ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ការបិទ​ជើង​ហោះហើរ​មកពី​ប្រទេស​ចិន​ដោយសារ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា គឺជា​ការសម្លាប់​សេដ្ឋកិច្ចកម្ពុជា និង​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​ចិន​។ រីឯ​ការបញ្ជូន​និស្សិត​ ឬ​មន្ត្រី​ទូត​កម្ពុជា​ចេញ​ពី​ប្រទេស​ ចិន គឺ​ប្រៀបដូចជា​ការរត់​ចោល​ប្រជាជន​ចិន​ដែលជា​មិត្ត​ល្អ​របស់​កម្ពុជា​។

លោក ហ៊ុន សែន បាន​លើកឡើង​បែបនេះ​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​សន្ដិភាព​កាល​ម្សិលមិញ​ជា​ការឆ្លើយតប​នឹង​ការលើក​ឡើង​ខ្លះ​ដែល​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ជើងហោះហើរ​ជាមួយ​ប្រទេស​ចិន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូរ៉ូណា​ថ្មី និង​កំពុង​បន្ត​ឆ្លង​ដល់​ប្រទេស​ដទៃ​។

លោក ហ៊ុន សែន ថ្លែង​ថា​ចិន​គឺជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ជិត​ ១ ៤០០ ​លាន​នាក់ ប៉ុន្តែ​ប្រជាជន​ចិន​ដែល​ស្លាប់​ និង​ឆ្លង​ជំងឺ​ដោយសារ​វីរុស​កូរ៉ូណា​គឺ​តិចតួច​បំផុត ហើយ​រដ្ឋាភិបាល​ចិន​ក៏​​បាន​បិទ​ចរាចរណ៍​ទាំង​ផ្លូវអាកាស ផ្លូវ​ទឹក និង​ផ្លូវគោក​នៅ​ក្រុង​វូហាន​ហើយ​ដែរ​ដើម្បី​ទប់ស្កាត់​ការរាលដាល​បន្ថែម​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបិទ​ជើង​ហោះហើរ​ជាមួយ​ចិន វា​មិនមែន​ជា​ការវាយប្រហារ​ទៅលើ​ប្រទេស​ចិន​ទេ តែ​វា​គឺជា​ការវាយប្រហារ​ទៅលើ​សេដ្ឋកិច្ច​កម្ពុជា​ដោយផ្ទាល់​តែម្ដង​ជាពិសេស​អ្នករកស៊ី​ចិន​ដែល​បោះ​វិនិយោគ​ទុន​នៅ​កម្ពុជា​យ៉ាង​ច្រើន និង​អ្នកទេសចរ​របស់​ចិន​មក​កម្ពុជា​យ៉ាងច្រើន​ដែល​មិន​ទាក់ទង​នឹង​ជំងឺ​ហ្នឹង​សោះ​។ ដូច្នោះ​វា​នឹង​សម្លាប់​សណ្ឋាគារ​នៅ​កម្ពុជា វា​នឹង​សម្លាប់​ផ្នែក​សេវា​របស់​កម្ពុជា​ក្នុង​ចំណែក​មួយ​...»​។

លោក​បន្តថា​កម្ពុជា​នៅតែ​ដំណើរការ​ផ្នែក​សេវា​ដោយ​គ្មាន​ការរើសអើង​ឡើយ ហើយ​ថា​បើ​រដ្ឋាភិបាល​ធ្វើ​តាម​អ្នក​រិះគន់​គឺ​ត្រូវ​បិទ​ជើងហោះហើរ​មកពី​ប្រទេស​ទាំងអស់​មាន​ទាំង​ជើងហោះហើរ​ពី​កូរ៉េខាងត្បូង ថៃ ម៉ាឡេស៊ី សិង្ហបុរី និង​វៀតណាម​ជាដើម ព្រោះ​ប្រទេស​ទាំងនេះ​ក៏​កំពុងមាន​ករណី​វីរុស​កូរ៉ូណា​ដែរ​។

លោក​ថា​៖ «...​អ៊ីចឹង​កម្ពុជា​ស្ថិត​នៅ​ជា​ប្រទេស​ឯកោ អានេះ​គឺ​ដាក់​ក្នុង​ភាព​ឯកោ​ខ្លួនឯង​។ អស់​លោកអ្នក​នយោបាយ និង​អ្នកវិភាគ បើ​បិទ​មែន​មិន​មែនបិទ​តែ​ចិន​ទេ គឺ​បិទ​ទាំងអស់ ព្រោះ​ប្រទេស​ទាំង​ហ្នឹង​កើត​ដែរ​។ រាប់ទាំង​អាមេរិក និង​បារាំង​ក៏មាន​អ៊ីចឹងៗ​ក៏​បិទ​ទាំងអស់​ដែរ​។ អ៊ីចឹង​! កម្ពុជា​សូន្យ ហើយក៏​មិនអាច​ចេញ​ទៅ​ប្រទេស​ក្រៅ​បានដែរ​»​។

