ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​បាន​ថ្លែងថា រដ្ឋាភិបាល​បាន​បញ្ចូន​សាច់ប្រាក់​ចំនួន​ ១២៥ លាន​ដុល្លារ​ទៅ​កាន់​គោលដៅ សម្រាប់​ក្នុង​រយៈពេល​ ៥ ​ខែ​រួចហើយ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយរងគ្រោះ​ជិត ៦០ ​ម៉ឺន​គ្រួសារ​ ដែល​មាន​មនុស្ស​ប្រមាណ​ ២ ​លាន​ ៣ ​សែន​នាក់ ​ក្នុង​អំឡុងពេល​មាន​ការរាត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​​កូវីដ​១៩ កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

លោក ហ៊ុន សែន ថ្លែង​ថា​ បើសិន​ជា​រដ្ឋាភិបាល​ចង់​ផ្តល់​ជំនួយ​សង្គម មិនមែន​យក​ក្រដាស​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទេ​គឺ​យក​សាច់ប្រាក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​តែម្តង​។ ដូច្នេះ​ភាព​មាន​មារយាទ​របស់​រដ្ឋាភិបាល​ទើប​នាំឲ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព មាន​សាច់ប្រាក់ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ហើយ​ខែក្រោយ​នេះ ក៏​នឹង​ត្រូវ​បើក​ថែមទៀត​។

លោក​បញ្ជាក់​ថា​៖ «​ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា បាន​បញ្ជូន​រួច​ទៅ​ហើយ​ចំនួន​ ១២៥ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​ ៥ ខែ​។ ពិតមែនតែ​ខ្ញុំ​និយាយ​នៅក្នុង​នេះ​ផ្តល់​ជូន​ ២ ​ខែម្តងៗ ប៉ុន្តែ​យើង​បាន​បញ្ចេញ​សាច់ប្រាក់​រួចស្រេច​ទៅ​ហើយ ដើម្បី​ទៅកាន់​គោលដៅ​ក្នុង​ទំហំ​ដែល​និយាយ​ជា​ប្រាក់​ដុល្លារ​គឺ​ ១២៥ លាន​ដុល្លារ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា ព្រោះ​ប្រាក់​ឧបត្ថម្ភ​នឹង​ត្រូវ​បើក​ផ្តល់​ដល់​ពលរដ្ឋ​នៅក្នុង​សប្តាហ៍​ទី​ ៤ ​នៃ​ខែ​នីមួយៗ ដោយ​ក្នុង​ ១ ​ខែៗ​ត្រូវ​ចំណាយ​ប្រមាណ ២៥ ​លាន​ដុល្លារ ហើយ​ក្នុង​ដំណាក់កាល​ទី​ ១ នេះ​រដ្ឋាភិបាល​បានកំណត់​រយៈពេល​ ២ ​ខែ​ម្តង ដើម្បី​អនុវត្ត​។

លោក ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា នេះ​គឺជា​ជំនួយ​សង្គម​នៅពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩ ​ដោយ​មិនមែន​ជា​ការចិញ្ចឹម​របស់​រដ្ឋ​ជា​អចិន្រៃ្តយ៍​នោះទេ​ហើយ​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​អាច​ប្រកប​អាជីវកម្ម ឬ​ការងារ​បាន​គួរតែ​បន្ត​សកម្មភាព​របស់ខ្លួន​ដោយ​មិនត្រូវ​ពឹង​អាស្រ័យ​តែ​ទៅលើ​ប្រាក់​ឧបត្ថម្ភ​នេះ​ទេ​។

លោក​បន្ថែមថា​៖ «​រាជរដ្ឋាភិបាល​រៀបចំ​កម្មវិធី​នេះ​ឡើង សម្រាប់​ផ្តល់​ជំនួយ​នៅក្នុង​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​ដោយ​ការបើក​ផ្តល់​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ ២ ​ខែ​ម្តង​នៅ​ជុំ​ទី ១ នឹង​ត្រូវ​ធ្វើឡើង​សម្រាប់​ខែមិថុនា ១ ​លើក និង​ខែកក្កដា ១ ​លើក​។ រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន​ និង​ធ្វើការ​វាយតម្លៃ​អំពី​សភាពការណ៍ និង​ផលប៉ះពាល់​ជាក់ស្តែង​នៃ​ជំងឺ​កូវីដ ​១៩​ នេះ​បន្តទៀត​»​។

