ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​លោក​ណារិន ដ្រា ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា ដើម្បី​ពិភាក្សា​គ្នា​អំពី​ការរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​តំបន់​មួយចំនួន​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ម្សិលមិញ​។

បើ​តាម​ក្រសួង​ការបរទេស​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី បាន​កោតសរសើរ​លោក ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​លើ​ជំងឺ​កូវីដ​ ១៩ ដែល​ជា​គំរូ​មួយ​សម្រាប់​ពិភពលោក​។ ចំណែក​លោក ហ៊ុន សែន ក៏បាន​គោរព​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឥណ្ឌា ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការស្លាប់​នៃ​ពលរដ្ឋ​ឥណ្ឌា​ជាច្រើន ដោយសារ​ជំងឺ​កូវីដ​ ១៩​។

ក្រសួង​ការបរទេស​ថ្លែងថា​៖ «​សម្តេច និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​អរគុណ​គ្នា​ទៅវិញ​ទៅមក ចំពោះ​ការយកចិត្ត​ទុកដាក់ និង​សម្រួល​ដល់​ការធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ​នៃ​ពលរដ្ឋ​រៀងខ្លួន​ដែល​ជាប់​នៅ​ប្រទេស​មួយទៀត​។ យន្តហោះ​ ១ ​គ្រឿង​នឹង​ដឹក​ពលរដ្ឋ និង​និស្សិត​កម្ពុជា​ចំនួន ៦០ ​នាក់​ ពី​ឥណ្ឌា​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១២ ខែ​មិថុនា​នេះ ហើយ​ពលរដ្ឋ​ឥណ្ឌា​នឹង​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​តាម​ជើងយន្តហោះ​នៅ​ព្រឹក​ថ្ងៃទី​ ១១ ​ខែ​មិថុនា និង​ ១ ​ជើង​ទៀត​នៅ​ថ្ងៃទី​ ១៩ ​ខែ​មិថុនា​ដែលមាន​ចំនួន​សរុប​ ២៨០ ​នាក់​»​។

នាយករដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ថ្លែងថា ការស្ដារ​សេដ្ឋកិច្ច​នៅក្រោយ​កូវីដ​ ១៩​ ទាមទារ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​ជា​អន្តរជាតិ​កាន់តែ​ខ្លាំង​ជាង​មុន​។ ថ្នាក់ដឹកនាំ​ទាំង​ ២ ក៏បាន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។

លោក​ ម៉ូឌី ​បាន​ចាត់ទុក​កម្ពុជា​ថា ជា​ផ្នែក​សំខាន់​មួយ​នៃ​នយោបាយ​ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅ​ទិស​ខាងកើត​របស់​ឥណ្ឌា​។

លោក ហ៊ុន សែន ក៏បាន​សរសើរ​ចំពោះ​តួនាទី​លើ​ឆាក​អន្តរជាតិ និង​គាំទ្រ​ដល់​ឥរិយាបថ​មនុស្សធម៌​ និង​សមត្ថភាព​របស់​ឥណ្ឌា​ក្នុង​ការផលិត​ថ្នាំពេទ្យ​ដែល​បាន​ផ្គត់ផ្គង់​ដល់​ប្រទេស​ចំនួន ១៣០ នៅក្នុង​រយៈពេល​ ២ ​ខែ​ចុងក្រោយ​នេះ​។ «​ថ្នាក់ដឹកនាំ​ទាំង​ ២ បាន​ប្តេជ្ញា​បន្ត​ពង្រឹង សហប្រតិបត្តិការ​តំបន់​ក្នុងនោះ​រួមមាន​ក្របខ័ណ្ឌ ASEAN-India និង​មេគង្គគង្គា​។ ពាក់ព័ន្ធ​នឹង​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​បុរាណវិទ្យា ឯកឧត្តម​នាយករដ្ឋមន្ត្រី ម៉ូឌី បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការទុកចិត្ត​ឱ្យ​ឥណ្ឌា​ធ្វើ​ជា​សហប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ដើម្បី​ស្តារ និង​អភិវឌ្ឍ​ប្រាសាទព្រះវិហារ​របស់​កម្ពុជា​»​។

