ភ្នំពេញៈ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ថ្មី ២០១៥-២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ ឲ្យសិស្សានុសិស្ស បន្តពង្រឹងការសិក្សា កសាងសមត្ថភាពឲ្យកាន់តែខ្លាំង ដើម្បីប្រែក្លាយសង្គមឲ្យមានការអភិវឌ្ឍជឿនលឿន ឆ្លើយតបនឹងសកលភាវូបនីយកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។
តាមរយៈវីដេអូឃ្លីប ដែលចាក់ផ្សាយឡើងដោយទូរទស្សន៍ជាតិកម្ពុជា កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា វិស័យអប់រំ គឺជាការងារមួយ ដែលតម្រូវឲ្យមានការបន្តលើកកម្ពស់ និងអភិវឌ្ឍគ្មានទីបញ្ចប់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាព ទេពកោសល្យ ផលិតភាព សក្តានុពល មានសីលធម៌ គុណធម៌ ដែលនឹងរួមចំណែកសម្រាប់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន។
លោកបានរំឭកទៅកាន់សិស្សានុសិស្សថា៖ «ក្មួយៗត្រូវគិតថា អនាគតប្រទេសជាតិរបស់យើង ត្រូវតែមានការចូលរួមចំណែកយ៉ាងសកម្មពីក្មួយ ព្រោះថា ក្មួយៗ ជាមូលធនមនុស្ស ដែលប្រទេសជាតិត្រូវការ និងផ្ញើសេចក្តីសង្ឃឹមក្នុងការអភិវឌ្ឍ និងកសាងកម្ពុជាឲ្យក្លាយជាប្រទេសអភិវឌ្ឍនាពេលអនាគត»។
លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវជួយសម្របសម្រួលជំរុញលើកទឹកចិត្ត និងផ្តល់លទ្ធភាពជូនដល់អាណាព្យាបាលសិស្ស ឲ្យបាននាំកូនចៅចូលរៀន និងរៀនបានចប់កម្រិតសិក្សាមូលដ្ឋានឲ្យបាន ៩ ឆ្នាំយ៉ាងតិច។ ទន្ទឹមនឹងនេះ លោក ក៏បានអំពាវនាវឲ្យសិស្សានុសិស្ស ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានានូវសុវត្ថិភាព។
កំណែទម្រង់ថ្មី ក្នុងវិស័យអប់រំ នារយៈពេល ២ ឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា គុណភាពក្នុងវិស័យអប់រំនៅកម្ពុជា បានកំពុងបោះជំហានទៅមុខ ខណៈដែលគ្រូបង្រៀនមួយចំនួន អះអាងថា បញ្ហាប្រាក់បៀវត្សរ៍ទាប នៅតែកំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់គ្រូបង្រៀន និងគុណភាពអប់រំ។
លោក សែម សម្បត្តិ ជាឪពុករបស់កូនស្រីពីរនាក់ ដែលជាសិស្សរៀននៅសាលាបឋមសិក្សាមួយក្នុងខណ្ឌច្បារអំពៅបានឲ្យដឹងថា លោក នៅតែមានក្តីបារម្ភ ចំពោះគុណភាពអប់រំនៅកម្ពុជាដែលគ្រូបង្រៀនមិនអាចផ្តល់នូវការបង្រៀនប្រកបដោយគុណភាពដល់កូនៗរបស់លោកបាន។
លោកបានថ្លែងថា៖«ខ្ញុំគិតថា គ្រូមិនអាចផ្តោតលើការបង្រៀនបានពេញលេញនោះទេ ពីព្រោះពួកគាត់ មានប្រាក់ខែទាបពេក...កាលណាពួកគាត់មានប្រាក់ខែទាប ចាយមិនគ្រប់សម្រាប់ជីវភាពប្រចាំថ្ងៃអ៊ីចឹងគាត់ត្រូវរកការងារក្រៅធ្វើ ដើម្បីរកប្រាក់បង្គ្រប់ជីវភាព។ ចំណែកកម្មវិធីសិក្សា នៅមានភាពចាស់គំរឹល ដែលត្រូវការផ្លាស់ប្តូរ ទើបអាចឆ្លើយតបតម្រូវការសង្គមបាន»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីនធ្លាប់បានឲ្យដឹងថា ក្រសួង បានកំពុងយកចិត្តទុកដាក់ក្នុងការសម្រេចដំឡើងប្រាក់បៀវត្សរ៍សម្រាប់គ្រូបង្រៀន និងពង្រឹងគុណភាពអប់រំប្រដំប្រសងគ្នា។
លោកថា៖ «ក្រសួង បានដឹងពីទុក្ខលំបាក របស់បងប្អូនគ្រូបង្រៀន តែការដំឡើងប្រាក់បៀវត្សរ៍គឺត្រូវធ្វើឡើងតាមដំណាក់ និងធានានូវតុល្យភាពចរន្តចំណូល និងចំណាយ ដែលជាថវិការដ្ឋផងដែរ»។
បើតាមលោក រស់ សាលីន បច្ចុប្បន្នគ្រូបង្រៀនកម្រិតបឋមសិក្សា ទទួលបានប្រាក់បៀវត្សរ៍ចន្លោះពី ៦៥ម៉ឺនរៀល ដល់ ៨៦ ម៉ឺនរៀល កម្រិតអនុវិទ្យាល័យពី ៧៣ ម៉ឺនរៀល ទៅ ៩៩ ម៉ឺនរៀល កម្រិតមធ្យមសិក្សាពី ៨០ ម៉ឺនរៀល ទៅ ១ លាន ១ សែន ៦ ម៉ឺនរៀល និងកម្រិតឧត្តមសិក្សាពី ៩០ ម៉ឺនរៀល ទៅ ១ លាន ២ សែន ៨ ម៉ឺនរៀល។
លោក បានបញ្ជាក់ថា សម្រាប់ផែនការ ឆ្នាំ ២០១៦ ខាងមុខនេះ បៀវត្សរ៍គ្រូបង្រៀនកម្រិតបឋមសិក្សា នឹងត្រូវដំឡើងឲ្យបានយ៉ាងតិចបំផុត ៨០ ម៉ឺនរៀល៕