លោក​បន្តថា​៖ «​បើសិន​ជា​សភាពការណ៍ និង​ផលប៉ះពាល់​នៅតែ​បន្ត​អូសបន្លាយ​នឹង​មិនមាន​ភាពល្អប្រសើរ កម្មវិធី​ជំនួយ​សង្គម​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​ជុំ​ថ្មី សម្រាប់​រយៈពេល​ ២ ​ខែ​បន្តទៀត​។ តែបើ​ផលប៉ះពាល់​ជំងឺ​កូវីដ​១៩​មាន​ភាព​ធូរស្បើយ រាជរដ្ឋាភិបាល​នឹង​បញ្ឈប់​កម្មវិធី​ជំនួយ​សង្គម​មួយ​នេះហើយ​បង្វែរ​ថវិកា​ (​នៅសល់​) ទៅ​វិយោគ​លើ​កិច្ចការ​ចាំបាច់​នានា​ដើម្បី​ស្តារ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​»​។

យោងតាម​អនុក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ ខែមិថុនា​ ឲ្យ​ដឹងថា គ្រួសារ​ក្រីក្រ​ដែល​ស្ថិត​ក្នុង​កម្រិត ១ និង​កម្រិត ២ នៅតាម​ទីប្រជុំជន​ក្នុង​រាជធានី-ខេត្ត​ក្នុង​មួយ​គ្រួសារៗ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចន្លោះ​ពី ១២ ម៉ឺន​រៀល​ក្នុង​ ១ ​ខែ ឬ​អាច​ទទួល​បាន​ច្រើនជាង​នេះ​យោង​ទៅ​តាម​លក្ខខណ្ឌ​នៃ​គ្រួសារ​នីមួយៗ​ដូចជា​មាន​កូន​ច្រើន​ក្នុង​បន្ទុក​ជនពិការ​ចាស់ជរា និង​គ្រួសារ​មាន​សមាជិក​ផ្ទុក​ជំងឺអេដស៍​ជាដើម​។

ក្រសួង​ផែនការ​បាន​ឲ្យ​ដឹងថា ការធ្វើ​បច្ចុប្បន្នភាព​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​គិត​ត្រឹម​ថ្ងៃទី ១ ខែ​មិថុនា ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ ១៩​ គឺ​បាន​រកឃើញ​ជាង ៥៦ ម៉ឺន​គ្រួសារ ឬ​ស្មើ​ប្រមាណ​ ២ ​លាន ៣ សែន​នាក់​។

នៅក្នុង​ពិធី​កាលពី​ម្សិលមិញ​លោក​ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​គ្រប់​រាជធានី-ខេត្ត បន្ត​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ​ជា​បន្ត​ផងដែរ បើទោះ​ជា​ក្នុង​ពេលនេះ ពលរដ្ឋ​ខ្លះ​មិន​ទាន់​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ ប៉ុន្តែ​ក្នុង​ករណី​វិបត្តិ​កូវីដ ១៩ មិនទាន់​បញ្ចប់ ពលរដ្ឋ​នៅ​តែ​អាច​ប្រឈម​នឹង​ភាពក្រីក្រ​ក្នុង​ពេល​ខាងមុខ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​សម្រេច​ផ្តល់​កញ្ចប់​ថវិកា​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ ១៩​។ លោក​ថ្លែង​ថា ការចាត់វិធានការ​ជួយ​ដល់​ប្រជាពលរដ្ឋ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ដែល​ជា​ការធានា​ដល់​សេចក្តី​សុខ​សុវត្ថិភាព សុខុមាលភាព​របស់​ពលរដ្ឋ​ដែល​មានចែង​ក្នុង​ច្បាប់​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​ជំនួយ​ដែល​រដ្ឋាភិបាល​បានផ្តល់ និង​កំពុងផ្តល់​ឲ្យ​នេះ​គឺជា​ទុន​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដោះ​ទាល់​បាន​មួយរយៈ​ដើម្បី​មាន​លទ្ធភាព​មួយចំនួន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវីដ​ ១៩​នេះ​»​។ ទោះ​យ៉ាងណា​លោក​ចង់ឃើញ​ដំណើរការ​នៃ​ការ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ពេលនេះ​ត្រូវ​បាន​ធ្វើឡើង​ប្រកប​ដោយ​តម្លាភាព​ និង​ភាពត្រឹមត្រូវ​ដើម្បី​ធានាថា​ការចាយវាយ​ថវិកាជាតិ​ក្នុង​ពេលនេះ​ចំ​គោលដៅ​ និង​មាន​ប្រសិទ្ធភាព ទៅកាន់​ពលរដ្ឋ​ដែល​កំពុង​មាន​តម្រូវការ​ចាំបាច់​ចៀសវាង​កើត​មាន​អំពើ​អយុត្តិធម៌​៕