ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អំពាវនាវ​ជាថ្មីទៀត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​យកចិត្ត​ទុកដាក់​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ពី​ម្នាក់​ទៅ​ម្នាក់ ក្រោយ​រកឃើញ​និស្សិត​ខ្មែរ​មកពី​ក្រៅ​ប្រទេស​ចំនួន​ ១៥ ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ធ្វើឱ្យ​ករណី​សរុប​កើន​ដល់ ១៥៦ នាក់ ​ក្នុងនោះ​ជាសះស្បើយ​ ១៣៣ នាក់​ ចាប់​តាំងពី​រកឃើញ​ករណី​ដំបូង​តាំងពី​ខែ​មករា​មក​។

លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ម្សិលមិញ​ថា វា​ជា​ពេល​សំខាន់​ដែល​ប្រជាពលរដ្ឋ​ត្រូវ​តែ​បន្ត​យកចិត្ត​ទុកដាក់ ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ខណៈ​ជំងឺ​ដែល​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នេះ នៅតែ​ជា​ជំងឺ​ឆ្លង​រាតត្បាត​ដ៏កាចសាហាវ​នៅឡើយ​។

លោក​ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ហើយ​សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល​ ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស់​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ និង​ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន​ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ ជាពិសេស​មន្ទីរពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវ​តែ​មាន​ទឹក​អាល់កុល​ជែល​សម្លាប់​មេរោគ និង​ម៉ាស់ សម្រាប់​អតិថិជន រួមទាំង​អ្នកជំងឺ និង​បងប្អូន​មក​សួរ​សុខទុក្ខ​ត្រូវ​ពាក់​ម៉ាស់​ការពារ​ចៀសវាង​ការឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់​»​។

ការអំពាវនាវ​របស់​លោក ហ៊ុន សែន គឺ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​ក្រសួង​សុខាភិបាល​បានប្រកាស​ករណី​នាំចូល​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩​ ចំនួន​ ១៥ ​នាក់​ទៀត ​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមនិស្សិត​ខ្មែរ​ ៨០ ​នាក់​ ទើប​ត្រឡប់​ពី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា​។ ក្រុមនិស្សិត​ទាំង ៨០ នាក់ ​គឺ​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ទៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​បន្ត​ដំណើរ​ចេញពី​ទីក្រុង​គូឡាឡាំពួ​តាម​ជើងហោះហើរ​ដែល​មាន​អ្នកដំណើរ​ជា​ពលរដ្ឋ​ខ្មែរ ១៣ ​នាក់ និង​ម៉ាឡេស៊ី​ម្នាក់ទៀត​សរុប​ទាំងអស់​ចំនួន​ ៩៤ ​នាក់​ បាន​មក​កាន់​ទីក្រុង​ភ្នំពេញ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​អ្នកជំងឺ​ទាំង​ ១៥ ​នាក់ ​គឺ​មាន​អាយុ​ចាប់ពី ២១ ​ឆ្នាំ ដល់​ ៣៣ ​ឆ្នាំ និង​ដែល​មាន​ទីលំនៅ​នៅ​ភ្នំពេញ​ចំនួន​ ២ ​នាក់​ខេត្ត​កណ្ដាល​ ៣ ​នាក់ ខេត្ត​តាកែវ​ ២ ​នាក់​ ខេត្ត​ត្បូងឃ្មុំ​ចំនួន​ ៧ ​នាក់ និង​ខេត្តក្រចេះ​មាន​ម្នាក់ ដែល​ត្រូវ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ខណៈ​អ្នកដំណើរ ៧៩ នាក់​ដែល​ធ្វើតេស្ដ​អវិជ្ជមាន​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​នៅ​មណ្ឌល​ចត្តាឡីស័ក​ជម្ពូវ័ន​១​។

កាលពី​ថ្ងៃទី​ ១០ ខែកក្កដា​ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​នៅឡើយ ខណៈ​ដែល​លោក​បាន​ចាត់ទុក​ករណី​មួយ​នៃ​ជំងឺ​កូវីដ​ ១៩ ថា​ដូចជា​ផ្កាភ្លើង​ដែល​ត្រូវ​សហការ​គ្នា​ពន្លត់​ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​កុំឱ្យ​រាលដាល​ជា​អណ្ដាតភ្លើង​នៅ​កម្ពុជា​ដូច​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​មួយចំនួន​។

លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​បន្ត​ចៀសវាង​ការជួបជុំ​កកកុញ និង​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​លម្ហ​ចង្អៀត​រួមទាំង​លាងដៃ​ឱ្យ​បាន​ទៀងទាត់ ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង​រក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល ទើប​អាច​ការពារ​ការចម្លង និង​កាត់បន្ថយ​នូវ​ឱកាស​នៃ​ការរីករាលដាល​ក្នុង​ករណី​មាន​ផ្កាភ្លើង​កើតឡើង​។

លោក​ថា​៖ «​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ចំណែក​ទាំងអស់​គ្នា ដើម្បី​ធានា​ឱ្យបាន​ថា ករណី​នីមួយៗ​មិន​ក្លាយជា​អណ្តាតភ្លើង ហើយ​មិន​វិវឌ្ឍ​ទៅជា​ភ្លើង​នាពេល​បន្ទាប់​។ ប្រសិន​បើ​យើង​ធ្វើ​សកម្មភាព​ដោយ​មាន​សាមគ្គីភាព យើង​អាច​ការពារ​ប្រទេស​កម្ពុជា​ពី​ការចម្លង​ជំងឺ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​ដូច​ដែល​យើង​ធ្លាប់​បានឃើញ​នៅក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សកលលោក​។ រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​១៩ គឺជា​កាតព្វកិច្ច​របស់​បុគ្គល​គ្រប់រូប ដើម្បី​សហគមន៍​គ្មាន​ការរាតត្បាត​ជំងឺ​ដ៏កាចសាហាវ​នេះ​»​។

លោក ម៉ម ប៊ុនហេង បន្ត​ថា​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​នៅ​ទូទាំង​ពិភពលោក គឺ​ចាំបាច់​ឱ្យ​កម្ពុជា​ត្រូវ​ធ្វើ​តេស្ដ​ឱ្យបាន​តឹងរ៉ឹង​នៅតាម​ព្រំដែន ចំពោះ​អ្នក​ដំណើរ​ទាំងអស់​ដែល​ចូល​កម្ពុជា និង​ត្រូវធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ ខណៈ​កម្ពុជា​មិនអាច​កាត់ផ្តាច់​ខ្លួន​ឯង​ទាំងស្រុង​ពី​ពិភពលោក​បាន​ឡើយ ហើយ​រឹត​តែមាន​សារៈសំខាន់​ណាស់​ដែល​សេដ្ឋកិច្ច​កម្ពុជា​ត្រូវតែ​រក្សា​ឲ្យ​បាន​នៅ​រឹងមាំ​។

ការលើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយពី​លោក​បាន​ចុះ​ត្រួតពិនិត្យ​អំពី​ការបង្កើត​មន្ទីរ​ពិសោធន៍​ដើម្បី​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ៩ ខែ​កក្កដា​។

លោក​ ប៊ុនហេង បញ្ជាក់​ថា ​មន្ទីរពិសោធន៍​នេះ​នឹង​អាច​បើក​ដំណើរការ​នៅ​ដើម​ខែ​ក្រោយ ហើយ​អាច​មាន​លទ្ធភាព​ធ្វើតេស្ដ​រកឃើញ​ជំងឺ​កូវីដ​ ១៩​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដោយ​មិន​ចាំបាច់​បញ្ជូន​សំណាក​មក​ធ្វើតេស្ដ​នៅ​ភ្នំពេញ​ឡើយ​។ លោក​បន្ថែម​ថា ក្រសួង​ក៏​គ្រោង​នឹង​បង្កើត​ឱ្យ​មាន​មន្ទីរពិសោធន៍​នៅ​ខេត្ត​មួយចំនួន​ទៀត​ដែរ នៅពេល​ខាងមុខ​។

ថ្វីដ្បិត​មាន​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​អំពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​នឹង​សង​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ចំនួន​ ៥ ​ថ្ងៃ​ដល់​កម្មករ​បុគ្គលិក និង​មន្ត្រីរាជការ​វិញ គឺ​ចាប់ពី​ថ្ងៃ​ទី​ ១៧ ​ដល់​ថ្ងៃទី​ ២១ ​សីហា​ ខាងមុខ​។ នេះ​បើតាម​អនុក្រឹត្យ​មួយ​ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ពី​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ទេ ដោយសារ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន​។ ប៉ុន្តែ​លោក​ ហ៊ុន សែន បានបញ្ជាក់​ក្នុង​សារ​បែកធ្លាយ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការគិតគូរ​ពី​ការសង​ថ្ងៃ​ឈប់សម្រាក​នេះ​ដោយសារ​កម្ពុជា​កំពុង​ត្រួតត្រា​បាន​ជំងឺ​កូវីដ ​១៩៕