បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១ ២០០ ​គ្រួសារ​ ដែលមាន​ទំនាស់​ដីធ្លី​រុំារ៉ៃ​ជាង​ ២០ ​ឆ្នាំ​នៅ​ខេត្តបន្ទាយមានជ័យ​ឈានដល់​ការចាប់​ឆ្នោត​ទទួល​យក​ដីឡូត៍​រស់នៅ​ស្របច្បាប់ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​កាត់​ដី​នៅ​ចំណុច​ភូមិ​បឹង​ជង្រុក ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ចំនួន​ជាង​ ៣០០ ​ហិកតា សម្រាប់​ការរៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ ដើម្បី​បញ្ចប់ទំនាស់​ដីធ្លី​នៅ​ទីនោះ​។

លោក​ ប៉ាន់ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ដឹកនាំ​ក្រុមការងារ​ចុះ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​ទីនោះ បានឱ្យដឹងថា ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាង​ ២០ ​ឆ្នាំ​មកហើយ​ដោយ​មាន​មេខ្យល់​ឆបោក​នាពេល​កន្លងមក​។ នេះ​ជាហេតុ​នាំ​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​លើដី​របស់​គេ ដែល​មាន​ម្ចាស់​រួចទៅហើយ ធ្វើឱ្យ​មាន​ជម្លោះ​ដោះស្រាយ​មិន​ចេញ​។

ប៉ុន្តែ​ក្រោយមក​រឿង​នោះ​បាន​ដឹង​ទៅដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ចាត់​ឱ្យ​លោក​ជា​តំណាង​ចុះមក​ធ្វើការ​ដោះស្រាយ​។

លោក​ថ្លែងថា​៖ «​នៅពេល​យើង​ចុះទៅ​បាន​រកឃើញ​ថា ពួកគាត់​សុទ្ធតែ​មក​រស់នៅ​លើដី​គេ​ទី១ តាមរយៈ​ការទិញ​ដូរ​តែ​គ្នា​គាត់​។ ទី២ តាមរយៈ​ការ​មក​ចាប់​យក​មក អាស្រ័យផល​ដោយ​ពុំមាន​ស្របច្បាប់ ហើយ​និយាយ​រួម​ដី​សុទ្ធតែ​គេ​មាន​ម្ចាស់​ទាំងអស់​»​។

បើតាម​លោក​ ប៊ុនថន ដោយ​ឃើញថា ពលរដ្ឋ​មាន​ទុក្ខ​លំបាក គ្មាន​ទីលំនៅ​ត្រឹមត្រូវ សំណូមពរ​ទទូច​ចង់​រស់នៅ​ទីនោះ ទើប​លោក​នាយក​រដ្ឋមន្ត្រី​សម្រេច​ឱ្យ​កាត់​ដី​ ៣០០ ​ហិកតា​ធ្វើការ​រៀបចំ​សម្រាប់​ការរស់នៅ​របស់​ពលរដ្ឋ​តែម្តង​។

លោក​បន្តថា​៖ «​ដោយសារ​យើង​ពិនិត្យឃើញ​ថា អ្នកខ្លះ​មាន​ការខ្វះខាត អ្នកខ្លះ​ក៏​បាន​អាស្រ័យផល​ខ្លះ​ដែរ ហើយ​ខ្លះទៀត​ក៏​បានមក​សាងសង់​ [​ផ្ទះ​] ​តូចៗ​នៅលើ​ហ្នឹងហើយ អ៊ីចឹង​គាត់​សំណូមពរ​ថា គាត់​ចង់​រស់នៅ​ទីនោះ​។ អ៊ីចឹង​ទៅ​ក៏​សម្តេច​តេជោ​លោក​ក៏បាន​បរិច្ចាគ​នូវ​ដី​ចំនួន​ ៣០០ ​ហិកតា​ ហ្នឹង​ជូន​ពួកគាត់ ដើម្បី​យើង​ពុះ​ឡូត៍​ចែក​ឱ្យ​គាត់​មក​រស់នៅ​លើដី​នេះ​វិញ​ឱ្យ​ចេញ​ពី​ដី​គេ ប្រគល់​ដី​ឱ្យគេ​វិញ​»​។

