ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ក្តៅ​ដោយ​មិន​មាន​ការលើកលែង​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ប្រសិន​បើ​រកឃើញ​ថា នៅក្នុង​ភូមិ ឃុំ សង្កាត់ មាន​ការឃុបឃិត​គ្នា​ដាក់​បញ្ចូល​សាច់ញាតិ​របស់​ខ្លួន​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ​ ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេល​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​ថា ដើម្បី​ធានាថា ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហា​លំបាក​ពិតប្រាកដ​ទទួល​បាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល គឺ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​។

លោក ហ៊ុន សែន ថ្លែង​ថា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព និង​សុចរិតភាព​ក្នុង​ការផ្តល់​សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ លោក​បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ឃុំ​សង្កាត់​ទាំងអស់​គឺ​ត្រូវផ្តោត​ការយក​ចិត្ត​ទុកដាក់​បំពេញ​ការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​ចាត់វិធានការ​ក្តៅ​ហើយ​នឹង​មិនមាន​ការលើកលែង​ឡើយ ប្រសិន​បើ​រកឃើញ​ថា​នៅក្នុង​ភូមិ និង​ឃុំ សង្កាត់​មួយណា​មាន​ករណី​មិន​ប្រក្រតី​នេះ​កើត​មាន​ឡើង​។ (​អាជ្ញាធរ​មូលដ្ឋាន​) គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការឃុបឃិត​គ្នា​ដាក់បញ្ចូល​សាច់ញាតិ​បងប្អូន​កូនក្មួយ​ខ្លួនឯង​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ​នឹង​ងាយរងគ្រោះ​ពិតប្រាកដ​ដើម្បី​ទទួល​បាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ​»​។

លោក ហ៊ុន សែន បន្ត​ថា ការងារ​នេះ​គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេភូមិ និង​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ត្រូវតែ​ធ្វើឱ្យ​បាន​ច្បាស់លាស់​ និង​ហ្មត់ចត់​បំផុត​។

កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា លោក ហ៊ុន សែន បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​កម្មវិធី​ផ្តល់​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩​។

លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យ​ក្រសួង​ផែនការ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ​។ យោងតាម​ហ្វេសប៊ុក​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​គ្រួសារ​ដែល​មាន​បណ្ណសម​ធម៌ ទាំង​ក្រ​ ១ និង​ក្រ​ ២ មាន​ប្រមាណ​ជាង ៥៦ ម៉ឺន​គ្រួសារ​ ដែល​​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២៥ លាន​ដុល្លារ​ក្នុង​ ១ ​ខែៗ​សម្រាប់​បើក​ផ្តល់​ជូន​ពួកគាត់​។

លោក ឡាំ សុជាតិ នាយកប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា នីតិវិធី​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​អ្នកក្រីក្រ​គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​និន្នាការ​សាច់ញាតិ​នោះទេ​។ ប្រសិន​បើ​ការងារ​នេះ​អនុវត្ត​តាម​បច្ចេកទេស​ពិតប្រាកដ អ្នកក្រីក្រ​ពិតប្រាកដ​នឹង​ទទួល​បាន​ការគាំទ្រ​ថវិកា​។ ការបញ្ជាក់​បន្ថែម​របស់​លោក ហ៊ុន សែន គឺជា​រឿង​ដែល​ល្អ​ដែល​បញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​រដ្ឋាភិបាល​ថ្នាក់ជាតិ​ដើម្បី​ឱ្យ​មន្ត្រី​ធ្វើការ​កំណត់​អ្នកក្រីក្រ​ឱ្យ​បាន​ពិតប្រាកដ និង​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ដើម្បី​ចៀសវាង​ការរិះគន់​នៅ​ថ្ងៃក្រោយ​។

លោក សុជាតិ បាន​ថ្លែង​ថា​៖ «​ការជួយ​ថវិកា​ដល់​ប្រជាជន វា​អាច​នឹង​ទទួល​ផលវិបាក​អវិជ្ជមាន​នៅ​ថ្ងៃក្រោយ ប្រសិន​បើ​ការជួយ​ហ្នឹង​វា​អត់​បាន​ទៅ​ដល់​ដៃ​អ្នកក្រីក្រ​ពិតប្រាកដ ហើយ​អ្នក​ដែល​ក្រីក្រ​ពិតប្រាកដ ចុងក្រោយ​គាត់​អត់​បានទទួល គាត់​អាច​តវ៉ា ឬ​ត្អូញត្អែរ​»​។

«​យើង​ធ្វើឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី ហើយ​ឱ្យ​បាន​ប្រជាពលរដ្ឋ [​ក្រីក្រ​] ​ទាំងអស់​គ្នា​ច្បាស់លាស់ ហើយ​មាន​តម្លាភាព ហើយ​មាន​ការចូលរួម​ពី​ប្រជាជន​នៅ​មូលដ្ឋាន​មាន​បញ្ជី​ឈ្មោះ​អាច​ផ្សាយ​ជា​សាធារណៈ​»៕

វីដេអូ៖