ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បើ​ទោះបី​ជា​កម្ពុជា​លែង​មាន​អ្នក​ជំងឺ​នេះ​ក្ដី​ ខណៈ​ស្ដ្រី​ដែល​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ចុងក្រោយ​គេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាលពី​ថ្ងៃ​សៅរ៍​។

នៅ​ថ្ងៃទី​ ១៦ ខែ​ឧសភា លោក ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​ស្ដ្រី​អាយុ​ ៣៦ ​ឆ្នាំ​ជា​អ្នក​ជំងឺ​កូវីដ​១៩​ចុងក្រោយ​ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ទាំង​ ១២២ ​នាក់​ដែល​ត្រូវបាន​ក្រសួង​សុខាភិបាល​ប្រកាស​ថា​បាន​ជាសះស្បើយ និង​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក្រោយពី​ការធ្វើ​តេស្ដ​ចំនួន​ ២ ​លើក​មាន​លទ្ធផល​អវិជ្ជមាន​ជាមួយ​ជំងឺ​កូវីដ​ ១៩​។

ប៉ុន្តែ​លោក​ ហ៊ុន សែន ​បាន​លើកឡើង​ថា ពិតមែន​តែ​កម្ពុជា​ពុំមាន​ករណី​ថ្មី​ក៏ដោយ​ប៉ុន្តែ​ប្រជាពលរដ្ឋ​បន្ត​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ត្រូវអនុវត្ត​វិធានការ​អនាម័យ​ជាប់​ជាប្រចាំ​គឺ​ត្រូវ​ពាក់​ម៉ាស់ ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែល​សម្លាប់​មេរោគ​ឆ្លង​ផ្សេងៗ ហើយ​ត្រូវ​បន្ត​រក្សា​គម្លាត​សុវត្ថិភាព​ឆ្ងាយ​ពីគ្នា និង​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការចាំបាច់​។

លោក​បន្តថា​៖ «​នៅពេល​នេះ​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​ទាំងមូល ក៏​កំពុង​បន្ត​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ ដែល​ជា​ក្តីបារម្ភ​ដ៏ធំ​បំផុត ហើយ​មកទល់​ពេល​នេះ​ក៏​មិនទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ ១៩ នៅ​ឡើយ​ដែរ​។ សូម​អរគុណ​ដែល​បងប្អូន ជនរួមជាតិ​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩ ទាំងអស់​គ្នា​»​។

ក្រសួង​សុខាភិបាល​ក៏បាន​ប្រកាស​ដែរ​ថា ថ្វីដ្បិត​ក្នុង​រយៈពេល​ជាង​ ១ ​ខែ​ កម្ពុជា​ពុំ​មាន​ករណី​ឆ្លង​ថ្មី​ហើយ​អ្នកជំងឺ​ទាំងអស់​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ ១០០ ​ភាគរយ ប៉ុន្តែ​កម្ពុជា​នៅតែ​ត្រូវធ្វើ​កិច្ចការ​ជាច្រើន​ទៀត ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ការឆ្លង​រលក​ទី​ ២ ជាពិសេស​គឺ​ការត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​នូវ​សុខភាព​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា ដើម្បី​ចៀសវាង​ការនាំ​ចូល​ជំងឺ​កូវីដ​១៩​បន្ថែម​ទៀត​ហើយ​ពលរដ្ឋ​គ្រប់រូប​ក៏​ត្រូវតែ​កែប្រែ​ទម្លាប់​ និង​ឥរិយាបថ​រស់នៅ​ឱ្យស្រប​តាម​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ដែរ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​បញ្ជាក់​នៅពេល​ទៅ​ស្វាគមន៍​ស្ដ្រី​ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ កាលពី​ថ្ងៃ​សៅរ៍​ថា បន្ថែម​ពី​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ កម្ពុជា​ក៏ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​ទប់ស្កាត់​ការនាំ​ចូល​ករណី​ជំងឺ​កូវីដ ១៩ ខណៈ​ដែល​លោក​បាន​លើកឡើង​ថា បច្ចុប្បន្ន​នៅតែ​មាន​ពលរដ្ឋ​នៅក្រៅ​ប្រទេស វិល​ចូល​ប្រទេស​វិញ​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​ចេញពី​ប្រទេស​ថៃ​។

ស្ត្រី​ទើប​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​១៩​ទទួល​បាច់ផ្កា​ពី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ពេល​ទៅ​ដល់​។ រូប សាលាខេត្ត​បន្ទាយជ័យ

លោក​ថ្លែងថា​៖ «​យើង​គិតថា ភាគច្រើន​គឺ​ការនាំ​ជំងឺ​ចូល​។ អ៊ីចឹង​!​យើង​ត្រូវតែ​ប្រយ័ត្ន​នៅ​តាម​ទល់ដែន​តាម​អាកាសយានដ្ឋាន​តាម​ផែ ដែល​ត្រូវតែ​តាមដាន និង​ពិនិត្យ អ៊ីចឹង​បាន​រដ្ឋាភិបាល​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​នៅតាម​ទល់ដែន និង​នៅតាម​អាកាសយានដ្ឋាន​នានា​។ បងប្អូន​ដែល​មកពី​ក្រៅ​ត្រូវតែ​មាន​លិខិតបញ្ជាក់​សុខភាព​ថា មិនមាន​កូវីដ​១៩ ទើប​បាន​ឱ្យចូល ហើយ​នៅពេល​ចូល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ទៀត​»​។

