
លោក ហ៊ុន សែន ថ្លែងសារបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាពីម្សិលមិញ។ រូប SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ជាផ្លូវការហើយ ក្រោយពីស្ថានភាពនៃជំងឺកូវីដ ១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង ដែលការថ្លែងសារពិសេសនេះលោកបានធ្វើឡើងពីគេហដ្ឋានរបស់លោកនាក្រុងតាខ្មៅ ខេត្តកណ្តាល ពីម្សិលមិញ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំសូមប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយតើហេតុអ្វីបានជាខ្ញុំត្រូវប្រកាសបិទបញ្ចប់នៅពេលនេះ ដែលកាលពីថ្ងៃទី ១៥ ខែធ្នូ ខ្ញុំបានប្រមើលមើលថា ការបិទបញ្ចប់គឺអាចទៅដល់ដើមខែមករា ឬពាក់កណ្តាលខែមករា។ មានមូលហេតុ ៣ សំខាន់ៗដែលយើងអាចឈានទៅដល់បញ្ចប់នៃព្រឹត្តិការណ៍ ២៨ វិច្ឆិកា បាន»។
បើតាមលោកនាយករដ្ឋមន្ត្រីមូលហេតុចំនួន ៣ សំខាន់ៗដែលធ្វើឱ្យលោកអាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺស្ថានការណ៍គ្រប់គ្រងបានទាំងស្រុង ចំពោះព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ មិនមានការរកឃើញនូវអ្នកដែលមានកូវីដ១៩ក្នុងរយៈពេល ១៤ ថ្ងៃ និងបានព្យាបាលជាសះស្បើយចំនួន ៣៨ នាក់ក្នុងចំណោមអ្នកដែលបានឆ្លងក្នុងសហគមន៍ចំនួន ៤១ នាក់ និងមិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ ផងដែរ។
មូលហេតុទី ២ គឺការគ្រប់គ្រងពលករមកពីប្រទេសថៃ ដោយមិនមានការរកឃើញអ្នកឆ្លងកូវីដ ១៩ ចូលប្រទេសកម្ពុជា និងទី ៣ គឺកម្ពុជានៅតែគ្រប់គ្រងអ្នកជំងឺដែលចូលមកតាមជើងយន្តហោះចូលមកប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះកម្ពុជាក៏មិនហាមឃាត់ជនបរទេសពីការចូលមក ក្នុងប្រទេសដែរ រួមទាំងជនជាតិអង់គ្លេសដែលប្រទេសនេះបាននិងកំពុងកើតមាននូវទម្រង់ថ្មីនៃកូវីដ១៩។
លោក ហ៊ុន សែន ក៏បានកោតសរសើរចំពោះក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ដែលបានប្រឹងប្រែងទប់ស្កាត់នូវការរីករាលដាលនៃវីរុសកូវីដ ១៩នេះ។ លោកក៏បានថ្លែងអំណរគុណដល់អង្គការដៃគូទាំងអស់រួមមាន អង្គការសុខភាពពិភពលោក (WHO) វិទ្យាស្ថានប៉ាស្ទ័រ និងមជ្ឈមណ្ឌល គ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកដែលបានរួមចំណែកក្នុងការបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយសំខាន់ជាងនោះគឺមិនឱ្យមានការរីករាលដាល។
លោកថ្លែងថា៖ «ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ ៣ គឺទី១ ការនាំចូល ទី២ ការឆ្លងចូលក្នុងសហគមន៍ និងសមរភូមិ ទី៣ គឺការព្យាបាលឱ្យជាសះស្បើយនៃអ្នកជំងឺកូវីដ ១៩ ដែលក្នុងចំណោមអ្នកឆ្លងក្នុងកម្ពុជាទាំងអស់ ៣៦៤ នាក់ បានព្យាបាលជាសះស្បើយ ចំនួន ៣៦០ នាក់រួចមកហើយ។ នៅសល់តែ ៤ នាក់ទៀតប៉ុណ្ណោះដែលកំពុងព្យាបាល។ យើងបានធ្វើការងារនេះយ៉ាងហ្មត់ចត់»។