ចំពោះ​ការស្នើ​សុំឱ្យ​ជម្លៀស​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​នៅ​ចិន​មក​កម្ពុជា​វិញ ក៏ត្រូវ​លោកនាយក​រដ្ឋមន្ត្រី​ចាត់ទុក​ថា ជា​វិធានការ​អាច​ធ្វើឱ្យ​ប្រទេស​ចិន​បញ្ចប់​មិន​ឱ្យមាន​និស្សិត​ខ្មែរ​សិក្សា​នៅក្នុង​ប្រទេស​នេះ​តែម្ដង ខណៈ​និស្សិត​ខ្មែរ​នៅ​ទីនោះ​ត្រូវ​បាន​រដ្ឋាភិបាល​ចិន យក​ចិត្ត​ទុកដាក់​ខ្ពស់​មើលថែទាំ​។ ប៉ុន្តែ​លោក​កំពុង​បារម្ភ​ពី​និស្សិត​ខ្មែរ​មួយចំនួន​ដែល​វិល​មក​កម្ពុជា​ដោយ​មិនបាន​សុំច្បាប់​សាលា​ដែល​អាច​ត្រូវគេ​លុបឈ្មោះ​ឈប់​ឲ្យ​រៀន​។

លោក​បន្តថា​៖ «​និស្សិត​ខ្មែរ អ្នកការទូត​ខ្មែរ កុងស៊ុល​ខ្មែរ នៅ​តាម​បណ្ដា​កន្លែង​នានា​ (​ក្នុងប្រទេស ​ចិន​) មិនត្រូវ​ជម្លៀស​មក​កម្ពុជា​ទេ ដោយ​យើង​ទុក​នៅ​ទីនោះ ដើម្បី​ជា​ការរួមសុខ​រួមទុក្ខ​ជាមួយ​គ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​បើ​ជ្រុល​ជម្លៀស​និស្សិត​ហើយ​មិនបាច់​សុំ​អាហារូបករណ៍​ចិន​ទៅទៀត​ទេ ច្បាស់​ជា​ចិន​មិន​ឱ្យ​ទេ អាហ្នឹង​ខ្ញុំ​ប៉ាន់ស្មាន​ទុក​...»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ទៀត​ថា លោក​តែង​សម្រេច​ចិត្ត​ត្រូវ​ចំពោះ​ការមិន​ជម្លៀស​ពលរដ្ឋ​ចេញពី​ប្រទេស​ណា​ដែល​កំពុងមាន​បញ្ហា​អាសន្ន​។ ពេល​ជប៉ុន​ជួប​គ្រោះរញ្ជួយ​ដី​ធ្វើឲ្យ​សាយភាយ​ថាមពល​នុយក្លេអ៊ែរ​គឺ​លោក​បានសម្រេច​ទុក​ពលរដ្ឋ និង​មន្ត្រី​ទូត​កម្ពុជា​នៅ​រួមសុខទុក្ខ​ជាមួយ​ជប៉ុន​ដែល​ធ្វើឱ្យ​អ្នកនយោបាយ​ជប៉ុន​អរគុណ​ទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន បាន​រំឭកថា កាលពី​ប្រទេស​ កូរ៉េខាងជើង​ ព្រមាន​ធ្វើ​សង្គ្រាម​ជាមួយ​កូរ៉េខាងត្បូង​ក៏​លោក​មិន​បញ្ជូន​ពលករ​ខ្មែរ​ចេញពី​កូរ៉េ​ខាងត្បូង​ដែរ​។ ការមិន​រត់ចោល​ពលរដ្ឋ​កូរ៉េខាងត្បូង​ពេល​នោះ​បាន​បង្កើន​ចំនួន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង​ច្រើន​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើក​ឡើង​ថា ការប្រកាន់​យក​វិធានការ​របស់​លោក ហ៊ុន សែន ពេលនេះ​ជា​ឥរិយាបថ​ការទូត​ទន់ភ្លន់ ប៉ុន្តែ​ក៏ត្រូវ​ប្រឈម​ហានិភ័យ​ដែរ​គឺ​នឹង​ធ្វើឱ្យ​ទស្សនៈ​មហាជន​មិន​សប្បាយចិត្ត និង​អាចធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​​នៅ​ចិន​ឆ្លង​វីរុស​កូរ៉ូណា​ជាយថាហេតុ​។

លោក​ថា​៖ «​យ៉ាងណា​ក៏ដោយ​ក្នុង​ទំនាក់ទំនង​ការបរទេស យើង​ត្រូវ​ថ្លឹង​ទម្ងន់​ថា តើ​អ្វី​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ ហើយ​អ្វី​ដែល​ជា​បញ្ហា​ដែល​យើង​កែច្នៃ​បាន​។ អ៊ីចឹង​! ខ្ញុំ​គិតថា ការប្រកាន់​យក​ឥរិយាបថ​បែប​នេះ​គឺជា​ការសម្រេចចិត្ត​មួយ​ដ៏​សំខាន់ និង​​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​...»​។

លោក តុប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា ការភ័យព្រួយ​រឿង​រាលដាល​វីរុស​កូរ៉ូណា​បាន​ធ្វើឱ្យ​ភ្ញៀវ​បរទេស​មក​កម្ពុជា​ថយ​ពិសេស​ភ្ញៀវ​ចិន​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៩ ​មករា​ថា បុរស​ចិន​ម្នាក់​ដែល​រកឃើញ​មាន​រីរុស​កូរ៉ណា​​នោះ ត្រូវ​ព្យាបាល​ឲ្យ​មាន​សុខភាព​ល្អ​វិញ​ហើយ ប៉ុន្តែ​ត្រូវ​បន្ត​ដាក់​ឱ្យនៅ​ដាច់ដោយ​ឡែក​គម្រប់​ ១៤ ​ថ្ងៃ​។

រីឯ​លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​ពី​ម្សិលមិញ​ថា កម្ពុជា​ពុំទាន់​រកឃើញ​មាន​វីរុស​កូរ៉ូណា​ថ្មី​នៅឡើយ​ទេ​៕