ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យបណ្តេញចេញនូវជនបរទេសណាដែលមិនអនុវត្តតាមវិធានសុខាភិបាលចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេះមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាស និងចំពោះទីតាំងដែលមិនសហការផ្តល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ថែមលើអនុក្រឹត្យលេខ ២៧ ដែលរាជរដ្ឋាភិបាលបានអនុម័តឱ្យប្រើកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ថ្មីៗនេះ។
ការយល់ព្រមឱ្យមានការបណ្តេញជនបរទេសចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មីនេះគឺធ្វើឡើងបន្ទាប់ពីលោក ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ ១៩ បានស្នើឡើងដើម្បីអនុវត្តច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមវិធានសុខាភិបាល។
លោក ឌី វិជ្ជា បានលើកឡើងក្នុងលិខិតនោះថា កន្លងមកក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ២៨ វិច្ឆិកា និងព្រឹត្តិការណ៍ ២០ កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ មិនព្រមសហការចំពោះកិច្ចប្រតិបត្តិការរបស់ក្រុមស្រាវជ្រាវនេះ។
លោកបានបញ្ជាក់ថា៖ «បញ្ហាលំបាកដែលក្រុមការងារស្រាវជ្រាវប្រឈមរួមមាន បញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ មិនព្រមសហការផ្តល់ការសម្ភាស ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ»។
ដោយសារក្រុមការងារស្រាវជ្រាវជួបការលំបាកបែបនេះទើបបានលោក ឌី វិជ្ជា ស្នើសុំគោលការណ៍ពីលោក ហ៊ុន សែន អនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការមួយចំនួនគឺចំពោះជនបរទេសត្រូវធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។
លោកបានបន្តថា ចំពោះជនជាតិខ្មែរត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងទីតាំងដែលមិនសហការនឹងត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំងនោះ។
ទន្ទឹមនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានកំណត់នូវវិធានការតឹងរ៉ឹងក្នុងការបង្ការ និងទប់ស្កាត់ដើម្បីឈានទៅគ្រប់គ្រងបាននូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈដែរ។
លោកបានណែនាំដល់ពលរដ្ឋជាម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
លោក ឃួង ស្រេង បញ្ជាក់ថា៖ «ក្នុងករណីនៅតែមិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
យោងតាមអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្នុងជំពូកទី៥ បានចែងពីទោសប្បញ្ញត្តិដែលនឹងត្រូវទទួលនូវពិន័យអន្តរការណ៍ជាប្រាក់ពី ១ លានរៀល ទៅ ៥ លានរៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១ លានរៀល ទៅ ៥ លានរៀល ចំពោះបុគ្គលដែលគេចពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័កដោយមិនមានការអនុញ្ញាត។
ចំពោះអ្នកផ្តើមគំនិតដឹកនាំ ណែនាំញុះញង់បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់បុគ្គលដែលធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះ ឬគេចពីកន្លែងធ្វើចត្តាឡីស័កត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០ លានរៀលដល់ ៥០ លានរៀល និងមានការដាក់ទោសទណ្ឌតាមច្បាប់ព្រហ្មទណ្ឌផ្សេងទៀតផងដែរ។
ទាក់ទងនឹងបញ្ហាកូវីដនេះកាលម្សិលមិញក្រសួងសុខាភិបាលបានប្រកាសព័ត៌មានពីការរកឃើញនូវវីរុសកូវីដ១៩បែបបំប្លែងថ្មី ៣ ករណីនៅកម្ពុជាក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលអ្នកជំងឺម្នាក់ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង ២ នាក់ទៀតជាអ្នកនៅក្លិបកម្សាន្តអិនប្រាំបី (N8)។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងសន្និសីទកាសែតពីម្សិលមិញថា ទោះបីជាប្រទេសកម្ពុជាមិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ ១៩ ក៏ដោយ ក៏ហានិភ័យនៃការចម្លងវីរុសនេះនៅតែមានខ្ពស់។
លោកស្រីបានថ្លែងថា៖ «ស្ថានភាពបច្ចុប្បន្នគឺមានសភាពរាតត្បាតធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កន្លងទៅ ជាពិសេសគឺការចម្លងប្រភេទវីរុសបំប្លែងថ្មី ដែលការចម្លងរបស់វាមានសភាពកាចសាហាវ និងលឿនជាងធម្មតា»។
យោងតាមរបាយការណ៍ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកមានវិជ្ជមានកូវីដ ១៩ ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៩៩ នាក់ ក្នុងនោះអ្នកឆ្លងថ្មីនៅថ្ងៃទី ២២ ខែកុម្ភៈ មានចំនួន ២៣ នាក់។
គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ កម្ពុជាមានអ្នកមានផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ៥៩៣ នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយចំនួន ៤៧៥ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ចំនួន ១១៨ នាក់៕