ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ និងគិតគូរអំពីផលប្រយោជន៍ និងកែលម្អជីវភាពរស់នៅរបស់ជនមានពិការភាពឱ្យបានសមរម្យស្របតាមសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការចាំបាច់ដើម្បីបំផុស និងលើកទឹកចិត្តពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលឱ្យចូលរួមឧបត្ថម្ភពួកគេ។
នៅក្នុងសារលិខិតកាលពីសប្តាហ៍មុនសម្រាប់ទិវាជនមានពិការភាពកម្ពុជាលើកទី ២១ និងអន្តរជាតិលើកទី ៣៧ ដែលនឹងប្រារព្ធឡើងថ្ងៃទី ៣ ខែធ្នូ ខាងមុខ លោក ហ៊ុន សែន ជំរុញឱ្យស្ថាប័ន នានា យកចិត្តទុកដាក់ដល់ជនមានពិការភាពដែលប្រកបរបរ អាជីវកម្ម សិប្បកម្មជាលក្ខណៈឯកត្តជន ឬគ្រួសារ ឬសមូហភាពរបស់ជនមានពិការភាពដោយត្រូវកាត់បន្ថយពន្ធផ្តល់អាទិភាពផ្សេងៗស្របតាមច្បាប់។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «គ្រប់ក្រសួង ស្ថាប័នរដ្ឋត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទីទទួលខុសត្រូវឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង»។
លោកនាយករដ្ឋមន្ត្រីថ្លែងថា គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងពង្រីកវិធានការទប់ស្កាត់ពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព និងត្រូវពង្រឹងពង្រីកស្មារតីម្ចាស់ការរបស់ជនមានពិការភាពផ្ទាល់។ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ទាំងអស់អនុវត្តដោយស្ម័គ្រចិត្ត។ លោកថា ត្រូវភ្ញាក់រឭកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារដូចមានចែងក្នុងច្បាប់។
លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទផងដែរ។ លោកប្រាប់ឱ្យក្រសួងព័ត៌មានណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយពីការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពជនមានពិការភាពឱ្យបានទូលំទូលាយ។ ភាសាត្រូវបកប្រែឱ្យទៅជាភាសាសាមញ្ញ និងអក្សររត់នៅលើកញ្ចក់ទូរទស្សន៍ដើម្បីសម្រួលដល់ជនមានពិការភាពទទួលបានព័ត៌មានផ្សេងៗ។
បើតាមសារលិខិតនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា ជនមានពិការភាពត្រូវបានផ្តល់អាទិភាពជ្រើសរើសឱ្យចូលបម្រើការងារនៅក្រសួង ស្ថាប័នរដ្ឋចំនួន ៤០ ដោយក្នុងឆ្នាំ ២០១៩ នេះសរុបមានចំនួន ២ ៨៦០ នាក់ (ស្ត្រី ៧៨៩)។ គ្រប់ក្រសួង ស្ថាប័នរដ្ឋកំពុងជ្រើសរើសឱ្យគ្រប់តាមអត្រាកំណត់ចំនួន ២ ភាគរយក្នុងឆ្នាំ ២០១៩។
ដោយឡែក វិស័យឯកជនចំនួន ១០២ អង្គភាពដែលបានចុះបញ្ជី បានជ្រើសរើសនិយោជិតមានពិការភាពសរុប ៣៧៩២ នាក់ស្មើ ២,៩៤ ភាគរយ (ស្ត្រី ២ ១៦២)។
លោក ហ៊ុន សែន បន្តថា ជនមានជនពិការភាពនៅតាមសហគមន៍ ចំនួន ១១ ៦២៨ នាក់បានទទួលផលប្រយោជន៍តាមរយៈការអនុវត្តការផ្តល់របបគោលនយោបាយ។ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ជនមានពិការភាពបានទទួលការសិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាមានចំនួនសរុប ៦០ ២៨៤ នាក់។
លោក ហ៊ុន សែន ឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ជនមានពិការភាពបានបង្កើតក្រុមជួយខ្លួនឯងចំនួន ១ ៩៥០ ក្រុម។ អង្គការជនមានពិការភាពមានប្រមាណ ៧០។ ជនមានពិការភាពចំនួនប្រមាណ ២៨ ០០០ នាក់ក្នុង ១ ឆ្នាំទទួលបានការផ្គត់ផ្គង់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និង ២៤៧ នាក់បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរក្នុងឆ្នាំ ២០១៩។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៥ វិច្ឆិកា ថា ក្រុមប្រឹក្សាសកម្មភាពជនពិការបានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពរយៈពេល ៥ ឆ្នាំទៅមុខគឺឆ្នាំ ២០១៩ និង ២០២៣។ ផែនការនេះមានការដាក់ចេញយុទ្ធសាស្ត្រ ៩ ដែលផ្តោតលើការធ្វើយ៉ាងណាឱ្យគុណភាពជីវិតរបស់ជនមានពិការភាពកាន់តែមានភាពប្រសើរឡើងព្រមជាមួយនឹងក្រុមគ្រួសារដែលមានពិការភាពផងដែរ។
លោក ឯម ច័ន្ទមករា ថ្លែងថា៖ «យើងក៏មានការផ្តោតទៅលើការអប់រំបន្ថែមលើអ្វីដែលជាការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺយើងផ្តោតទៅលើការអប់រំ។ ព្រោះថា ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលបានយល់ឃើញថា មានតែការវិនិយោគទុនទៅលើវិស័យអប់រំសម្រាប់ជនមានពិការភាពទេ ដែលអាចធ្វើឱ្យបងប្អូនមានពិការភាពក៏ដូចជាក្រុមគ្រួសាររបស់គាត់ហ្នឹងគេចផុតចេញពីភាពក្រីក្រ ឬមួយក៏អវិជ្ជា ជាហេតុធ្វើឱ្យមិនមានការបាត់បង់ធនធានសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើង»។
លោកបញ្ជាក់ថា ទៅមុខទៀតក្រុមប្រឹក្សាសកម្មភាពជនពិការរបស់លោកនៅតែពង្រឹងធ្វើយ៉ាងណាឱ្យចំនួនជនមានពិការភាពបានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នកាន់តែច្រើន ហើយមានតួនាទីនៅក្នុងមុខតំណែងរបស់ស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័នឯកជន។
លោក ច័ន្ទមករា ឱ្យដឹងថា បើយោងតាមទិន្នន័យអង្កេតសេដ្ឋកិច្ច និងសង្គមឆ្នាំ ២០១៤ ជនមានពិការភាពទូទាំងប្រទេសមានចំនួនសរុប ៥២៤ ០០០ នាក់ស្មើនឹង ៤ ភាគរយនៃប្រជាជនសរុប៕