
លោក ហ៊ុន សែន ក្នុងសន្និសីទកាសែតស្តីពីកូវីដ១៩ នាខែមេសានៅវិមានសន្តិភាព។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការភ័យខ្លាចចំពោះសភាពការណ៍កូវីដ ១៩ ដែលកំពុងកើតមានឡើងនៅពេលនេះ ប៉ុន្តែលោកសុំទទូចដល់អ្នកដែលមានការប៉ះពាល់នឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ខណៈលោកកំពុងគិតថា តើត្រូវប្រកាសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬយ៉ាងណានោះ។
តាមរយៈសារជាសំឡេងកាលពីយប់ថ្ងៃទី ៩ វិច្ឆិកា លោកនាយករដ្ឋមន្ត្រីបានប្រកាសប្រាប់ប្រជាពលរដ្ឋទាំងអស់កុំមានការភ័យស្លន់ស្លោចំពោះស្ថានការណ៍នេះ បើទោះបីជាវាធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមិនទាន់ដល់កម្រិតមួយ ដែលគ្រប់គ្នាត្រូវភ័យខ្លាំងនោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសុំយកឱកាសនេះអំពាវនាវទៅដល់ប្រជាពលរដ្ឋរបស់យើង កុំមានការភ័យស្លន់ស្លោចំពោះសភាពការណ៍នេះ។ ពិតមែនតែវាធ្ងន់ធ្ងរ ប៉ុន្តែវាក៏មិនទាន់ដល់កម្រិតមួយដែលធ្វើឱ្យយើងស្លន់ស្លោរហូតធ្វើឱ្យទំនិញឡើងថ្លៃនោះដែរ»។
លោក ហ៊ុន សែន បន្តថា៖ «ខ្ញុំសុំអរគុណដល់បងប្អូនជនរួមជាតិនៅតាមទីផ្សារទាំងឡាយដែលនៅបន្តស្ថានភាពធម្មតា មិនមានការជ្រួលច្របល់។ ជាពិសេសទាក់ទងនឹងថ្លៃទំនិញទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។ ស្ថានភាពយើងនៅត្រួតត្រាបានល្អ ប្រជាពលរដ្ឋរបស់យើងនៅបន្តជីវភាពជាធម្មតា»។
ជាមួយគ្នានេះលោកក៏បានអង្វរករយ៉ាងទទូចទៅដល់អ្នកដែលបានប៉ះពាល់នឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ លោកសង្កេតឃើញថា ព្រឹត្តិការណ៍នេះបានបង្កនូវស្ថានភាពរំជើបរំជួលក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ពោធិ៍សាត់ ព្រះសីហនុ តាកែវ កំពត និងខេត្តកែបដោយសារមន្ត្រីជាន់ខ្ពស់មួយចំនួនបានធ្វើដំណើរទៅកាន់ផ្នែកខ្លះនៃខេត្តទាំងនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «សុំឱ្យមានការប្រុងប្រយ័ត្ន ហើយសង្ឃឹមថាការអំពាវនាវរបស់ខ្ញុំនេះធ្វើនៅមុនពេលដែលខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ។ ព្រោះច្បាប់ក្នុងគ្រាមានអាសន្នមានក្នុងដៃរួចហើយ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ខ្ញុំអាចនឹងថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខាដាក់ប្រទេសជាតិក្នុងផ្នែកណាមួយ ឬទីក្រុងភ្នំពេញ ឬក្នុងប្រទេសទាំងមូលក្នុងគ្រាមានអាសន្នបាន។ ក៏ប៉ុន្តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះវានាំប៉ះពាល់ទៅដល់សិទ្ធិសេរីភាពមនុស្សច្រើនគ្នា»។
ស្ថិតក្នុងស្ថានភាពនេះលោកក៏បានបញ្ជាឱ្យក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមកម្លាំងដើម្បីការពារនៅទីកន្លែងដែលធ្វើចត្តាឡីស័ករួមផងដែរ។
លោកថា៖ «ខ្ញុំអំពាវនាវទៅដល់អាជ្ញាធរគ្រប់ថ្នាក់ សុំឱ្យតាមពិនិត្យចំពោះអ្នកដែលធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន តើគេធ្វើបានត្រឹមត្រូវដែរឬទេ។ ប្រសិនបើគេមិនអាចធ្វើបានត្រឹមត្រូវទេ សុំប្រញាប់ប្រញាល់អញ្ជើញពួកគាត់ទៅកាន់ចត្តាឡីស័កដែលរៀបចំដោយផ្នែកសុខាភិបាល។ មិនថា នៅទីក្រុងភ្នំពេញ ឬតាមបណ្តាខេត្តនោះទេ ត្រូវមានការយាមកាមឱ្យបានតឹងរ៉ឹង។ នេះមិនមែនជាការដាក់ឃុំទេ ក៏ប៉ុន្តែវាជាតម្រូវការចាំបាច់នៃការឃុំខ្លួនឯងដោយរស់នៅដាច់ដោយឡែក»។
