ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ ដោយ​សរសើរ​ដល់​រដ្ឋមន្ត្រី​ ៣ ​រូប​ ដែល​បានបង្ហាញ​នូវ​កាយវិការ​ស្និទ្ធស្នាល​ និង​បាន​ធ្វើការ​ឆ្លើយតប​ដោយផ្ទាល់​ទៅកាន់​រាល់​សំណួរ​របស់​អ្នកកាសែត​ដែល​បាន​តាម​យក​ព័ត៌មាន​ទៅដល់​ទីតាំង​។ ទន្ទឹម​គ្នា​នេះដែរ​ក៏បាន​ជំរុញ​ដល់​មន្ត្រី​របស់​លោក​ដូចជា​រដ្ឋមន្ត្រី និង​អភិបាលខេត្ត​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​នានា​ត្រូវ​ចាត់ទុក​​អ្នកកាសែត​ជា​ដៃគូ​របស់​រាជរដ្ឋាភិបាល​។

ក្នុង​ពិធី​សំណេះសំណាល និង​ចូលរួម​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកកាសែត​ក្នុងស្រុក​ប្រមាណ​ជា​ ៦ ​ពាន់​នាក់​កាលពី​ថ្ងៃទី​ ១៤ ខែមករា នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​សរសើរ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​តែង​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកព័ត៌មាន និង​បាន​ឆ្លើយ​ដោយផ្ទាល់​ជាមួយ​អ្នកព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​នាពេល​កន្លងមក​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​អ្នក​សារព័ត៌មាន​របស់​យើង គប្បី​ចូលរួម​ចំណែក​កាន់តែច្រើន កាន់តែ​ធំ កាន់តែ​ស៊ីជម្រៅ​ទៅលើ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភាពអសកម្ម ព្រោះ​យើង​ត្រូវការ​នូវ​សង្គម​មួយ​ដែល​ស្អាតស្អំ​មាន​តម្លាភាព​ហើយ យើង​ត្រូវ​ទទួលស្គាល់​ថា ភាពអយុត្តិធម៌​សង្គម វា​ជា​ផ្នែក​មួយ​នៃ​អស្ថិរភាព​សង្គម ហើយ​វា​ក៏​អាច​បង្កើត​ទៅដល់​ជម្លោះ​ប្រដាប់​អាវុធ ឬ​ក៏​ហិង្សា​ទៀតផង​។ ដូច្នេះ​ខ្ញុំ​ស្នើឱ្យ​អ្នកសារព័ត៌មាន​របស់​យើង ហ៊ាន​បញ្ចេញ​ដោយ​មិន​មានការ​ក្លែងបន្លំ បំភ្លៃ​ការពិត​នោះទេ ប៉ុន្តែ​ត្រូវ​ហ៊ាន​យក​មក​ដាក់​លើ​តុ​ទាក់ទង​នឹង​អំពើ​អសកម្ម ភាពមិន​ប្រក្រតី អំពើ​ពុករលួយ និង​អយុត្តិធម៌​នានា យើង​អត់​ខ្លាច​ទៅលើ​បញ្ហា​នេះ​ទេ​។ សូម​អស់លោក​កុំ​ខ្លាច​អ្នក​សារព័ត៌មាន ហើយ​កុំ​ចាត់ទុក​អ្នកព័ត៌មាន​ជាស​ត្រូវ សូម​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​ដៃគូ ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការងារ​របស់​អស់លោក​»​។

ទោះយ៉ាងណា​ក៏ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ និង​កុំ​បំភ្លៃ​ការពិត ដោយ​អ្នក​សារព័ត៌មាន​ទាំងអស់​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បានល្អ​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​ច្បាស់លាស់​ពិតប្រាកដ និង​ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមជាតិ និង​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​អំពើ​អសកម្ម​នានា​ក្នុង​សង្គម​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​ឲ្យ​សីល​ដែល​ចាត់ទុកថា​ជា​ពាក្យស្លោក ឬក៏​ជា​ខ្សែ​កថា ការពារ​ខ្លួន​ដើម្បី​ពង្រឹក​វិជ្ជាជីវៈ​របស់ខ្លួន​ [​អ្នកព័ត៌មាន​] ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន និង​ការពារ​ខ្លួន​ចំពោះមុខ​ច្បាប់ គឺ អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត នេះ​ជា​​បាលី​ការពារ​ខ្លួន​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាង​ទៀត​ថា សារព័ត៌មាន​អាច​ចូលរួម​រក្សា​ស្ថិរភាព​នយោបាយ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច តែ​ក៏​អាច​ធ្វើឲ្យ​ប៉ះពាល់ ដល់​នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ បើ​ព័ត៌មាន​នោះ​ជា​ព័ត៌មាន​បំភ្លៃ ឬ​ព័ត៌មាន​មិន​ពិត វា​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​គ្រាប់បែក​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ថាបើ​និយាយ​ពី​វិស័យ​ព័ត៌មាន កម្រិត​បំផ្លាញ​គឺមាន​កម្រិត​ធំធេង​ជាង​គ្រាប់បែក គ្រាប់ផ្លោង​ទៅទៀត ប្រសិន​បើ​ព័ត៌មាន​នោះ​បំពុល​។ គ្រាប់បែក ឬ​គ្រាប់ផ្លោង​អាច​បំផ្លាញ ឬ​កម្ទេច​ភូមិ​មួយ ឬ​កម្ទេច​គេហដ្ឋាន​មួយ ក៏ប៉ុន្តែ​ព័ត៌មាន​បំភ្លៃ​ការពិត​វា​អាច​កម្ទេច​ប្រទេស​ជាតិ​មួយ ហើយ​បើ​សេដ្ឋកិច្ច​វិញ វា​អាច​ធ្វើ​ឱ្យ​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ធ្លាយ​ឡើង​ពី​សង្គ្រាម​ចិត្តសាស្ត្រ​»​។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ថ្លែងថា អ្នក​សារព័ត៌មាន​យ៉ាងច្រើន​បាន​​ស្វាគមន៍​នូវ​សេចក្ដី​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ដោយសារ​តែ​សំណូមពរ​របស់​ពួកគាត់​ត្រូវបាន​ទទួល​យក និង​ដាក់ចេញ​តាមរយៈ​លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ឲ្យ​មាន​កិច្ចសហការ​ល្អ​ជាមួយ​នឹង​អ្នកសារព័ត៌មាន​។

