កំពតៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត​ កាលពី​ម្សិលមិញ ​បាន​ជំរុញ​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម ​និង​សិប្បកម្ម ​រៀបចំ​សាង​សង់​ទំនប់​បង្ហៀរ​ទឹក​មួយ​ឲ្យបាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ សម្រាប់​ទប់​ទឹក​សមុទ្រ​កុំឲ្យ​ជន់ជោរ​ចូល​មក​ក្នុង​ព្រែក​ ដើម្បី​រួមចំណែក​ក្នុង​ការដោះ​ស្រាយ​វិបត្តិ​ទឹក​សាប​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ​បញ្ជាក់​ថា​៖​ «ខ្ញុំ​មិន​ខ្វល់ថា​ អ្នក​ណា​ត្រូវធ្វើ​​ឬ​មិនធ្វើ​នោះទេ ​តែ​ខ្ញុំ​ដឹង​តែពី​ធ្វើម៉េច​ ធ្វើ​ទំនប់​បង្ហៀរទឹក​នេះ​ឲ្យបាន​ បើពុំ​នោះទេ​អ្នកកំពត​នឹង​​ផឹកទឹក​ប្រៃ​នៅពេល​ខាងមុខនេះ ​បើ​ទោះជា​យើងមាន​​ម៉ាស៊ីន​សម្រាប់​កែច្នៃ​ទឹក​ស្អាត​នេះ​ក៏ដោយ»។

បើតាមលោក​នាយក​រដ្ឋមន្ត្រី ​គម្រោង​សាងសង់​ទំនប់​បង្ហៀរ​ទឹក​នោះ​ត្រូវការ​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ១ លាន​ដុល្លារ។ គម្រោងនេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការគាំទ្រ​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត ​ដែលជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិ​បាល​ជប៉ុន ​ដែលត្រូវ​បាន​សម្ពោធ​​ដាក់ឲ្យ​ប្រើប្រាស់​នាពេលនេះ ​មាន ដំណើរការ​ល្អ​ប្រកប​ដោយ​និរន្តរភាព ​ព្រោះ​វា​អាច​ជួយទប់​ទឹក​ប្រៃ​មិនឲ្យ​ហូរចូល​មក​ដល់​ចំណុច​ដែលត្រូវ​បូម​សម្រាប់​យក​មក​ស្តុក​ក្នុង​អាង​ចម្រាញ់​នៃ ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត ​ដើម្បី​ផលិត​ និង​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​អ្នកប្រើប្រាស់​ ខណៈ​កំណើន​ប្រជាពលរដ្ឋ ​និង ​វិនិយោគិន​​ នៅក្នុង​ខេត្ត​នេះ​មាន​កាន់​តែ​ច្រើន​ឡើង។

លោក​បានមានប្រសាសន៍ថា​៖ «​កា​រ​កើត​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុងខេត្ត​កំពត ​ដែល​កើត​ចេញ​ពី​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នាពេល​នេះ ​ជាការរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ​ការអភិ​វឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម ​ជាពិសេស ​ការទាក់ទាញ​ឲ្យមាន​ការវិនិយោគ ​កាន់តែ​ច្រើន​បន្ថែម​ទៀត​នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ​មួយ​​នេះ»។

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត ​ដែលមាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​សរុប ​ប្រមាណ​​ ១៣២៦០​ ម៉ែត្រ​គុប​ក្នុង​ ១ ថ្ងៃ ​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ខែ​កក្កដា ​ឆ្នាំ ២០១៦ ​ដល់ ​ខែ ​សីហា ​ឆ្នាំ ២០១៨ ​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិ​បាល​ជប៉ុន​នូវ​ទឹក​ប្រាក់ ​២៦ លាន​ដុល្លារ​​អាមេរិក។

