ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា សំណុំរឿង​លោក កឹម សុខា នឹង​មិន​ត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​តាមរយៈ​ការទម្លាក់​បទចោទ ឬ​ត្រូវ​បាន​លើកលែង​ទោស​ដោយ​ព្រះមហាក្សត្រ​នោះ​ទេ ដរាប​ណា​សំណុំរឿង​នៃ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ​នៅ​មិនទាន់​មាន​ការជំនុំជម្រះ​ទោស​ផង​នោះ​។

ថ្លែង​ក្នុង​ពេល​ធ្វើជា​អធិបតី​នៃ​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ជិត​ ២ ​ពាន់​នាក់​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពី​ម្សិលមិញ​លោក​ ហ៊ុន សែន ដែល​មិន​លើក​ចំឈ្មោះ​លោក កឹម សុខា បាន​ថ្លែងថា​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​របស់​មនុស្ស​ម្នាក់​រួមទាំង​មាន​ការបិទ​ការស៊ើបសួរ​ដោយ​តុលាការ​។ លោក​បន្ថែម​ថា ការវិវត្ត​ចុងក្រោយ​ ២ ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​វិភាគ​ថា​លោក កឹម សុខា នឹង​មាន​សេរីភាព​នាពេល​ឆាប់ៗ​ ឬ​មាន​ការវិវត្ត​ផ្សេងទៀត​។

ប៉ុន្តែ​លោក​ ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់​ថា​៖ «​អើ​! ប៉ាន់ស្មាន​ខ្លួនឯង​ទៅ ក៏ប៉ុន្តែ​ត្រូវ​ចាំ​ណា ដំណើរការ​ក្ដី​មួយ​នេះ​មិនមែន​ត្រូវធ្វើ​ ១ ​ថ្ងៃ ២ ​ថ្ងៃ ១ ​ខែ​ឬ​ ២ ​ខែ​ទេ វា​ត្រូវ​ប្រើ​រយៈពេល​វែង​។ រួចហើយ​មាន​អ្នកខ្លះ​ថា បន្តិច​ទៀត​គេ​លើកលែង​ទោស​ហើយ ព្រះមហាក្សត្រ​លើកលែង​ទោស​។ បើ​មិនទាន់​កាត់ទោស​ផង​ តើ​ព្រះមហាក្សត្រ​មាន​ទោស​ឯណា​សម្រាប់​លែង​»​។ លោក​បាន​បន្តថា ការបើក​សវនាការ​ជម្រះ​ក្ដីនា​ពេលណា​នោះ គឺជា​រឿង​របស់​តុលាការ ដែល​លោក ឬ​រដ្ឋាភិបាល​មិន​ជ្រៀតជ្រែក​ទេ​។

ក្រៅពី​ករណី​លោក​ កឹម សុខា លោក​ក៏បាន​ពន្យល់​អំពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​អាណត្តិ​បន្ទាប់​។ លោក​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​កំណត់ ការបោះឆ្នោត​អាណត្តិ​ក្រោយ​សម្រាប់​ឃុំ​សង្កាត់​គឺ​នឹង​ធ្វើ​នៅ​ខែ​ឧសភា ឆ្នាំ​ ២០២២​។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នឹង​ធ្វើ​នៅ​ខែ​កក្កដា ឆ្នាំ​ ២០២៣​។ លោក​ក៏បាន​ប្រាប់​កុំ​ឲ្យ​មន្ត្រី​ថ្នាក់មូលដ្ឋាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​មាន​សង្ឃឹមថា​ទទួល​បាន​តំណែង​នោះ​ឡើងវិញ ឬ​ទទួល​បាន​ប្រាក់ខែ​របស់​ពួកគេ​។

