ភ្នំពេញ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ ១២ មេសា បាន​ចេញ​សារ​បន្ទាន់​មួយ​ដោយ​បាន​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​ដណ្តើម​ចាក់​វ៉ាក់សាំង​ ខណៈ​ចំនួន​វ៉ាក់សាំង​នៅ​មាន​កំណត់​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផែនការ​មេ​នៃ​ការ​ចាក់​វ៉ាក់សាំង​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រឹង​រក​វ៉ាក់សាំង​មក​ចាក់​ជូន​ពលរដ្ឋ​ទៅ​តាម​លំដាប់លំដោយ។

ការ​អំពាវនាវ​របស់​លោក​យករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​កាល​ពី​ថ្ងៃ ១១ មេសា បាន​ប្ដូរ​មក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ចិន​ដែល​ផ្ទុយ​ពី​លើក​មុន​លោក​ធ្លាប់​តែ​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ចិន។

លោក ហ៊ុន សែន ហៅ​ការ​អំពាវនាវ​នេះ​ថា មិនមែន​ជា​បំណង​ល្អ​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ផែន​ការ​ពិសពុល​ដែល​ចង់​ឱ្យ​ពលរដ្ឋ​ទៅ​ដណ្តើម​វ៉ាក់សាំង ខណៈ​ដែល​កម្ពុជា​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «គោល​បំណង​របស់​វា​ឱ្យ​ចាក់​វ៉ាក់សាំង​ចិន មិនមែន​ជា​គោលបំណង​ដែល​វា​មាន​ពិត​ប្រាកដ​ក្នុង​ចិត្ត​ទេ។ ក៏​ប៉ុន្តែ​ជា​គោល​បំណង​ជំរុញ​ឱ្យ​ប្រជាជនមក​ដណ្តើម​វ៉ាក់សាំង ក្នុង​ពេល​វ៉ាក់សាំង​របស់​យើង​មាន​មិនគ្រប់។ យើង​ដឹង​ហើយ​ថា យើង​ត្រូវ​ការ​ចាក់​ប្រជាជន​ចំនួន ១០ លាន​នាក់​យ៉ាង​តិច ដែល​ត្រូវ​ការ ២០ លាន​ដូស។ គ្រាន់តែ​ការ​ចាក់​កុំ​ថា​ឡើយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ សូម្បី​តែ​សមត្ថភាព​ចាក់​វ៉ាក់សាំង ក្នុង ១ ខែ យើង​បាន​ត្រឹម​តែ ១ លាន​ដូស​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​ការ​ជិត ២០ ខែ ទើប​អាច​ចាក់​អស់​ចំនួន​វ៉ាក់សាំង បើ​សិន​យើង​មាន​គ្រប់ ១ លាន​ដូស។ ប៉ុន្តែ​វា​បែរ​ជា​ជំរុញ​ប្រជាជន មិនមែន​ជា​បំណង​ល្អ​របស់​វា​ទេ តែ​ទិស​ដៅ​របស់​វា​មាន​ទិសដៅ​ផ្សេង ​ត្រង់​ថា ជំរុញ​ប្រជាជន​ឱ្យ​ទទួល​វ៉ាក់សាំង ក្នុង​ពេល​តែ​មួយ ដែល​ជា​ចំណុច​ដ៏​អាក្រក់​នៃ​ពូជ​ក្បត់​ជាតិ​មួយ​នេះ»។

កាល​ពី​ថ្ងៃទី ១១ មេសា រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ដែល​មាន ៥ ជំពូក និង ៨ មាត្រា ដោយ​បាន​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ចាក់​វ៉ាក់សាំង​ជា​ពិសេស​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័នរដ្ឋ។

ក៏​ប៉ុន្តែ​ក្នុង​ពេល​ចំនួន​វ៉ាក់សាំង​នៅ​មាន​កម្រិត​លោក​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​រក្សា​ភាព​នឹងនរ ដើម្បី​ទុក​លទ្ធភាព​ជូន​រាជរដ្ឋាភិបាល​រក​វ៉ាក់សាំង និង​ចាក់​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ស្នើ​សូម​ឱ្យ​ប្រជាពលរដ្ឋ​យើង​នឹងនរ​ចិត្ត​រាជរដ្ឋាភិបាល​នឹង​ចាក់​ជូន​ទៅ​តាម​លំដាប់​អាទិភាព​នៅ​ពេល​វ៉ាក់សាំង​មក​ដល់​យើង​នឹង​ពិនិត្យ​ថា តើ​ក្រុម​ណា​ត្រូវ​ចាក់​មុន ក្រុម​ណា​ត្រូវ​ចាក់​ក្រោយ​ ហើយ​យើង​ក៏​មាន​ការ​បែងចែក​ប្រភេទ​អ្នក​ណា​ត្រូវ​ទទួល អាយុ​ប៉ុន្មាន​ត្រូវ​ទទួល»។

ទាក់ទង​នឹង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ បើ​គិត​ចាប់​ផ្ដើម​ពី​ថ្ងៃទី ១០ ខែ​កុម្ភៈ រហូត​ទល់​ថ្ងៃទី ១១ ខែ​មេសា រាជរដ្ឋាភិបាល​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ១ លាន​នាក់​ហើយ នៅ​ពេល​អ្នក​ចាក់​ម្ជុល​ទី១ គឺ​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ហើយ អ្នក​ចាក់​នៅ​លេខ​រៀង​ទី១ លាន គឺ​ជា​បុរស​ឈ្មោះ ប៉ាន់ សុវណ្ណរិទ្ធ ដែល​បាន​ទទួល​រង្វាន់​ពីលោក​នាយករដ្ឋមន្ត្រី​ចំនួន ៥ លាន​រៀល តាមរយៈ​លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល៕