឡងប្រជែង តាមរយៈគេហទំព័រ www.niptict.edu.kh/apply។ រីឯព័ត៌មានលម្អិត អាចទាក់ទងបណ្ឌិត្យសភាឌីជីថលកម្ពុជា តាមរយៈទូរស័ព្ទលេខ 010 340 000 ឬអ៊ីមែល info@niptict.edu.kh ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ការសិក្សាពីបច្ចេកវិទ្យាឌីជីថល គឺជាការរួមចំណែកពង្រឹងការអប់រំនៅកម្ពុជា ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
លោក សុវាចា ថ្លែងថា៖ «ការរៀនពីបច្ចេកវិទ្យាឌីជីថលគឺឆ្លើយតបទៅនឹងគោលនយោបាយ STEM (Science,Technology, Engineering, and Mathematics) របស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការចូលរួមពង្រឹងការអប់រំតាមបែបឌីជីថលសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា»។
បើតាមលោក រស់ សុវាចា យន្តការរៀន និងបង្រៀនអនឡាញក៏ជាផ្នែកមួយនៃការអប់រំបែបឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចងក្រងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០១៩ ដល់ ២០២៣ ស្របនឹងការរៀនពីបច្ចេកវិទ្យាឌីជីថលផងដែរ៕