លោក​ទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ​បាននិយាយថា ​វត្តមាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ថ្មីនេះ ​រួម​ជាមួយ​បណ្តាញ​ចែកចាយ​សរុប​ប្រវែង​ ១៧៦.៩ គីឡូ​ម៉ែត្រ ​ធ្វើឱ្យ​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​កំពត​អាចមាន​លទ្ធភាព​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដែលមាន​គុណភាព​ សុវត្ថិ​ភាព ​និរន្តរភាព ​និង​តម្លៃ​សមរម្យ ​ដោយ​គិត​ជាថ្លៃ​មធ្យម ​១ ៤០០ រៀល​ក្នុង ១ ម៉ែត្រ​គុប ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្រុង​កំពត ​និង​ស្រុក​ទឹក​ឈូ ​សរុប​ជាង​ ១៣ ០០០​ គ្រួសារ។

លោក​ ប្រសិទ្ធ​ បន្តថា​៖ «ប្រព័ន្ធ​​ផ្គត់ផ្គង់​ទឹក​ស្អាតនេះ ​ក៏ជា​ការរួម​ចំណែក​ធ្វើឱ្យ​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​កំពត ​សម្រេច​បាន​នូវ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង​ ទី​ប្រជុំ​ជន​ឱ្យបាន​ ៩០% ត្រឹម​ឆ្នាំ ២០២៣ ​និង ​១០០% ​ត្រឹម​ឆ្នាំ ២០២៥ ​សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ ក៏ដូចជា​សម្រាប់​ផលិតកម្ម ​និង​សេវាកម្ម​នានា»។

ខេត្ត​កំពត ​គឺជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ ​ដែលមាន​សក្តានុពល​អភិវឌ្ឍន៍​ទេសចរណ៍ ​និង​កំពង់ផែ​សមុទ្រ។ ក្នុង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ខេត្ត​កំពត​មានការ​ប្រែប្រួល​រីកចម្រើន ​ខាងផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គួរឲ្យ​កត់សម្គាល់ ​និង​កំណើន​នៃការ​អភិវឌ្ឍសេដ្ឋកិច្ច​ និង​សង្គម។ ជាមួយ​គ្នានោះ​តម្រូវ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ក៏មាន​ការកើនឡើង​ជាខ្លាំង​ផងដែរ។

អាងចម្រោះទឹកស្អាត។ FN/SPM

លោក ​ទី គៀន ​ប្រធាន​ផ្នែក​បណ្ដាញ​ទឹក​ស្អាត​ខេត្ត​កំពត ​បាននិយាយថា​ កន្លងមក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ខេត្ត​កំពត​បាន​ជួប​ប្រទះ​ការខ្វះខាត​យ៉ាង​ខ្លាំង​ ដោយសារ​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹកស្អាត​ចាស់​នៅក្នុង​ខេត្តនេះ ​ដែលបាន​កសាង​ឡើង​តាំង​ពី​ ៥០ ឆ្នាំ​មុននោះ​ មានសមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ប្រហែល ​៦ ០០០ ​ម៉ែត្រគុប​ប៉ុណ្ណោះ​ក្នុង​ ១​ ថ្ងៃ​ ខណៈ​តម្រូវការ​ប្រើប្រាស់​​មាន​ដល់​ ៧ ៥​០០ ម៉ែត្រគុប​ក្នុ ​១ ថ្ងៃ។

លោក​ គៀន និយាយថា​៖ «ប្រព័ន្ធ​​ផ្គត់ផ្គង់​ទឹក​ស្អាត​ថ្មីនេះ ​នឹង​ជួយ​កាត់​បន្ថយ​ការខ្វះខាត​ទឹក​ស្អាត​នៅក្នុង​ខេត្ត​នេះ​ ដោយ​សា​រប្រព័ន្ធ​ថ្មីនេះ​មានសមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ច្រើន​ជាង​២​ដង​បើ​ធៀបទៅ​នឹង​ប្រព័ន្ធ​ចាស់​របស់​យើង​កាល​ពីមុន»។

