ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាកម្ពុជាក្រោមការដឹកនាំរបស់លោកមិនដួលរលំទេ ក្រោយពេលបរទេសមកជួយហើយដកចេញទៅវិញ ដោយលោកលើកជាសំណួរថា តើនៅលើពិភពលោកមានរបបណាខ្លះដែលបរទេសមកជួយហើយអាចស្ថិតស្ថេរបានដោយខ្លួនឯង ក្រោយពីបរទេសដកចេញទៅវិញនោះ។
ថ្លែងក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញពីម្សិលមិញ លោក ហ៊ុន សែន មានប្រសាសន៍ថានៅលើពិភពលោក ឬនៅក្នុងតំបន់អាស៊ី តើមានរបបណាខ្លះដែលពេលបរទេសមកជួយហើយ ពេលបរទេសដកចេញត្រឡប់ទៅវិញបែរជារដ្ឋបាលស្ថិតស្ថេរ? គឺមានតែកម្ពុជាទេ។
លោកថ្លែងថា៖ «សូមក្រឡេកមើលរដ្ឋបាល លន់ នល់។ និយាយរួមថា មានតែរដ្ឋាភិបាល ហេង សំរិន ហ៊ុន សែន ទេ។ យើងមើលរដ្ឋាភិបាល លន់ នល់ អាមេរិក ចូលមកជួយអាមេរិកដកទៅវិញដួលរលំគ្រេង ១ ។ វៀតណាមខាងត្បូង អាមេរិកចូលមកជួយអាមេរិកដកទៅវិញ ដួលរលំគ្រេង ២។ អាហ្វហ្គានីស្ថាន សូវៀតចូលមកជួយដល់សូវៀតដកចេញ ដួលរលំគ្រេង ៣»។
លោកបន្តថា៖ «ដល់រដ្ឋាភិបាល ហ៊ុន សែន វៀតណាមចូលមកជួយដល់វៀតណាមដកចេញក្នុងដំណាក់កាលរដ្ឋាភិបាលរបស់ខ្ញុំ វៀតណាមដកត្រឡប់ទៅវិញ រដ្ឋាភិបាល ហ៊ុន សែន ឈរយ៉ាងមាំនៅនេះ។ ពិតមែនតែត្រូវធ្វើការសម្របសម្រួល ប៉ុន្តែសម្របសម្រួលលើមូលដ្ឋាននៃយន្តការរបស់រដ្ឋាភិបាល ហ៊ុន សែន ទាំងអស់។ នៅលើការជាក់ស្ដែង ហ៊ុន សែន កំពុងឈរនៅទីនេះ ហើយនឹងឈររហូតដល់ ១០ ឆ្នាំទៀតឯណោះ»។
លោករំឭកប្រវត្តិសាស្ត្រថា ក្រោយពេលវៀតណាមដកចេញនៅឆ្នាំ ១៩៨៩ មានទិដ្ឋភាព ២ នៃបញ្ហាដែលកម្ពុជាត្រូវបានដោះស្រាយនោះគឺទិដ្ឋភាពផ្ទៃក្នុង និងទិដ្ឋភាពអន្តរជាតិ។ លោកបន្តថា ទិដ្ឋភាពអន្តរជាតិរួមមានវត្តមានកងទ័ពវៀតណាមនៅកម្ពុជា និងការប្រើប្រាស់ដីបរទេស និងជំនួយបរទេសដើម្បីប្រឆាំងកម្ពុជា។ ឯទិដ្ឋភាពផ្ទៃក្នុងវិញគឺកម្ពុជាត្រូវបែងចែក ៤ ភាគីដែលត្រូវការបង្រួបបង្រួម។
ក្រៅពីអះអាងអំពីការមិនដួលរលំដោយសារបរទេសដកថយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា វត្តមានកងទ័ពវៀតណាម ១០ ម៉ឺននាក់នៅកម្ពុជារយៈពេល ១០ ឆ្នាំពីឆ្នាំ ១៩៧៩ ដល់ ១៩៨៩ នោះមិនបានធ្វើឲ្យរាំងស្ទះការធ្វើកំណែទម្រង់របស់កម្ពុជាទេ។ លោកថា វៀតណាមមិនជ្រៀតជ្រែកកិច្ចការនយោបាយរបស់កម្ពុជា ហើយមេដឹកនាំវៀតណាមបានប្រាប់ទៅកងទ័ពរបស់ខ្លួនថា ភារកិច្ចរបស់កងទ័ពវៀតណាមមកកម្ពុជាបន្តគឺដើម្បីជួយទប់ស្កាត់ការវិលត្រឡប់នៃពួកប៉ុលពត។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំពេលប្រជុំជាមួយតួអង្គពាក់ព័ន្ធនៅសម័យក្រោយនេះ ខ្ញុំថាអស់លោកតែងតែមើលមកខ្ញុំថាជាអាយ៉ងវៀតណាម។ ប៉ុន្តែពេលដែលវៀតណាមមានកងទ័ពនៅស្រុកខ្មែរ វៀតណាម មិនដែលផ្ដល់ការប្រដៅឲ្យខ្ញុំធ្វើបែបនេះៗទេ។ ប៉ុន្តែបែរជាអស់លោកមកធ្វើការជាមួយខ្ញុំតម្រូវឲ្យខ្ញុំធ្វើចេះៗ បើមិនធ្វើតាមទេ កញ្ចប់លុយនេះមិនបានប្រើទេ»។
