ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គាំទ្រ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ជាថ្មី​ក្នុង​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​រហូត​ដល់​ការដកហូត​សិទ្ធិ​បើកបរ​ក្នុង​ករណី​ល្មើសច្បាប់​ចរាចរណ៍​ម្តង​ហើយ​ម្តងទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​លោក​ចាត់ទុក​ថា នេះ​ជា​ពេលវេលា​មួយ​ល្អ​បំផុត​។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ របស់​ក្រសួងមហាផ្ទៃ​ពី​ម្សិលមិញ លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ខ្ញុំ​ស្នើ​ឲ្យ​យកចិត្ត​ទុកដាក់​នូវ​វិធានការ​ទាំងឡាយ​ដែល​ត្រូវប្រកាន់​យក​ក្នុង​ពេល​ខាងមុខ​ទៅលើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដោយ​រាប់ទាំង​វិធានការ​នានា​ដែល​ដាក់ចេញ​សម្រាប់​ដំណើរការ​ទៅមុខ​កែ​វិសោធនកម្ម​ច្បាប់​បាន​ក៏​ធ្វើទៅ​ដោយ​ធ្វើ​អ្វី​បាន​ក៏​ធ្វើ​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​លើក​ឧទារហណ៍​ឥឡូវ​អ្នកបើកបរ​តែង​មាន​បណ្ណ​បើកបរ អ្នកឯង​ខុស​ម្តង ខ្ញុំ​កិប​មួយ​ [​លើ​បណ្ណ​បើកបរ​] ហើយ​ផាកពិន័យ​ទៀត ៤០ ​ម៉ឺន​រៀល​។ នគរបាល​គ្រប់​ទីកន្លែង នៅពេល​ឃើញ​កិប​ [​លើ​បណ្ណ​បើកបរ​] ​គឺ​អ្នក​ហ្នឹង​បាន​បំពាន​ម្តង​ហើយ​ដល់​ខុស​លើក​ទី​ ២ គឺ​ត្រូវ​ផាកពិន័យ​គុណ​នឹង​ ២ ​គឺ​ ៨០ ​ម៉ឺន​រៀល​។ ដល់​ទៅ​បំពាន​លើក​ទី​ ៣ គឺ​ផាកពិន័យ​គុណ​នឹង​ ២ ​ទៀត​។ បាន​សេចក្តី​ថា​ពី​ ៨០ ​ម៉ឺន​រៀល​ដល់ ១ ​លាន​ ៦ ​សែន​រៀល ហើយ​ការកិប​លើក​ទី​ ៣ ​នេះ​បាន​សេចក្តី​ថា ផ្តល់​ឱកាស​ដកសិទ្ធិ​មិន​ឲ្យ​បើកបរ ១ ​ឆ្នាំ​ឬ ២ ​ឆ្នាំ​តែម្តង​»​។

ការគាំទ្រ​ការកែ​វិសោធនកម្ម​ច្បាប់​នេះ​លោក​ ហ៊ុន សែន បាន​ផ្តល់​សិទ្ធិ​អាទិភាព​របស់​ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួងមហាផ្ទៃ​ក្នុង​ការពិភាក្សា និង​សម្រេច​កែប្រែ​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក​អះអាង​ថា ការលើកឡើង​របស់​លោក​គ្រាន់តែ​ជា​ការគាំទ្រ​មួយ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ត្រូវ​បាន​កាត់បន្ថយ​។

លោក​ថ្លែងថា​៖ «​ដោយ​មិន​ឲ្យ​បើកបរ​តែម្តង​ដល់​ទៅ​គ្រប់​ ១ ​ឆ្នាំ ឬ​ ២ ​ឆ្នាំ​ចាំ​យើង​ផ្តល់​សិទ្ធិ​បើកបរ​ឡើងវិញ​។ ក្នុង​រយៈពេល​ហ្នឹង គាត់​ឲ្យ​កូន​គាត់ មិត្តភក្តិ​គាត់ អ្នកណា​ក៏បាន បើក​ទៅ ព្រោះ​បើ​គាត់​បើក គាត់​អាង​តែ​លុយ​ទៅ​បុក​។ ស្អី​ហ៎ គ្រាន់​តែ​ ១០០ ​ដុល្លារ​ឲ្យ​ប៉ូលិស​យក​ទៅ​ស៊ីលេង វា​ធ្វើ​អ៊ីចឹង​ទៀត​។ បើ​អ៊ីចឹង ខ្ញុំ​គាំទ្រ​ឲ្យ​ធ្វើ​វិធី​នេះ​គ្រាន់តែ​ពិភាក្សាគ្នា​មើល​ទៅ នៅពេល​យើង​កាត់​សិទ្ធិ [​បើកបរ​] ខុស​ប៉ុន្មាន​ដង បាន​យើង​កាត់​សិទ្ធិ ត្រឹម​ ៣ ​ដង ឬ ៤ ​ដង ឬ ៥ ​ដង ចូរ​ពិភាក្សា​គ្នា​ទៅ ហើយ​កាត់​សិទ្ធិ​ទៅ​ទៀត កាត់​ ១ ​ឆ្នាំ ឬ​ ២ ​ឆ្នាំ ឬ​កាត់​សិទ្ធិ​ [​បើកបរ​] រយៈពេល​ប៉ុន្មាន​? ប៉ុន្តែ​នៅតែ​មាន​តែម្តង ព្រោះ​បើ​មិន​អ៊ីចឹង អាង​ទឹក​លុយ​នៅតែ​បំពាន​រហូត​»​។

តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ ២០១៩ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ជា​មធ្យម ៥,៥ នាក់ បាន​ស្លាប់​ក្នុង​ ១ ​ថ្ងៃ​ហើយ​តួលេខ​នេះ​ក៏​កើនឡើង​ក្នុង​ខែមករា​ដើម​ឆ្នាំ ២០២០ ប៉ុន្តែ​ចំនួន​នេះ​មាន​ការថយចុះ​វិញ​បន្តិច​នៅក្នុង​ខែកុម្ភៈ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​កត្តា​ដែល​ធ្វើឲ្យ​មាន​ការកើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខែ​មករា និង​ធ្លាក់ចុះ​ទៅវិញ​ក្នុង​ខែកុម្ភៈ​គឺ​បណ្តាល​មកពី​កត្តា​ចំនួន​ ២ គឺ​គ្រឿង​ស្រវឹង និង​ការពង្រឹង​អនុវត្ត​ច្បាប់​ដែល​ចាត់ទុក​ថា ការពង្រឹង​ច្បាប់ គឺជា​បញ្ហា​ពិតប្រាកដ​។ វិធានការ​ទាំងនេះ​ក៏​មិនមែន​ជា​ការបិទ​សិទ្ធិសេរីភាព​របស់​អ្នកបើកបរ​នៅ​តាម​ដងផ្លូវ​នោះដែរ ប៉ុន្តែ​លោក​ថា វា​ជា​វិធានការ​មួយ​ដែល​ចូលរួម​ការពារ​អាយុជីវិត​របស់​អ្នកបើកបរ​ខ្លួនឯង​ផ្ទាល់ និង​អ្នកធ្វើដំណើរ​នៅ​តាម​ដងផ្លូវ​ដទៃទៀត​។

លោក​រំឭកថា នេះ​គឺ​ពេលវេលា​មួយ​ដែល​ល្អ​បំផុត​ក្នុង​ការចូលរួម​ទប់ស្កាត់ ស្រប​ពេល​ប្រជាពលរដ្ឋ​ភាគច្រើន បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ការពាក់​មួកសុវត្ថិភាព និង​ច្បាប់​នានា​នៅលើ​ដងផ្លូវ​ដែល​មាន​តែ​មនុស្ស​តិច​តួច​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​បំពាន​ច្បាប់​។

លោក​ថា​៖ «​គិត​មួយ​ភ្លែត អ្នក​ដែល​កំពុង​ស្តាប់ ប្រហែល​ជា​មិនតិច​លាន​ទេ គាត់​ថា​នាយករដ្ឋមន្ត្រី​គ្រោង​ដាក់ទណ្ឌកម្ម​មកលើ​ប្រជាពលរដ្ឋ​ហើយ ប៉ុន្តែ​បើ​អ្នកឯង​គិត​ឲ្យ​បាន​ច្បាស់ ខ្ញុំ​ការពារ​ជីវិត អ្នកឯង​វិញ​ទេ ព្រោះ​អ្នកឯង​ខុស​លើក​ទី​ ១ ​ហើយ​លើក​ទី ២ ហើយ​លើក​ទី​ ៣ ​ហើយ ខុស​លើក​ទី​ ៤ ងាប់​បណ្តោយ​»​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែងថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​កន្លងមក មន្ត្រី​អ្នកអនុវត្ត​ច្បាប់​បាន​អនុវត្ត​ដល់​កម្រិត​មួយ​ដែល​ឈានដល់​យន្តការ​ក្តៅ​ទៅហើយ បន្ទាប់ពី​បាន​ដាក់ចេញ​វិធានការ​អប់រំ​ណែនាំ​មួយរយៈ​ពេល​កន្លងមក​។ លោក​ថា​នៅ​សប្តាហ៍​ក្រោយ​ក្រុមការងារ ក្រសួងមហាផ្ទៃ នឹង​មាន​កិច្ចប្រជុំ​ពិភាក្សា​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​រួមទាំង​ការបន្ថែម​ការផាកពិន័យ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​នេះ​វិធានការ​យើង​ដាក់​ចេញ នៅពេល​មិន​ពាក់​មួក​សុវត្ថិភាព​គឺ​យើង​ឃាត់​ទាំង​ម៉ូតូ និង​មនុស្ស​ដោយ​មិន​ឲ្យ​គាត់​ទៅណា​ទេ គឺ​នៅ​មើល​ម៉ូតូ​របស់​គាត់ ហើយ​បាន​យើង​ផាកពិន័យ ហើយ​យក​មួកសុវត្ថិភាព​មក​ដោយ​យើង​បាន​អនុវត្ត​ហួស​ ១ ​កម្រិត​ពី​វិធានការ​អប់រំ​ហើយ​»​។

លោក​ គង់ សុវណ្ណ ទីប្រឹក្សា​ជំនាញ​ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ថ្លែង​ថា​៖ «​ជាការពិត​យើង​ត្រូវតែមាន​វិធានការ បើ​មិន​អ៊ីចឹង​ទេ​នឹងមាន​ការ​កើនឡើង​អ្នកស្លាប់​ខ្ពស់ ដែល​ការគ្រោងទុក​ឆ្នាំ​ ២០២០ ​ហ្នឹង​នឹង​ឡើងដល់ ៣ ២០០ ​នាក់ ប៉ុន្តែ​បើ​មាន​ការទប់ស្កាត់​នឹង​មិន​ឡើង​ដល់​ថ្នាក់​នេះ​ទេ​៕