ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញនេះ បានស្នើជាសាធារណៈទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យពិនិត្យលើសេចក្តីសម្រេចរបស់ចៅក្រម លី សុខលេង ដែលដាក់ឲ្យឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ នៅក្រៅឃុំកាលពីថ្ងៃទី៧ ខែមករា និងបានស្តីបន្ទោសជាចំហទៅលើចៅក្រមសាលាដំបូងរាជធានី ដែលអះអាងថាលោក ថោង សារ៉ាត់ មិនពាក់ព័ន្ធនឹងរឿងឃាតកម្មនេះ ទាំងមិនទាន់បានកាត់ទោសនៅឡើយ។
ថ្លែងនៅវិទ្យាស្ថានជាតិអប់រំ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា លោក ហ៊ុន សែន បានរិះគន់ពីចំណាត់ការរបស់ចៅក្រមសាលាដំបូងរាជធានី និងបានស្នើទៅលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យចាត់វិធានការលើចៅក្រម ដែលសម្រេចដោះលែងលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ដែលជាឪពុកម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី៧ ខែកុម្ភៈ និងធ្វើអធិការកិច្ចលើសំណុំរឿងនេះ ដើម្បីពន្លឿនការចាប់ឃាតករដាក់ទោស។
លោកបន្តថា ចំពោះមតិសាធារណជនមួយចំនួនដែលថា មានការបញ្ជាពីវៀតណាមលើករណីលោក ថោង សារ៉ាត់នេះ គឺលោកមិនបានលូកលាន់ឬបញ្ជាឲ្យដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ទេ ប៉ុន្តែចៅក្រមទៅវិញទេ ដែលបំពានលើសេចក្តីសម្រេចរបស់ខ្លួន ទាំងហេតុផលមិនសមរម្យ។
លោកបន្តថា៖ «ការបកស្រាយ រាក់កំផែល ទី១ យកហេតុផល សុខភាព បើហេតុផលសុខភាព ម៉េចក៏មិនយកមនុស្សទៅព្យាបាល ប៉ុន្តែថា បទល្មើសមជ្ឈិមទេ អាកាំភ្លើង ៨ ដើម គេចាត់ទុកជាបទល្មើសមជ្ឈិម បានខ្ញុំស្រែកតែម្តង ថាគ្រាន់តែកាន់ព្រនង់ វាជាប់គុក ប៉ុន្តែអានេះកាំភ្លើង ៨ ដើម បែរជារួចខ្លួនទៅឲ្យនៅក្រៅឃុំ រួចហើយប្រិប ចេះទៅតាមចាប់បានវិញ កុំអីរឿងធំហើយ»។
ពាក់ព័ន្ធនឹងរឿងឪពុកម្តាយលោក ថោង សារ៉ាត់ នេះលោកនាយករដ្ឋមន្រ្តី បានឲ្យដឹងតាមការសិក្សាសំណុំរឿងឃើញថា ចៅក្រមសាលាដំបូងថែមទាំងបានទម្លាក់ការទទួលខុសត្រូវរបស់ខ្លួនចំពោះការដោះលែងនៅក្រៅឃុំនេះទៀត៖ «រឿងធំជាងគេមួយទៀត ហ៊ាននិយាយថា សាលាឧទ្ធរណ៍ចង់ដោះលែង ដល់មើលផ្លូវការមែនទែនទៅទម្លាក់កំហុសថា មកពីសាលាឧទ្ធរណ៍ចង់ឲ្យនៅក្រៅឃុំ គ្រោះថ្នាក់ណាស់រឿងនេះ ហើយសំណុំរឿងក្តីកំពុងបំបែក បែរជាអះអាងថា ថោង សារ៉ាត់ អត់ជាប់ពាក់ព័ន្ធ»។
លោក ហ៊ុន សែន ក៏បានលើកឡើងតាមអ្វីដែលលោកបានដឹងថា មាន ចៅក្រមសាលាដំបូងភ្នំពេញ បានអះអាងហ៊ានយកក្បាលមកធានាថា លោក ថោង សារ៉ាត់ មិនពាក់ព័ន្ធនឹងរឿងឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ ទាំងសំណុំរឿងកំពុងស្រាវជ្រាវហើយលោកព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់លើចៅក្រមប្រភេទនេះ ប៉ុន្តែលោក មិនបានបញ្ជាក់ឈ្មោះចៅក្រមនោះទេ។
ជុំវិញរឿងនេះ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុកលោក នីចរិយា ចាត់ទុកថា នេះជាទម្លាប់ដាក់បញ្ជាតក់ក្រហល់របស់លោកនាយករដ្ឋមន្រ្តី ក្នុងគោលដៅជ្រៀតជ្រែកទៅលើដំណើរការការងារនិងភាពឯករាជ្យរបស់តុលាការ។