បើតាម​លោក គៀន ​ប្រភព​ទឹក​ដែលអង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​កំពត​បានបូម​យក​មក​ស្តុកទុក​ក្នុងអាង​ចម្រោះ ​ដើម្បី​ផលិត​ចេញ​ជាទឹក​ស្អាត​សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​នោះ ​គឺបាន​មកពី​ប្រភព​ទឹក​ឈូ​ខេត្ត​កំពត ​ដែល​មាន​គុណភាព​ល្អ​ជាង​គេ ​បើធៀប​នឹង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត។

លោក​បន្តថា​៖ «ទោះយ៉ាង​ណា ​យើង​ចាំបាច់​ត្រូវធ្វើ​ការចម្រោះ​ចម្រាញ់​វា​ឲ្យ​ស្អាត​ ដើម្បីឲ្យ​ប្រាកដថា ​វាមាន​សុវត្ថិភាព»។

ការដាក់​ឲ្យដំណើរការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ថ្មីនេះ ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​មានក្ដី​ត្រេកអរ​ឥត​ឧបមា ​និង​រំពឹង​ថា​ ក្រុមការងារ​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​នៃ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​កំពត​ រត់​បំពង់​មេ​ និង​ភ្ជាប់​បណ្ដាញ​​ទុយោទឹក​ជូនដល់​ពួក​គាត់​បាន​ប្រើ​ប្រាស់​គ្រប់ៗ​គ្នា។

លោក​ សុខ ជា អាយុ​ ៥៤ ឆ្នាំ ​រស់​នៅ​ភូមិ​ចង្អោន ​ឃុំ​ព្រែក​ត្នោត ​ស្រុកទឹក​ឈូ ​ខេត្ត​កំពត ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​នៅពេល​នេះ​ការភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​នៅ​មិន​ទាន់​បាន​ទៅ​ដល់​ភូមិ​របស់​គាត់​នៅ​ឡើយ​ទេ។

ដោយ​សារ​បច្ចុប្បន្ន ​ជារដូវ​ក្ដៅ​ និងមាន​ភាព​ហួតហែង​ស្ទើរ​គ្រប់​កន្លែង​ ហើយ​ភូមិ​របស់​គាត់​ជាប់​មាត់​សមុទ្រ​ ដូច្នេះ​ពួកគាត់​ជួប​ប្រឈម​នូវ​កង្វះ​ខាត​ទឹក​ស្អាត​ប្រើ​ប្រាស់​យ៉ាង​ខ្លាំង។

លោកនិយាយថា​៖ «ថ្វី​បើ​ពេលនេះ ​ភូមិ​របស់​យើង​ខ្ញុំ​នៅ​ពុំទាន់​មានការភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​មកដល់ ​ប៉ុន្តែ​យើង​រីករាយ​ជាមួយ​សមិទ្ធផល​ដែលបាន​បង្កើត​ឡើង​ថ្មីនេះ ​ហើយ​រំពឹងថា​មិនយូរ​មិន​ឆាប់ ​ពួកយើង​នឹង​ទទួលបាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ទាំង​អស់​គ្នា»។

​អ្នកស្រី សេន រ៉ូទីយ៉ាស់​ ​រស់នៅ​ភូមិ​ដូនតោក​ ឃុំ​ត្រើយ​កោះ​ ស្រុក​កំពង់​បាយ​ ខេត្ត​កំពត​ ​និយាយ​​ថា ​កាលពីមុន​ការផ្គត់​ផ្គង់​ទឹក​មាន​ភាព​រអាក់​រអួល​ និង​ខ្វះខាត​ជាខ្លាំង។ ទឹក​ដែល​បាន​​បញ្ជូន​មក​ផ្គត់ផ្គង់​ទៀតសោត​មាន​កករ​ដី ​ពោល​គឺ «គ្មាន​សុវត្ថិភាព​» ។

អ្នកស្រី​បញ្ជាក់​ថា​៖ «នៅ​ពេល​នេះ​ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ ​ព្រោះ​ខ្ញុំ​មានទឹក​ប្រើប្រាស់​គ្រប់​គ្រាន់​ ហើយ​ទឹកថ្លា​ល្អ​ និង​មាន​អនាម័យ​​ដល់​សុខភាព»៕