ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​សារលិខិត​អបអរ​ក្នុង​ឱកាស​នៃ​ទិវា​វិទ្យុ​ពិភពលោក​លើក​ទី​ ៩ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១៣ ខែ​កុម្ភៈ ជា​រៀងរាល់​ឆ្នាំ​ដោយ​បាន​រំលេច​ពី​សារៈប្រយោជន៍​របស់​ស្ថាប័ន​វិទ្យុ បើទោះ​ជា​គ្រប់គ្រង​ដោយ​រដ្ឋ ឯកជន និង​សហគមន៍​ក្តី​គឺ​បាន​ចូលរួម​ចំណែក​លើកស្ទួយ តម្លៃ​សារព័ត៌មាន​។

ទិវា​វិទ្យុ​ពិភពលោក​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី​ ១៣ កុម្ភៈ បន្ទាប់ពី​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១៣ ដោយ​កំណត់​ថា​ជា​ថ្ងៃកំណើត​នៃ​វិទ្យុ​អង្គការ​សហប្រជាជាតិ​ដែល​ត្រូវបាន​បង្កើតឡើង​ចាប់​តាំងពី​ឆ្នាំ​ ១៩៤៦ ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិ​យល់ដឹង​របស់​សាធារណជន និង​សារៈសំខាន់​នៃ​ស្ថាប័ន​វិទ្យុ​ផ្សាយ​សំឡេង​នៅ​ទូទាំង​ពិភពលោក​។

លោក​ ហ៊ុន សែន ថ្លែង​នៅក្នុង​សារលិខិត​របស់លោក​ដែល​ចេញ​ក្នុង​ថ្ងៃទី​ ១៣ កុម្ភៈ​ នៃ​ទិវា​វិទ្យុ​ពិភពលោក​នោះ គឺ​ក្នុង​ន័យ​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​វិទ្យុ​ទូទាំង​ប្រទេស​កម្ពុជា​។ លោក​លើកឡើង​ថា ជា​ការពិត​ទិដ្ឋភាព​ចម្រុះ​នៃ​ស្ថាប័ន​វិទ្យុ​ផ្សាយ​សំឡេង​បាន​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​រវាង​វិទ្យុ​ស្ថាប័នរដ្ឋ ស្ថាប័ន​វិទ្យុ​ឯកជន និង​វិទ្យុ​សហគមន៍​ដែល​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញ​ទៅមក​មិន​អាច​កាត់ផ្តាច់​បាន​។

ក្នុង​នោះ​លោក​ថា វិទ្យុ​របស់​ស្ថាប័នរដ្ឋ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​គ្របដណ្តប់​នៅ​ទូទាំង​ប្រទេស​បាន​ដើរតួនាទី​យ៉ាងសំខាន់​ធ្វើជា​ស្ពាន​ចម្លង​ក្នុង​ការផ្តល់​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការដឹកនាំ​ប្រទេស និង​អភិវឌ្ឍ​ប្រទេស​រួមបញ្ចូល​ទាំង​កម្មវិធី​ច្បាប់ អប់រំ និង​កម្មវិធី​កម្សាន្ត​ជាដើម​។