លោក​មានប្រសាសន៍​ថា​៖ «​អ្នកខ្លះ​នៅ​តែ​ចិញ្ចឹមចិត្ត​ថា អញ​នឹង​បាន​ធ្វើ​មេឃុំ អញ​នឹង​បាន​ធ្វើ​ចៅសង្កាត់ អញ​នឹង​ធ្វើ​ជំទប់ អញ​នឹង​បាន​ធ្វើ​នេះ រួចហើយ​គេ​សង​ប្រាក់ខែ​ត្រឡប់​មក​វិញ ជិត​បាន​ហើយៗ​។ អត់​ទេ​! ការបោះឆ្នោត​ត្រូវ​ធ្វើ​នៅក្នុង​ខែ​ឧសភា ឆ្នាំ​ ២០២២ នេះ​តាម​ការគ្រោងទុក​។ វា​ជា​អាណត្តិ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ អ៊ីចឹង​អ្នក​នៅក្នុង​តំណែង​ឃុំ​សង្កាត់​បច្ចុប្បន្ន​គឺ​នៅ​បន្ត អ្នក​ដែល​នៅ​ក្រៅ គឺ​នៅក្រៅ​»​។

ក្រៅ​តែពី​ការបញ្ជាក់​ករណី​លោក​ កឹម សុខា និង​ការបោះឆ្នោត​ក៏​ដូចជា​តំណែង​នៅ​ថ្នាក់មូលដ្ឋាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន សែន បាន​លើក​ជា​ចម្ងល់​ចំពោះ​ការប្រកាស​វិលត្រឡប់​របស់​លោក សម រង្ស៊ី ដែល​អះអាង​ថា​ធ្វើឡើង​ដោយ​សន្តិវិធី ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​មានការ​បង្វែរ​ចុងកាណុង​ទៅ​រក​លោក​នាយក​រដ្ឋមន្ត្រី​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​វា​មិន​ដែល​អាណា​ចូលដល់​ថ្នាក់​អំពាវនាវ​ដល់​កងទ័ព ហើយ​រកលុយ​ឱ្យ​កងទ័ព​ធ្វើ​ជា​កម្លាំង​ប្រដាប់អាវុធ​ដើម្បី​ធ្វើការ​តស៊ូ ប៉ុន្តែ​សន្តិវិធី​។ និយាយ​នោះ​គឺថា​វា​ផ្ទុយគ្នា បាយបិណ្ឌ​ជា​បាយបាត្រ​។ អ៊ីចឹង​ទេ​រាជរដ្ឋាភិបាល​អត់​មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ធានា​ធ្វើ​ម៉េច គឺ​ធានា​ដោយ​តម្លៃ​ណា​ក៏ ដោយ​ភាសា​ «​ដោយ​តម្លៃ​ណាក៏ដោយ​» ភាសា​នេះ​គេ​អាច​យល់បាន​ដោយ​តម្លៃ​ណាក៏ដោយ​ត្រូវ​ការពារ​ប្រជាពលរដ្ឋ​ឱ្យ​បាន​សិន​។ ចៀសវាង​ការស្លាប់ ការខូចខាត ធ្វើឱ្យ​ចលាចល​ក្នុង​ប្រទេស​»​។

ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី បានប្រកាស​ចូល​កម្ពុជា​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា កន្លង​ទៅ ប៉ុន្តែ​លោក​ខកខាន ហើយ​រដ្ឋាភិបាល​បាន​ចាត់ទុក​ថា ការខកខាន​នេះ​ជា​បរាជ័យ​ទាំងស្រុង​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា​ការប្រកាស​វិលត្រឡប់​នេះ​ធ្វើឱ្យ​ពលរដ្ឋ​ខ្លះ​មាន​ការបារម្ភ ដោយ​អ្នកខ្លះ​បាន​ដក​ប្រាក់​ពី​ធនាគារ ឬ​ទិញ​របស់របរ និង​ចាក់​សាំង​ត្រៀម​។ ទោះយ៉ាងណា​លោក​កោតសរសើរ​ដល់​ទីផ្សារ​ដែល​មិនបាន​ដំឡើង​ថ្លៃ​ទំនិញ​នានា​ក្នុង​ពេល​ដែល​ពលរដ្ឋ​មាន​ក្ដីកង្វល់​នេះ​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​យល់ថា ករណី​លោក កឹម សុខា អាច​ដោះស្រាយ​បាន​ក្រោយពេល​តុលាការ​បញ្ចប់​នីតិវិធី​តាម​ផ្លូវច្បាប់ គឺ​ការស្នើសុំ​ការលើកលែង​ទោស​ទៅ​ព្រះមហាក្សត្រ​៕

វីដេអូ៖