លោក បូណា ថ្លែងថា​៖ «​មិន​ត្រឹមតែ​អ្នកនាំពាក្យ​ទេ​តែ​សម្តេច​ថែមទាំង​បានស្នើ​រដ្ឋមន្ត្រី​ ឬ​ប្រធាន​ស្ថាប័ន​ ឬ​ចៅហ្វាយខេត្ត​ចេញ​មក​បកស្រាយ ពន្យល់​អ្នក​កាសែត នៅពេល​ដែល​មាន​បញ្ហា​អ្វីមួយ​។ នេះ​គឺជា​អ្វីដែល​យើង​ទាំងអស់​គ្នា​ចង់បាន​។ ឥឡូវ​គាត់​បាន​ឆ្លើយតប​នឹង​សំណើ​របស់​យើង​»​។

លោក​ថ្លែងថា​៖ «​ការស្នើ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ និង​កុំ​បំភ្លៃ​ការពិត​។ សំណើ​នេះ​យើង​គិតថា​វា​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​វិជ្ជាជីវៈ​របស់​យើង​ដែល​យើង​ចង់បាន​ផងដែរ​ដោយសារ​តែ​យើង​ក៏មាន​ក្តីបារម្ភ​ដែរ មាន​អ្នក​សារព័ត៌មាន​ ឬ​អ្នក​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន​ជាច្រើន​បាន​ប្រើប្រាស់​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​បំពាន​ទៅលើ​អ្នកដទៃ​»​។

ជាមួយ​គ្នា​នោះដែរ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ផងដែរ​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​ក្រសួង​​ព័ត៌មាន​បានរៀបចំ​ព្រាង​នេះ គឺ​សព្វថ្ងៃ​ទៅ​ដល់​ក្រសួងយុត្តិធម៌​ដែល​កំពុង​ពិនិត្យ​ពី​ទោសទណ្ឌ ដើម្បី​ឲ្យ​ស្រប​នឹង​ច្បាប់​នានា​​ ដូច្នេះ​មិន​ចំណាយពេល​យូរ​ទេ​ក្នុង​ការបញ្ជូន​ទៅកាន់​គណៈរដ្ឋមន្ត្រី​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ត្រូវ​ចេញ​ឱ្យបាន​នៅក្នុង​ឆ្នាំ​ ២០២០ ឥឡូវ​វា​នៅតែ​ក្រសួង​យុត្តិធម៌​ទេ ក្រសួងយុត្តិធម៌​មិន​ត្រូវការ​ពេល​ប៉ុន្មាន​ទេ គ្រាន់តែ​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ក្រុមប្រឹក្សា​រដ្ឋប្បវេណី និង​យកទៅ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ក្រមព្រហ្មទណ្ឌ ដើម្បី​ឱ្យមាន​សមភាព​រវាង​ច្បាប់​ទាំងឡាយ​ជាមួយ​គ្នា​តែប៉ុណ្ណោះ​ទៅលើ​បទប្បញ្ញត្តិ​ស្តីពី​ទោស​បញ្ញត្តិ​»​។

ដោយ​មាន​ការស្នើសុំ​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​ផ្ដល់​មេធាវី​ការពារ​ក្តី​ដល់​អ្នកសារព័ត៌មាន​នោះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​សម្រេច​ជួយ​ការពារ​ដោយ​មាន​លក្ខខណ្ឌ​ដោយ​ផ្អែក​ទៅ​តាម​អង្គហេតុ និង​អង្គច្បាប់ មិនមែន​ការពារ​អ្នកសារព័ត៌មាន​ដែល​គ្មាន​ក្រមសីលធម៌ ឬ​គ្មាន​វិជ្ជាជីវៈ​សារព័ត៌មាន​នោះឡើយ​៕