លោក​បាន​បន្តថា​៖ «​ចំណែក​ស្ថាប័ន​វិទ្យុ​ឯកជន​ដែល​ជា​អង្គភាព​អាជីវកម្ម​សុទ្ធសាធ​ក៏​បាន​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​ផលិតកម្ម​វិធី​ចម្រុះ​សម្បូរបែប និង​បង្កើត កម្មវិធី​ផ្សេងៗ​ដោយ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​គ្មាន​ការរើសអើង ដើម្បី​បញ្ចេញ​ទស្សនៈ មតិយោបល់​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច បញ្ហា​សង្គម ខណៈ​ដែល​វិទ្យុ​សហគមន៍​ដែល​មាន​វិសាលភាព​ផ្សាយ​គ្របដណ្តប់​នៅក្នុង​តំបន់​របស់​ខ្លួន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការអភិឌ្ឍ​សហគមន៍​»​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ទន្ទឹមនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ថ្មី ខ្ញុំ​សូមឱ្យ​បងប្អូន​អ្នក​សារព័ត៌មាន​ដែល​បម្រើ​ការងារ​នៅ​ស្ថាប័ន​វិទ្យុផ្សាយ​សំឡេង ក៏ដូចជា​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ខិតខំ​អភិវឌ្ឍ​ខ្លួន ដើម្បី​ដើរទាន់​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ទំនើប​ពេលបច្ចុប្បន្ន និង​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បណ្តុះបណ្តាល​បុគ្គលិក​ព័ត៌មាន​របស់​ខ្លួន​ឱ្យ​យល់​អំពី​វិជ្ជាជីវៈ​សារព័ត៌មាន និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។ ពង្រឹង​គុណភាព​ការផ្សាយ​ព័ត៌មាន និង​ការទទួល​ខុសត្រូវ​លើ​វិជ្ជាជីវៈ​របស់ខ្លួន ដើម្បី​លើកស្ទួយ​តម្លៃ​សារព័ត៌មាន​»​។

តាម​សារលិខិត​របស់​លោក​ ហ៊ុន សែន ឲ្យ​ដឹងថា ស្ថានីយ​វិទ្យុ​ដំបូង​បង្អស់​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ១៩៤៧ ក្នុង​រជ្ជកាល​ព្រះបាទ ស៊ីសុវត្ថិ ដែល​ស្ថាប័ន​វិទ្យុ​នោះ​មាន​ឈ្មោះថា វិទ្យុ​ជាតិខ្មែរ​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​បារាំង​។ បច្ចុប្បន្ន​កម្ពុជា​មាន​ស្ថាប័ន វិទ្យុផ្សាយសំឡេង AM របស់​រដ្ឋ មាន ១ ស្ថានីយ និង​វិទ្យុ FM របស់​រដ្ឋ​មាន ២៦ ស្ថានីយ និង​ស្ថានីយ​វិទ្យុ​ឯកជន​មាន​ចំនួន​ ១៩៥​ ព្រមទាំង​គេហទំព័រ​វិទ្យុអនឡាញ​ចំនួន​ ២៩៦ ​អង្គភាព​ផងដែរ​។

លោក​ លៀ ស៊ីណា អ្នករាយការណ៍​ព័ត៌មាន​ប្រចាំ​វិទ្យុ​បាយ័ន FM៩៥ Mz លើកឡើងថា វិទ្យុ គឺ​នៅ​តែ​ដើរតួ​សំខាន់​ក្នុង​ការផ្តល់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ដែល​អាច​ឲ្យ​ពលរដ្ឋ​ទទួល​បាន​នូវ​ព័ត៌មាន​ទាន់​ពេលវេលា និង​បាន​យល់​ពី​ការប្រែប្រួល​នៅក្នុង​សង្គម​ប្រចាំថ្ងៃ​។

លោក​បន្តថា​៖ «​អ្នក​ស្តាប់​វិទ្យុ​ក្នុងពេល​បច្ចុប្បន្ន​មិន​ច្រើន​ណាស់ណា​ទេ គ្រាន់តែ​គេ​មិនទាន់​បោះបង់ចោល គឺ​គេ​នៅ​តែ​ជ្រើសរើស​យក​ព័ត៌មាន ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​នយោបាយ សេដ្ឋកិច្ច ក៏ដូចជា បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជាដើម​»​។

លោក​ ស៊ីណា បន្ថែមថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ស្តាប់​ការផ្សាយ​ក្នុង​វិទ្យុ​ទូទាំង​ប្រទេស អ្នកធ្វើការ​ក្នុង​វិស័យនេះ​គួរតែ​បង្កើន​ចំណេះដឹង​របស់​ខ្លួន​បន្ថែមទៀត​ ដើម្បី​ឲ្យ​ខ្លួន​ក្លាយ​ជា​​ជន​បង្គោល​មួយ​ក្នុង​ការចែករំលែក​ចំណេះដឹង ត្រឹមត្រូវ និង​អត្ថប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ ចៀសវាង​ជា​បុគ្គល​ម្នាក់​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​លក្ខណៈ​បំពុល​សង្គម​៕