លោកបញ្ជាក់ថា ទោះបីជាកម្ពុជាបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក៏ដោយ ក៏មិនមែនមានន័យថា កូវីដត្រូវបានបញ្ចប់នោះទេ បើសិនជាប្រហែសតែបន្តិចនឹងមានភាពធ្ងន់ធ្ងរហើយ។ ត្រូវបន្តចូលរួមប្រយុទ្ធដោយមិនឱ្យមានការកើតឡើងជាថ្មីក្នុងការឆ្លងចូលសហគមន៍ឡើយ។
លោកនាយករដ្ឋមន្ត្រីក៏បានលើកនូវវិធានដែលត្រូវប្រកាន់យកគឺ ៣ ការពារ និង ៣ កុំ។ ជាមួយគ្នានោះ ការជួបជុំត្រូវរក្សាគម្លាតសុវត្ថិភាព គឺ ១ ម៉ែត្រកន្លះឡើងជំនួសឱ្យការកំណត់ចំនួនមនុស្សជួបជុំគ្នា។ ដូចនេះការជួបជុំគ្នាបានច្រើន ឬតិចអាស្រ័យលើទំហំនៃទីកន្លែងនោះ។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មានចំនួន ៤១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៨ នាក់ និងនៅតែ ៣ នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។
នាឱកាសនោះលោក ហ៊ុន សែន ក៏បានប្រកាសថាកម្ពុជាកំពុងត្រៀមជំនួយម៉ាស់ និងបរិក្ខារពេទ្យប្រឆាំងនឹងវីរុសកូវីដ ១៩ ទៅដល់ប្រទេសនេប៉ាល់ ដោយសារប្រទេសនេះមានការឆ្លងច្រើន បន្ទាប់ពីកម្ពុជាបានផ្តល់បរិក្ខារទាំងនេះទៅដល់ប្រទេសឡាវ ភូមា និងប្រទេសទីម័រខាងកើតរួចហើយផងដែរ។
ទន្ទឹមនឹងនេះសម្រាប់ការត្រៀមទិញវ៉ាក់សាំងការពារកូវីដ ១៩ គិតត្រឹមថ្ងៃទី ២៨ ខែធ្នូ រាជរដ្ឋាភិបាលទទួលបានពីសប្បុរសជននានា រួមទាំងព្រះមហាក្សត្រ និងសម្តេចម៉ែផងដែរ ដែលសរុបជាង ៥៥ លានដុល្លារអាមេរិក។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «គោលការណ៍របស់ប្រទេសកម្ពុជាគឺចាក់វ៉ាក់សាំងមិនយកលុយ ហើយចាក់ដោយការស្ម័គ្រចិត្ត។ អ្នកមិនទុកចិត្ត គឺកុំចាក់»។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងមាន ៣ គឺច្រកទី១ តាមរយៈ COVAX ដែលមានសមាជិករហូតដល់ទៅ ៩២ ប្រទេស។ COVAX នឹងផ្តល់ ២០% ទៅនឹងចំនួនមនុស្សដែលស្មើនឹង ៣,២ លាននាក់ក្នុងនោះកម្ពុជាមានបដិភាគ ៥%។ ប៉ុន្តែតម្រូវការកម្ពុជា គឺត្រូវចាក់ឱ្យបានលើស ៨០% ដែលគិតជាចំនួនមនុស្សគឺកម្ពុជាត្រូវការចាក់វ៉ាក់សាំងទៅលើមនុស្សប្រមាណជា ១៣ លាននាក់។ ច្រកទី២ គឺ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេសដោយស្វែងរកដៃគូជាទ្វេភាគី និងពហុភាគីដើម្បីរកជំនួយឥតសំណង និងការផ្គត់ផ្គង់វ៉ាក់សាំងក្នុងតម្លៃសមរម្យ ឯទ្វារទី៣ គឺការចរចាផ្ទាល់ជាមួយក្រុមហ៊ុនវ៉ាក់សាំងតែម្តង។
លោកថ្លែងថា៖ «ចំនួននេះជាចំនួនមួយដ៏ធំដែលយើងត្រូវធ្វើ ប៉ុន្តែដាច់ខាតត្រូវតែធ្វើ ព្រោះយើងមិនអាចទុកឱ្យប្រជាជនយើងអត់មានអ្វីការពារខ្លួននោះទេ។ តែបញ្ហាគឺមិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកឡើយ។ យើងទិញតែវ៉ាក់សាំងណាដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ទោះបីជាវ៉ាក់សាំងរបស់ប្រទេសណាក៏ដោយ»។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា លោកមិនបានទាត់ចោលវ៉ាក់សាំងចិនទេ ហើយលោកក៏មិនបាននិយាយពីវ៉ាក់សាំងប្រទេសណាមួយដែរ។ ប៉ុន្តែបើអង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំងចិន រុស្ស៊ី ឬរបស់អង់គ្លេស ឬប្រទេសផ្សេងលោកនឹងទិញពីប្រទេសនោះ៕