លោកនាយករដ្ឋមន្ត្រីបន្តថាបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំកម្ពុជាទទួលរងទណ្ឌកម្ម ប៉ុន្តែអ្នកដែលដាក់ទណ្ឌកម្មលើកម្ពុជាក៏ជាដៃគូពាណិជ្ជកម្មច្រើនជាងគេដែរនាពេលនោះ។
ដោយថ្លែងមិនចំឈ្មោះប្រទេសណាមួយនោះលោកបញ្ជាក់ថា៖ «អាល្បែងទណ្ឌកម្មនេះមិនអាចសម្លាប់អ្នកណាបានទេ កុំឆ្ងល់ពេក»។ លោកថា សមិទ្ធផលដែលបានមកដោយលំបាក និងដោយការប្រឹងប្រែងដោយខ្លួនឯង ត្រូវតែខិតខំថែរក្សាឲ្យបាន។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាយល់ស្របលើការអះអាងរបស់លោក ហ៊ុន សែន ដោយលោកថាកាលពីបារាំងដកខ្លួនពីកម្ពុជា បារាំងបានបន្សល់ទុកនូវភាសា និងឯកសារជាភាសាបារាំង ហើយកម្ពុជាបានក្លាយជាប្រទេសមួយដែលមានការអភិវឌ្ឍខ្លាំងនៅអាស៊ីអាគ្នេយ៍ សូម្បីតែស្ថាបនិកប្រទេសសិង្ហបុរី លី ក្វាន់យូ ក៏រៀនសូត្រពីកម្ពុជាដែរនៅទសវត្សរ៍ ១៩៦០។
ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម័យថ្មីចាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣ លោកថ្លែងថា៖ «ពេលអង្គការសហប្រជាជាតិចេញទៅកម្ពុជាអាចទ្រទ្រង់នូវព្រឹត្តិការណ៍រួមមានសង្គ្រាមដែលខ្មែរក្រហមមិនទាន់បញ្ចប់រួមមាននៅសំឡូត ម៉ាឡៃ ព្រះវិហារ និងអន្លង់វែង។ តែកម្ពុជាអាចដោះស្រាយរហូតដល់ប្រើប្រាស់នយោបាយឈ្នះដើម្បីបញ្ចប់សង្គ្រាមដោយខ្លួនឯង»។
កម្ពុជាកំពុងប្រឈមនឹងការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងការដក GSP ដោយសហរដ្ឋអាមេរិក។ ប៉ុន្តែលោក សុខ ទូច ថ្លែងថាកម្ពុជាបានត្រៀមខ្លួនរួចហើយ ដោយរដ្ឋាភិបាលបានធ្វើកំណែទម្រង់ជាច្រើន។
លោកថ្លែងថា៖ «តាមព្រំដែនដែលពីមុនមានរនាំងច្រើនឥឡូវសល់តែ ២ ទេ គឺគយ និងប៉ូលិសព្រំដែន។ ទី ២ អំពើពុករលួយត្រូវកាត់បន្ថយ ទី ៣ (កាត់បន្ថយ) ការិយាល័យធិបតេយ្យ ទី ៤ (កាត់បន្ថយ) ប្រព័ន្ធរញ៉េរញ៉ៃតាមរយៈច្រកចេញចូលតែមួយ ហើយទី ៥ គឺការបង្កើនការដឹកជញ្ជូន ធ្វើម៉េចឲ្យផ្លូវកាន់តែល្អ»។
លើសពីនេះលោកថា កម្ពុជាបានត្រៀមលើផ្នែកផលិតផលក្នុងស្រុកដោយការជឿជាក់លើខ្លួនឯង និងត្រៀមថវិកាផងដែរ។ កម្ពុជាបានបើកនយោបាយជើងមេឃ នោះគឺការចាប់ដៃជាមួយប្រទេសទាំងអស់ដើម្បីទាក់ទាញវិនិយោគ។ រដ្ឋាភិបាលក៏ចាប់ផ្ដើមលើកទឹកចិត្តអ្នកវិនិយោគក្នុងស្រុកទាំងខ្នាតតូច និងធំ។
ប៉ុន្តែលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថា៖ «ប្រទេសដែលលោកនាយករដ្ឋមន្ត្រីថ្លែងថាបានដួលរលំនោះ តាមពិតមិនបានដួលរលំទេ ប៉ុន្តែរបបដែលដឹកនាំប្រទេសទាំងនោះទេដែលបានដួលរលំ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិថ្លែងថា ការមិនដួលរលំរបស់កម្ពុជាក្រោយវៀតណាមដកខ្លួនឆ្នាំ ១៩៨៩ និងការដកចេញរបស់អ៊ុនតាក់ឆ្នាំ ១៩៩៣ ដោយសារការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រកបដោយភាពជាក់ស្ដែងរបស់អ្នកដឹកនាំជាជាងលើតែទ្រឹស្តី។ លោកបន្តថា កម្ពុជាបានខិតខំទប់ខ្មែរក្រហមមិនឲ្យវិលមកវិញ ស្របពេលប្រឹងកសាងសេដ្ឋកិច្ចរបស់ខ្លួនរហូតដល់មានកំណើនក្នុងរង្វង់ ៧ ភាគរយក្នុង ១ ទសវត្សរ៍ចុងក្រោយ៕