
របងឈើសង់រំលោភលើដីសាធារណៈមុនរុះរើ។ រូបថត រដ្ឋបាលខេត្តកែប
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឱ្យអភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេសត្រូវមានចំណាត់ការលើបុគ្គលណាបានសាងសង់របងរំលោភបំពានលើដីសាធារណៈដែលបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះធ្វើឡើងក្រោយពីអាជ្ញាធរខេត្តកែប បានសម្រេចចិត្តដោះស្រាយទំនាស់ ១ ករណី ដែលកើតចេញពីការធ្វើរបងបិទផ្លូវសាធារណៈដោយបានចុះរុះរើរបងថ្ម និងទ្វារដែកកាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់ អូរក្រសារ ក្រុងកែប ខេត្តកែប។
លោក ហ៊ុន សែន បានថ្លែងថា៖ «តាមហេតុការណ៍ដែលបានកើតកន្លងមកនេះ អាជ្ញាធរគួរតែរើរបងនេះចោលតាំងពីពេលរបងនេះចាប់ផ្តើមធ្វើមកម្ល៉េះ ហើយអ្នកធ្វើរបងបិទផ្លូវសាធារណៈគួរតែត្រូវបានអប់រំ ឬមានវិធានការរដ្ឋបាលពីដំបូង។ យើងមិនត្រូវទុកឱ្យបុគ្គលម្នាក់ ឬ ២ នាក់ បំផ្លាញផលប្រយោជន៍របស់ប្រជាជនច្រើននាក់នោះឡើយ។ ថ្ងៃក្រោយមិនត្រូវឱ្យមានរឿងបែបនេះ កើតឡើងទៀតទេ មិនត្រឹមតែខេត្តកែបប៉ុណ្ណោះទេគឺត្រូវធ្វើនៅគ្រប់ខេត្តទាំងអស់»។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបកាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចុះរុះរើរបង ថ្ម និងទ្វារដែកដែលបានសាងសង់ គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅតំបន់ស្រែអំបិល ហើយកំពុងមានទំនាស់ជាប់បណ្ដឹងមានទីតាំងស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់ អូរក្រសារ ក្រុង កែប។ ការចុះរុះរើនេះ គឺដើម្បី រក្សាស្ថានភាពដើម និងបើកផ្លូវ សាធារណៈជូនដល់ប្រជាពលរដ្ឋ មហាជន សម្រាប់ប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិ អង្គការសមធម៌កម្ពុជាបានឱ្យដឹងថា ករណីនៃការរំលោភយកដីសាធារណៈរបស់រដ្ឋនេះនៅតែបន្តមានការកើនឡើងជាហូរហែនៅទូទាំងប្រទេសពីសំណាក់អ្នកធំ អ្នកមានលុយ និងប្រជាពលរដ្ឋធម្មតាបានហ៊ុមព័ទ្ធ និងធ្វើរបងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលជាកត្តាប៉ះពាល់ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។
លោក អ៊ាង វុទ្ធី បានថ្លែងដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការផ្ទេរកម្មសិទ្ធិដីធ្លីសាធារណៈរបស់រដ្ឋទៅឱ្យបុគ្គលផ្សេងៗ ដែលនឹងធ្វើឱ្យដីសាធារណៈ និងដីឯកជនរបស់រដ្ឋអាចនឹងបាត់បង់នាពេលខាងមុខក៏នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅផងដែរ ទាក់ទិននឹងការដោះស្រាយរបស់រដ្ឋាភិបាលក៏មានភាពយឺតយ៉ាវ ដែលតម្រូវឱ្យមានការផ្ទេរអំណាចទៅឱ្យថ្នាក់ខេត្ត ដើម្បីដោះស្រាយបានលឿន។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា រឿងមួយចំនួន រដ្ឋបាលខេត្តអាចដោះស្រាយបាន។ ករណីក្នុងខេត្តកែបជាប្រភេទរដ្ឋបាល ដែលអាជ្ញាធរនៅរាជធានី-ខេត្តនៅទូទាំងប្រទេសអាចយកជាគំរូក្នុងការដោះស្រាយបាន ប្រសិនបើមានឆន្ទៈពិតប្រាកដ៕
វីដេអូ៖