ក្រសួង​ការបរទេស​ឥណ្ឌា​ក៏​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រហាក់ប្រហែល​គ្នា​កាលពី​ថ្ងៃ​ពុធ​ដោយ​បាន​លើកឡើង​ពី​ការសម្របសម្រួល ក្នុងការ​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​ពលរដ្ឋ​ប្រទេស​ទាំង​ ២​។ «​លោក​នាយករដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការប្ដេជ្ញា​ក្នុង​ការពង្រឹង​បន្ថែមទៀត​នៃ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ដែល​ជា​សមាជិក​ដ៏សំខាន់​មួយ​របស់​អាស៊ាន​ដែល​មាន​ទំនាក់ទំនង​ផ្នែក​អរិយធម៌​ និង​វប្បធម៌​ជាមួយ​ឥណ្ឌា​។ ថ្នាក់ដឹកនាំ​បាន​ពិនិត្យមើល​ការអភិវឌ្ឍ​ជា​ដៃគូ​ដ៏ស្វាហាប់​រវាង​ប្រទេស​ទាំង​ ២ ​រួមមាន​កម្មវិធី​កសាង​សមត្ថភាព​ស្ថិតក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ និង​សេដ្ឋកិច្ច​ឥណ្ឌា និង​គម្រោង​មាន​ឥទ្ធិពល​ភ្លាមៗ​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​មេគង្គ Ganga»​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន ២៧៦ ៥៨៣ នាក់​ គិត​ចាប់ពី​ថ្ងៃទី​ ៣០ ខែមករា រហូត​ដល់​ថ្ងៃទី​ ១០ ខែមិថុនា​ ដែល​ក្នុងនោះ​មាន ៧ ៧៤៥ នាក់​បាន​ស្លាប់​។ ចំពោះ​កម្ពុជា ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា មិនមាន​ករណី​ជំងឺ​នេះ​ថ្មី​ទេ​គិត​ត្រឹម​ម៉ោង​ ៨ ព្រឹក​ម្សិលមិញ​ ដោយ​ចំនួន​សរុប​នៅត្រឹម ១២៦ នាក់​ដដែល ប៉ុន្តែ​ ១២៥ នាក់​បានជា​សះស្បើយ ហើយ​ម្នាក់​កំពុង​សម្រាក​ព្យាបាល និង​គ្មាន​អ្នកស្លាប់​ពី​ជំងឺ​នេះ​ទេ​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា​ការកោតសរសើរ​របស់​ឥណ្ឌា​ចំពោះ​កិច្ចប្រឹងប្រែង​ទប់ស្កាត់​កូវីដ​១៩​របស់​កម្ពុជា​គឺជា​រឿង​ជាក់ស្ដែង ព្រោះ​មកទល់​ពេល​នេះ​កម្ពុជា​ពិតជា​បាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការរាលដាល​ជំងឺ​នេះ​។ ចំពោះ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នៃ​ថ្នាក់ដឹកនាំ​ទាំង​ ២ លោក​ថា វា​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ខណៈ​ដែល​ជំនួប​ផ្ទាល់​មិនអាច​ធ្វើ​ទៅ​បាន​ក្នុង​អំឡុងពេល​នៃ​កូវីដ​ ១៩​។

«​ឥណ្ឌា​ គឺជា​ប្រទេស​លោក​សេរី​តែ​ ១ ​គត់ នៅក្នុង​ពិភពលោក​ដែល​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​ឆ្នាំ​ ១៩៧៩ ពេល​កម្ពុជា​បាន​រំដោះ​ពី​របប​ខ្មែរក្រហម​។ មាន​តែ​ឥណ្ឌា​ទេ​ដែល​ទទួល​ស្គាល់​រដ្ឋាភិបាល​ប្រជាមានិត​កម្ពុជា​។ អ៊ីចឹង​បើ​យើង​មើល​ទំនាក់ទំនង​កម្ពុជា​ឥណ្ឌា​គឺជា​ទំនាក់ទំនង​មួយ​ដែល​មិន​ធ្លាប់​មាន​កង្វល់​នៅក្នុងពេល​ណាមួយ​នៃ​ប្រវត្តិសាស្ត្រ​»​។

លោក​បន្តថា បើទោះ​ជា​មាន​ទំនាក់ទំនង​ទាំង​ផ្នែក​អរិយធម៌​ និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ ២ ​មាន​យូរលង់​មកហើយ​ក្ដី​លោក​យល់​ថា ទំនាក់ទំនង​ទ្វេភាគី​នៅ​មាន​កម្រិត​នៅឡើយ​។ «​ទំនាក់ទំនង​កម្ពុជា-ឥណ្ឌា​ មិនទាន់​ដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ប៉ុន្តែ​ជា​ទំនាក់ទំនង​មួយ​ដែល​មាន​ភាពរីកចម្រើន​ក្នុង​ទិដ្ឋភាព​នយោបាយ​ផង​ក្នុង​ទិដ្ឋភាព​យុទ្ធសាស្ត្រ​ និង​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​ផង​។ បើ​និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី​គេ​តែង​សម្លឹងមើល​ទៅលើ​ផលប្រយោជន៍​ទៅវិញ​ទៅមក​។ ឥណ្ឌា​ចង់​ពង្រីក​ឥទ្ធិពល​ក៏ដូចជា​សក្ដានុពល​សេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​តំបន់​។ កម្ពុជា​ក៏មាន​ទិសដៅ​កំណត់​ផលប្រយោជន៍​របស់ខ្លួន​ដូចគ្នា​»​។

លោក​បន្តថា កម្ពុជា​ពិសេស​គណបក្ស​ប្រជាជន​នៅមាន​អារម្មណ៍​ដក់​ជាប់​នូវ​អ្វីដែល​ឥណ្ឌា​ធ្លាប់បាន​គាំទ្រ​ខ្លួន ដោយ​ឥណ្ឌា​បាន​គាំទ្រ​រដ្ឋាភិបាល​ប្រជាមានិត​កម្ពុជា​ ខណៈ​ដែល​ប្រទេស​លោក​ខាងលិច​ផ្សេងទៀត​គាំទ្រ​ចលនា​ខ្មែរក្រហម និង​ចលនា​ត្រីភាគី​៕