ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការចំពោះម្ចាស់គណនីមួយចំនួនដែលមានចេតនាបង្ហោះព័ត៌មានមិនពិតពីជំងឺកូរ៉ូណាថ្មី ស្របពេលរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានជំរុញដល់មន្ត្រីគ្រប់ផ្នែកពិនិត្យតាមដានព័ត៌មានមិនពិត និងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីការពារកុំឲ្យព័ត៌មានមិនពិតបង្កផលប៉ះពាល់ដល់សង្គម។
ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ ពីម្សិលមិញលោក ហ៊ុន សែន ព្រមានចាត់វិធានការលើគណនីដែលមានចេតនាអាក្រក់ក្នុងការបំផុសព័ត៌មានមិនពិត ដើម្បីបង្កចលាចលក្នុងប្រទេស។ លោកថាអ្នកមានចេតនាអាក្រក់យ៉ាងដូច្នេះ គឺមិនប្រើប្រាស់វិធានការអប់រំនោះទេគឺត្រូវប្រើប្រាស់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងតែម្តង។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ព័ត៌មានពិតចេញពីកម្ពុជា [ផេក] ថា ស្លាប់រាប់រយនាក់ តែរដ្ឋាភិបាលលាក់ [ជំងឺកូរ៉ូណា]។ សុំកូនក្មួយបង្ហោះព័ត៌មានមិនពិតនេះ តើព័ត៌មាននេះក្មួយ ឬកូន ឬអ្នក ឬបង ឬប្អូន ឬពូ ឬមីង បានទទួលផលចំណេញអ្វីទៅពីការផូស្តព័ត៌មានមិនពិតនេះ? បើនៅក្នុងស្រុកបានត្រឹមតែគុកតែប៉ុណ្ណឹង»។
លោកបន្ថែមថា៖ «ពិតមែនហើយ ខ្ញុំបានឲ្យយកវិធានការអប់រំដែលវិធានការអប់រំបានធ្វើចំពោះអ្នកដែលបានបង្ហោះព័ត៌មានទៅ រួចហើយបានដកព័ត៌មាននេះវិញ សុំកែតម្រូវ។ អាហ្នឹងវិធានការផ្លូវច្បាប់មិនត្រូវប្រកាន់យកទេ គឺយកវិធានការអប់រំ។ ប៉ុន្តែករណីលួចលាក់បំផុសព័ត៌មាន [មិនពិត] នេះគឺវិធានការផ្លូវច្បាប់ត្រូវបានប្រកាន់យក។ បើសិនជាបង្ហោះនៅក្នុងស្រុកអ្នករត់មិនរួចទេពិបាករត់ណាស់។ ប៉ុន្តែខ្ញុំគ្រាន់តែសួរទៅអ្នកថា អ្នកបានទទួលផលចំណេញអ្វីទៅពីការធ្វើព័ត៌មានឲ្យប្រជាជនភ័យខ្លាច រាប់ទាំងក្រុមគ្រួសាររបស់អ្នកដែរ»។
រីឯលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាននាថ្ងៃទី ១០ កុម្ភៈ បានកោតសរសើរចំពោះលទ្ធផលការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ជំនាញទាំងអស់នៃក្រសួងព័ត៌មានដែលបានប្រឹងប្រែងសហការគ្នាសម្រេចបានលទ្ធផលការងារជាច្រើន។
ក្នុងនោះលោករដ្ឋមន្ត្រីក៏ជំរុញឲ្យមន្ត្រីគ្រប់ផ្នែកគ្រប់ជំនាញរបស់ក្រសួងទាំងអស់ត្រូវអនុវត្តតាមផ្លូវច្បាប់ចំពោះអង្គភាពដែលផ្សាយព័ត៌មានបំផ្លើស ក្លែងក្លាយ។ ចំពោះស្ថាប័នផ្សព្វផ្សាយរបស់ជាតិត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បីបន្សាបព័ត៌មានមិនពិតឲ្យបានទាន់ពេលពេលវេលា។ នេះបើតាមការដកស្រង់សម្តីរបស់លោកនៅលើគេហទំព័រក្រសួងព័ត៌មានដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១០ ខែកុម្ភៈ។
លោក កាញារីទ្ធ ថ្លែងថា៖ «បន្ដឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកើតមានឡើងនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមដែលនាំឲ្យមានការបំពុលដល់សង្គមធ្វើឲ្យមានការយល់ច្រឡំ ពិសេសបញ្ហាជំងឺផ្លូវដង្ហើមកូរ៉ូណាដែលមានផេក និងអាខោន Facebookខ្លះបានសរសេរផ្សព្វផ្សាយព័ត៌មានមិនពិត»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងព័ត៌មានមានគណៈកម្មការមួយដើម្បីតាមដានលើប្រព័ន្ធផ្សព្វផ្សាយ ដូចជា កាសែត វិទ្យុ ទូរទស្សន៍ និង នៅលើទំនាក់ទំនងបណ្តាញសង្គម។ លោក បន្តថាការផ្សព្វផ្សាយព័ត៌មានលើកាសែត ទស្សនាវដ្តីក្នុងបច្ចុប្បន្នលែងចោទជាបញ្ហាសម្រាប់កម្ពុជាហើយ។ ដោយឡែកការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម និងអនឡាញគឺកំពុងតែជាបញ្ហាចោទក្នុងយុគសម័យបច្ចុប្បន្ននេះដែលទាមទារឲ្យមានវិធានការច្បាស់លាស់។
លោក សុវណ្ណ បន្ថែមថា ចំពោះវិធានការដែលក្រសួងព័ត៌មានកំពុងអនុវត្ត គឺមានដូចជា ការប្រើប្រាស់យន្តការមួយក្នុងគណៈកម្មការដែលមានសមាជិកជាមន្ត្រីរបស់ក្រសួងពាក់ព័ន្ធដើម្បីរួមគ្នាតាមដាន និងបញ្ជូនព័ត៌មានឲ្យគ្នាទៅវិញទៅមក នៅពេលមានការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីឈានដល់វិធានការតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «យើងមានប្រកាសអន្តរក្រសួងដោយមានក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍រួមគ្នាជាមួយក្រសួងព័ត៌មាន ដោយមានចែងច្បាស់ហើយថា អ្នកណាចុះបញ្ជីនៅក្រសួងណា ក្រសួងនោះនឹងចាត់វិធានការនៅពេលមានភាពមិនប្រក្រតី និងការបង្ហោះព័ត៌មានមិនពិត ដោយការអញ្ជើញពួកគាត់មកធ្វើការអប់រំ កែតម្រូវទៅតាមកំហុសមុននឹងដាក់ទោសទណ្ឌតាមច្បាប់»។
លោក សុវណ្ណ បានបន្ថែមថា៖ «បើក្នុងករណីទំព័រហ្វេសប៊ុកហ្នឹងមិនចុះបញ្ជីត្រឹមត្រូវ ឬមានការគ្រប់គ្រងពីក្រៅប្រទេសអី គឺក្រសួងព័ត៌មាននឹងជូនដំណឹងទៅក្រសួងពាក់ព័ន្ធ ដើម្បីចាត់វិធានការបន្តដែលនេះ គឺជាយន្តការរបស់យើង»។
ក្រៅពីយន្តការទាំងនេះលោកបញ្ជាក់ដែរថា ក្រុមហ៊ុនហ្វេសប៊ុកក៏បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយកម្ពុជា ដើម្បីចាត់វិធានការចំពោះគណនីណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងជំងឺកូរ៉ូណាប្រភេទថ្មីផងដែរ៕