លោកថា៖«លោកនាយករដ្ឋមន្រ្តីចង់បង្ហាញថា គាត់ចង់ធ្វើកំណែទម្រង់លើប្រព័ន្ធតុលាការ ប៉ុន្តែយើងមិនអាចធ្វើដោយស្រែកបែបនេះទេ... យើងឃើញថា ភាគច្រើននៃចៅក្រមគឺស្ថិតក្រោមបក្ស អ៊ីចឹងវាមិនអាចធានាឯករាជ្យបានទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានអះអាងថា ការស្នើរបស់លោកនាយករដ្ឋមន្រ្តីមិនប៉ះពាល់ដល់សេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទេ៖ «លោកនាយករដ្ឋមន្រ្តី ក្នុងនាមប្រមុខរដ្ឋាភិបាល នៅពេលមិនពេញចិត្តចំ-ណាត់ការរបស់តុលាការ គឺគាត់អាចស្នើ ហើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ធ្វើអធិការកិច្ចការងារហ្នឹង តែការសម្រេចជាភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សា នោះគ្រាន់តែជាសំណើ»។
លោកចៅក្រម លី សុខលេង ដែលកាន់សំណុំរឿងនេះ មិនអាចសុំការបំភ្លឺបានទេ កាលពីម្សិលមិញនេះ។ ចំណែកប្រធានសាលាដំបូង លោក អំាង មាលតី បដិសេធឆ្លើយពាក់ព័ន្ធនឹងបញ្ហានេះ។
កាលពីថ្ងៃទី ១២ ខែកុម្ភៈ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានរិះគន់ចំៗទៅលើស្ថាប័នតុលាការ ដែលជាញឹកញាប់ដោះលែងអ្នកទោស បើទោះជាសមត្ថកិច្ចបានរកឃើញភ័ស្តុតាងដាក់បន្ទុកក្តី។
កាលពីថ្ងៃទី ៧ កុម្ភៈ ចៅក្រមស៊ើបសួរសាលាដំបូងលោក លី សុខលេង បានចេញដីកាដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ដែលរងការចោទពីបទរក្សាអាវុធខុសច្បាប់នៅក្រៅឃុំក្រោមមូលហេតុបញ្ហាសុខភាព។ តែក្រោយមកអ្នកទាំងពីរ ត្រូវបានឃាត់ខ្លួនឡើងវិញនៅម៉ោង ១០ យប់ ថ្ងៃទី ១៥ ខែកុម្ភៈ ពេលធ្វើដំណើរតាមឡានពេទ្យឆ្លងដែនទៅប្រទេសវៀតណាម និងត្រូវលោកចៅក្រម លី សុខលេង សម្រេចបញ្ជូនទៅឃុំនៅពន្ធនាគារវិញ នៅថ្ងៃបន្ទាប់។
គួររំឭកថា លោក ថោង សារ៉ាត់ ត្រូវតុលាការចោទថា ជាមេខ្លោងនៃករណីឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ចំណែកអង្គរក្ស ៤ នាក់របស់លោកបានរងការចោទពីបទឃាតកម្មគិតទុកជាមុន និងបានកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស រង់ចាំសវនាការ។
តាមប្រភពមន្រ្តីឧត្តមក្រុមប្រឹក្សាអង្គចៅក្រមពីថ្ងៃអង្គារ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានកោះប្រជុំបន្ទាន់មួយធ្វើសេចក្តីសម្រេចចំនួន ៣ ចំណុច។
ទី១ ដកតំណែង លោក អំាង មាលតី ពីប្រធានសាលាដំបូងរាជធានីមកបញ្ឈរជើងនៅក្រសួងយុត្តិធម៌រង់ចាំឲ្យក្រុមប្រឹក្សាវិន័យពិនិត្យ និងសម្រេចនៅពេលក្រោយ។ ទី២ អង្គប្រជុំសម្រេចជាឯកច្ឆន្ទ តែងតាំងលោក តាំង ស៊ុយឡាយ អនុប្រធានមកជាប្រធានជំនួសលោក អំាង មាលតី និងទី ៣ គឺសម្រេចឲ្យក្រុមប្រឹក្សាវិន័យធ្វើអធិការកិច្ចលើលោកចៅក្រមស៊ើបសួរ លី សុខលេង។
ប្រភពបន្តថា សាលាដំបូងរាជធានីនឹងប្រកាសផ្លាស់ប្តូរតំណែងនេះ អាចនឹងធ្វើឡើងនៅថ្ងៃពុធនេះនៅម៉ោង ២រសៀល។
សមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម លោក អ៊ិត រ៉ាឌី បានឲ្យដឹងថា កាលពីរសៀលថ្ងៃអង្គារក្រុមអធិការកិច្ចក្រសួងយុត្តិធម៌ បានចុះអធិការកិច្ចលើសេចក្តីសម្រេចរបស់លោកចៅក្រម លី សុខលេង ដើម្បីធ្វើរបាយការណ៍ទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ជុំវិញព័ត៌មានពាក់ព័ន្ធនឹងការផ្លាស់ប្តូរតំណែងប្រធានសាលាដំបូងរាជធានី លោក អ៊ិត រ៉ាឌី ថា លោកនៅមិនទាន់បានឃើញព្រះរាជក្រឹត្យព្រះមហាក្សត្រលើការតែងតាំងឬផ្លាស់ប្តូរនេះនៅឡើយទេ តែលោកក៏ដូចជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អះអាងថា អាចនឹងមានសេចក្តីសម្រេចជាក់លាក់មួយនៅថ្ងៃពុធនេះ។
ប្រភពពីក្រសួងយុត្តិធម៌ឲ្យដឹងថា លោកលី សុខលេង ត្រូវបានព្យួរការងាររហូតដល់បញ្ចប់ការធ្វើអធិការកិច្ច៕
រាយការណ៍បន្ថែមៈ ជាង សុខា