លោក ហ៊ុន សែន ក៏បានប្រសិទ្ធនាមនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីមកកាន់ប្រទេសកម្ពុជាថា ជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្នុងគោលបំណងដើម្បីបញ្ចៀសនូវការហៅចំឈ្មោះចំពោះប្រទេសហុងគ្រីដែលវានាំទៅដល់ផលប៉ះពាល់នៃទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីនៅពេលក្រោយ។
បើតាមក្រសួងសុខាភិបាលប្រកាសពីម្សិលមិញ អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានមកធ្វើតេស្តចំនួន ១ ១៦៦ នាក់ (ទាំងតេស្តលើកទី១ និងលើកទី២ នាថ្ងៃទី ៩ ខែវិច្ឆិកា)។ លទ្ធផលដែលទទួលបានពីវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជាបង្ហាញថា មានអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៣ នាក់ គឺតំណាងរាស្ត្រលោក សួស យ៉ារ៉ា លោក ស ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។ អ្នកឆ្លងជំងឺកូវីដទាំងនោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បើគិតសរុបទាំងបុរសជាអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រីដែលរកឃើញវិជ្ជមានវីរុសកូវីដ ១៩ គឺមានចំនួន ៤ នាក់។
ក្រសួងបន្តថា អ្នកអវិជ្ជមានវីរុសកូវីដ ១៩ មានចំនួន ១ ១៤០ នាក់ ហើយនៅសល់វត្ថុសំណាកចំនួន ២៣ នាក់ទៀត ដែលត្រូវបានវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីថ្ងៃទី ១០ វិច្ឆិកា។
គិតត្រឹមថ្ងៃម្សិលមិញកម្ពុជាមានអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៣០០ នាក់ ស្ត្រី ៦០ នាក់ ប៉ុន្តែចំនួនអ្នកព្យាបាលជាសះស្បើយមានចំនួន ២៨៨ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានចំនួន ១២ នាក់ (ស្រី ២ នាក់)។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាលោក រស់ សុវាចា ប្រាប់ ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា គិតត្រឹមយប់ថ្ងៃទី ៩ ខែវិច្ឆិកា ក្រសួងបានរកឃើញ អង្គភាពក្រោមឱវាទក្រសួងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានមន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ២ ក្លិបហាត់កីឡាការ៉ាតេដូចំនួន ១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៩។
លោកថ្លែងថា៖ «អង្គភាពក្រោមឱវាទក្រសួងទាំងនេះបានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល ២ សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងក៏ផ្អាកបណ្តោះអាសន្ននូវពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី»។
ក្រសួងសុខាភិបាលប្រកាសផងដែរថា បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាលក្នុងការធ្វើចត្តាឡីស័កត្រូវទទួលពិន័យអន្តរការណ៍ជាទឹកប្រាក់ពី ២០ ម៉ឺនរៀលដល់ ១ លានរៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមានតាមមាត្រា ៨ នៃអនុក្រឹត្យចុះថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥ ព្រមទាំងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាលផងដែរ៕