ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​ថ្មី​ផ្តល់ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ដោយ​នាំឱ្យ​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​អាច​ទទួលបាន​អត្ថប្រយោជន៍​នេះ ដូចនឹង​បុគ្គលិក​ក្នុង​វិស័យ​រដ្ឋ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​មិនទាន់​បាន​បញ្ជាក់ថា ការអនុវត្ត​នេះ​នឹង​ចាប់ផ្តើម​នៅពេលណា​នោះទេ​។

អនុក្រឹត្យ​ដែលមាន​ ១០ ជំពូក និង​ ៤០ ​មាត្រា​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៤ ​មីនា ឆ្នាំ​​ ២០២១ បានឱ្យដឹងថា អនុក្រឹត្យ​នេះ​មាន​គោលបំណង​ដាក់ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតក្រោម​ច្បាប់​ការងារ​តាមរយៈ​ការកំណត់​យន្តការ លក្ខខណ្ឌ បែបបទ ​និង​នីតិវិធី​នៃ​ការចុះ​បញ្ជិកា​បង់​ភាគទាន អត្រា​ភាគទាន អត្រា​សមាច័យ ការទាមទារ និង​ការផ្តល់​តាវកាលិក​។

អនុក្រឹត្យ​ដដែល​បាន​បញ្ជាក់ថា «​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដោយ​រាប់បញ្ចូល​ទាំង​បុគ្គល​ដែល​ធ្វើការ​ចាប់ពី​ ២ ​កន្លែង​ឡើងទៅ​។ បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​ហៅ​ថាប ស ស គឺជា​ស្ថាប័ន​ប្រតិបត្តិករ​តែមួយគត់​ដែលមាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ដូច​មានចែង​ក្នុង​អនុក្រឹត្យ​នេះ​»​។

ជាមួយនឹង​ការផ្តល់ជូន​ប្រាក់​សោធន​នេះ អនុក្រឹត្យ​បានកំណត់​ថា សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ដំបូង ភាគទាន​នេះ​ត្រូវ​កំណត់​ក្នុង​អត្រា​ស្មើនឹង​ ៤% ​នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​។ ​ក្នុងនោះ ២% ជា​បន្ទុក​និយោជក​ និង​ ២% ​ជា​បន្ទុក​កម្មករនិយោជិត​។ ​ការបង់​ភាគទាន​ផ្នែក​ប្រាក់​សោធន​ត្រូវ​ធ្វើជា​ប្រចាំខែ​។

ទោះជា​យ៉ាងណា កាលបរិច្ឆេទ​នៃ​ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​នេះ​មិនទាន់​កំណត់​នៅឡើយ​ទេ​។ ​ក៏ប៉ុន្តែ​អនុក្រឹត្យ​នេះ​បាន​លើកឡើងថា​ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​ចេញប្រកាស​ពី​ការអនុវត្ត​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​អាច​ទទួលបាន​ប្រាក់ខែ​ចូលនិវត្តន៍​ដូច​មន្ត្រីរាជការ​នេះ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រៅពី​មាន​អនុក្រឹត្យ ការងារ​បន្ត​គឺ​ក្រសួង​ត្រូវ​រៀបចំ​ប្រកាស និង​សេចក្តីជូនដំណឹង​មួយចំនួន​ដើម្បី​អនុវត្ត​អនុក្រឹត្យ​នេះ​។ ​លោក​បន្តថា នៅពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​នោះ អ្នក​ដែល​ស្ថិតក្នុង​វិសាលភាព​នៃ​ច្បាប់​ស្តីពី​ការងារ​ទាំងអស់ នឹង​​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ភាគទាន និង​ទទួល​បាន​អត្ថប្រយោជន៍​។

លោក មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ សាទរ​ចំពោះ​រដ្ឋាភិបាល​ដែល​បានចេញ​អនុក្រឹត្យ​ថ្មី​ក្នុង​ការផ្តល់​អត្ថប្រយោជន៍​ជូន​មនុស្ស​គ្រប់រូប​ឱ្យ​ទទួលបាន​ប្រាក់​​សោធន​នេះ​។ ប៉ុន្តែ​លោក​ក៏​មិនទាន់​ច្បាស់​ថា ពេល​អនុក្រឹត្យ​នេះ​​ចូល​ជា​ធរមាន នីតិវិធី និង​ដំណើរការ​អាច​ប្រព្រឹត្តទៅ​ល្អ​ឬ​យ៉ាងណាទេ ព្រោះ​លោក​បារម្ភ​ថា ប្រសិនបើ​មិនបាន​រៀបចំ​ឱ្យ​ត្រឹមត្រូវ នោះ​នឹង​អាច​កើតមាន​រូប​ភាពមិនប្រក្រតី​ផ្សេងៗ​។

លោក​ថា​៖ «​ជា​រឿង​ល្អ ប៉ុន្តែ​យើង​ត្រូវ​មើល​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​ការបង់ប្រាក់​ភាគទាន​ ឬ​ការធានា​នៃ​តម្លាភាព គណនេយ្យភាព​ក្នុង​ការគ្រប់គ្រង​កញ្ចប់​ថវិកា​នេះ ព្រោះ​លុយ​នេះ ជា​លុយ​របស់​បុគ្គលិក​ដែល​កាត់​រៀងរាល់ខែ​។ យើង​ត្រូវ​តាមដាន​រឿង​ហ្នឹង ហើយ​យើង​ត្រូវ​ចូលរួមចំណែក​ភាគទាន​មួយផ្នែក​ទៀត ពី​និយោជក​»​។

យ៉ាងណា លោក​អះអាង​ថា លោក​នឹង​ឃ្លាំមើល​នីតិវិធី​បន្តទៀតថា​៖ «​យើង​ចាំមើល​សិន ព្រោះ​វា​មានរឿង​មួយចំនួន តើ​ការកាត់​ភាគទាន​របស់​បុគ្គលិក​​ ឬ​និយោជក​ហ្នឹង​ត្រឹមត្រូវ​ទេ​?

បន្ទាប់មក​តើ​ការគ្រប់គ្រង​ថវិកា​នេះ​អ្នកណា​មាន​តួនាទី តម្លាភាព​ និង​ការផ្តល់​ព័ត៌មាន​បច្ចុប្បន្ន​នៃ​​ចំណូល​អីហ្នឹង​យ៉ាងណា​? ​ព្រោះ​​ក្នុងប្រទេស​ខ្លះ​គេ​យកលុយ​នេះ​ទៅ​វិនិយោគ​ផ្សេង​។ ប៉ុន្តែ​ប្រសិនបើ​យកលុយ​នេះ​ទៅប្រើ​ក្នុងន័យ​អាក្រក់​ណាមួយ នាំឱ្យ​មាន​ការរំលោភបំពាន​សិទ្ធិ​កម្មករ​»​។

បន្ថែម​ពីនេះ លោក​រំពឹងថា រដ្ឋាភិបាល​នឹង​រក​លទ្ធភាព​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម​​ទៀត​ដល់​ពលរដ្ឋ​ដូចជា ប្រាក់​អត្ថប្រយោជន៍​ពេល​គ្មាន​ការងារ និង​ប្រាក់​ចូលនិវត្តន៍ ឬ​ប្រាក់​សោធន​នេះ ខណៈ​រដ្ឋាភិបាល​ទើប​ផ្តល់ជូន​អត្ថប្រយោជន៍​បាន​ ២ ​ប៉ុណ្ណោះ គឺ​គ្រោះថ្នាក់​ការងារ និង​សុខភាព ដែល​កម្ពុជា​បាន​អនុវត្ត​៕