លោក កែវ សុភ័ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ស្ដ្រី​ដែលជា​សះស្បើយ​ពី​ជំងឺ​​កូវីដ​១៩ ចុងក្រោយ​គេ​គឺ​ត្រូវ​បន្ត​ដាក់​ឱ្យនៅ​ដាច់​ដោយ​ឡែក​ចំនួន ១៤ ថ្ងៃ​ទៀត​នៅ​មន្ទីរពេទ្យ​ក្រុង​ប៉ោយប៉ែត ដើម្បី​រង់ចាំ​ការធ្វើ​តេស្ដ​អវិជ្ជមាន​ជាមួយ​ជំងឺ​​កូវីដ​១៩​ជា​លើក​ទី​ ៣ ​ទៀត​នៅ​ចុងខែ​នេះ មុន​នឹង​អនុញ្ញាត​ឱ្យ​គាត់​ទៅ​ជួបជុំ​ជាមួយ​គ្រួសារ​ដូច​ធម្មតា​វិញ​។

លោកបញ្ជាក់​ថា ​ស្ដ្រី​រូបនេះ​ត្រូវ​បាន​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​អស់​រយៈពេល​ ១ ​ខែ​ ១៦ ​ថ្ងៃ​ហើយ នៅ​មុន​ពេល​នាង​ត្រូវបាន​ប្រកាស​ថា បាន​ព្យាបាល​ជាសះស្បើយ​។

ស្ដ្រី​រូបនេះ​ត្រូវបាន​ក្រសួង​សុខាភិបាល​បញ្ជូន​ពី​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៨ ខែ​ឧសភា បន្ទាប់ពី​ស្ត្រី​រូបនេះ​ត្រូវ​គេ​អះអាង​ថា​មាន​ជំងឺផ្លូវចិត្ត​មិន​បាន​ដេក​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រូវការ​ពេលវេលា​ព្យាបាល​យូរ​ជាង​អ្នកជំងឺ​ដទៃទៀត​។

មុនពេល​ត្រូវបញ្ជូន​ត្រឡប់​តាម​រថយន្ត​ពេទ្យ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ​វិញ ស្ដ្រី​រូបនេះ​បាន​អរគុណ​ដល់​គ្រូពេទ្យ​ដែល​បាន​ខិតខំ​មើលថែ​នាង​បានល្អ​។ នាង​និយាយ​ថា​៖ «​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​គ្រូពេទ្យ​ដែល​ផ្គត់ផ្គង់​អាហារ​ហូបចុក​បានល្អ ព្រឹក​ ៣ ​មុខ ថ្ងៃ​ ៣ ​មុខ ល្ងាច​ ៣ ​មុខ​។ ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​បាន​ជា​សះស្បើយ​លឿន ហើយ​លោកគ្រូ និង​អ្នក​គ្រូពេទ្យ​ក៏​បាន​យក​ចិត្ត​ទុកដាក់ គឺ​មើល​ថែ​ខ្ញុំ​យ៉ាង​ខ្លាំង មិន​ថា​យប់​ ឬ​ថ្ងៃ​គឺ​ ២៤ ​ម៉ោង​នៅពេល​ដែល​ខ្ញុំ​មាន​អី​គឺ​ពួកគាត់​ចូលទៅ​មើល​ខ្ញុំ​រហូត តែ​គោលការណ៍​គាត់​ចូល​មើល​ខ្ញុំ​ ២ ​ដង​គឺ​នៅពេល​ព្រឹក និង​ពេល​ល្ងាច​»​។

ស្ត្រី​រូបនេះ​និយាយ​ថា​៖ «​នៅពេល​ខ្លះ​ខ្ញុំ​ហូប​ថ្នាំ វា​ធ្វើទុក្ខ​ខ្លាំង នៅពេល​ខ្លះ​ខ្ញុំ​វង្វេង​ពេញ​ពេទ្យ​ក៏​មាន​ដែរ លោកគ្រូ-អ្នកគ្រូ​ដេញតាម​ចាប់​ខ្ញុំ​ពេញ​ពេទ្យ ដោយសារ​តែ​អារម្មណ៍​ខ្ញុំ​អត់មូល​។ ពួកគាត់​បាន​ជួយ​ជំរុញ​ឱ្យ​ខ្ញុំ​ឧស្សាហ៍​ងូតទឹក​ ១ ​ថ្ងៃ​ ៣ ​ដង បាញ់​អាល់កុល​សម្អាត​គឺ​ខ្ញុំ​បាន​ស្ដាប់​តាម​ការណែនាំ​​របស់​គ្រូពេទ្យ​ផង និង​ពី​ក្រុមគ្រួសារ​ផង​»​។

ស្ត្រី​រូបនេះ​បាន​និយាយ​ទៀត​ថា​៖ «​ដូច​ដឹង​ហើយ​ថា អ្នក​កើត​អារោគ​ហ្នឹង​ (​បញ្ហា​ផ្លូវចិត្ត​) វា​តែង​គិត​បន្តិចបន្តួច​ហើយ វា​មិន​អត់​ទេ និង​រាង​ពិបាកចិត្ត​វា​មិន​អត់​ទេ តែ​ឥឡូវ​នេះ​បើ​គិត​ក៏​មិន​បាន​អី​មក​វិញ​ដែរ​អ៊ីចឹង​!​ មាន​តែ​គិតពី​រឿង​សប្បាយៗ​»៕