លោក​ ប៊ុនថន ប្រាប់ថា​កាលពី​ថ្ងៃទី​ ៧ កុម្ភៈ ប្រជាពលរដ្ឋ​បាន​មក​ចូលរួម​ចាប់ឆ្នោត​យក​ដីឡូត៍​នៅ​ទីតាំង​ដី​នោះ​ផ្ទាល់​តែម្តង​។ ដី​ដែល​ផ្តល់ជូន​ពលរដ្ឋ​នេះ​ជា​ដី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បានមកពី​ការបរិច្ចាគ​របស់​សប្បុរសជន​។

លោក​ថ្លែងថា​៖ «​សប្បុរសជន គាត់​ធ្វើ​អំណោយ​ជូន​សម្តេច ដើម្បី​យើង​ដោះស្រាយ​គោលនយោបាយ​ជូន​ពួកគាត់​។ អ៊ីចឹងទៅ​សម្តេច​ក៏​បាន​សម្រេច​ថា​ដី​ហ្នឹង ប្រគល់​ទៅ​ប្រជាពលរដ្ឋ​ដែល​គាត់​មក​រស់នៅ​លើដី​គេ​ហ្នឹង​តែម្តង​ទៅ​»​។

ក្រោយពេល​ក្រុម​ការងារ​ធ្វើ​ជំរឿន​បាន​រកឃើញ​ថា ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ទំនាស់​ដីធ្លី​យូរ​ឆ្នាំ​នោះ​មាន​ចំនួន​សរុប ១ ២១៣ ​គ្រួសារ​។ ក្នុងនោះ​ក៏មាន​ការវាយតម្លៃ​បន្ថែម​សម្រាប់​ការបែងចែក​ជូន​ប្រជាពលរដ្ឋ​ទៅតាម​សភាព​ជាក់ស្តែង​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ ប៊ុនថន​។

លោក​បន្ថែមថា​៖ «​នៅក្នុង​នោះ​យើង​ក៏មាន​ការវាយតម្លៃ​បន្ថែម​នូវ​ដី​ប្រភេទ​ ១ និង​ប្រភេទ​ ២​។ អ៊ីចឹង​ប្រភេទ​ ១ ​ហ្នឹង​គឺ​មាន ៣០ ​គុណ​ ៥០ ​ម៉ែត្រ​ហើយ​ប្រភេទ​ ២ ​ហ្នឹង គឺ ​២២ ​គុណ​ ២៥ ​ម៉ែត្រ​។ ២ ​ផ្នែក​ហ្នឹង​គឺ​យើង​ចែកជូន​យោងតាម​យើង​ធ្វើ​អត្តសញ្ញាណកម្ម​ជាក់ស្តែង​ថា​អ្នកណា​យើង​គួរឱ្យ​ប្រភេទ​ ១ អ្នកណា​គួរឱ្យ​ប្រភេទ​ ២»​។

លោក​ គឹម សុភ័គ ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​ទៅ​ចូលរួម​ចាប់​ឆ្នោត​យក​ទីតាំង​ដី​បាន​សម្តែង​ការត្រេកអរ​យ៉ាងខ្លាំង ដែល​គាត់​ធ្លាប់តែ​មាន​ទុក្ខ​លំបាក​រស់​នៅលើ​ដី​គេ​ត្រូវគេ​ដេញចេញ​។ ពេល​នេះ​គាត់​ប្តូរ​មកវិញ​នូវ​ទីកន្លែង​រស់នៅ​សមរម្យ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ផងដែរ​។

លោក​និយាយថា​៖ «​សព្វថ្ងៃនេះ​បាន​ជោគជ័យ​ដោយ​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន គាត់​បាន​ចាត់​ជំនួយការ​របស់​គាត់​មក គឺ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ​ស្រួល ដែល​មាន​សាលារៀន មណ្ឌល​សុខភាព​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្នាក់ការ​កងរាជអាវុធហត្ថ ស្នាក់ការ​ភូមិ អគារ​កាកបាទក្រហម វត្ត សួនច្បារ កន្លែង​ហាត់ប្រាណ ស្រះ​ទឹកជា​ដើម​»៕